ចង់ធ្វើជាអ្នកដឹកនាំដ៏ជោគជ័យម្នាក់នៅក្នុងស្ថាប័នណាក៏ដោយ អ្នកត្រូវមានជំនាញទន់ ១៦ នេះ!
ពាក្យថា "អ្នកដឹកនាំឆ្នើម" មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាអាចធ្វើបាននោះឡើយ។ វាជាការងារដ៏លំបាកមួយ ត្បិតអីក្រៅពីការមានចំណេះដឹងជំនាញជ្រៅជ្រះ វាក៏ទាមទារឲ្យបុគ្គលនោះមានកិរិយាមារយាទក្រមសីលធម៌ខ្ពស់ដើម្បីដឹកនាំស្ថាប័នឲ្យរីកចម្រើន និងផ្តល់ភាពជាគំរូសម្រាប់មនុស្សក្រោមបង្គាប់គ្រប់ជាន់ថ្នាក់។
តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីធ្វើជាអ្នកដឹកនាំម្នាក់? មុននឹងឆ្លើយសំនួរនេះបាន អត្ថបទនេះចង់ឲ្យអ្នកសិក្សាស្វែងយល់ពីជំនាញទន់ (Soft Skill) ចំនួន ១៦ ជាមុនសិនដែលវាសំខាន់ និងចាំបាច់ដើម្បីធ្វើជាអ្នកដឹកនាំគេមួយរូប។
១.ជាអ្នកស្តាប់ដ៏ពូកែ
សូមចាំថា នៅក្នុងការទំនាក់ទំនងការងារប្រចាំថ្ងៃ ការទំនាក់ទំនងដ៏ល្អបំផុតមិនត្រឹមតែជាអ្នកដែលមានជំនាញក្នុងការបញ្ចេញគំនិតមតិយោបល់ផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកក៏ត្រូវរៀបចំខ្លួនជាអ្នកស្តាប់ម្នាក់ដ៏ពូកែផងដែរ និងបើកចិត្តឲ្យទូលាយទទួលយកគំនិតយោបល់ល្អៗរបស់មនុស្សជុំវិញខ្លួន។
២.បង្កើតបរិយាកាសទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា
សមត្ថភាពក្នុងការធ្វើឲ្យមានទំនាក់ទំនងល្អ គឺពិតជាចាំបាច់ដើម្បីបង្កើត និងរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។ នេះវាទាមទារឲ្យអ្នកដឹកនាំមានភាពស្ទាត់ជំនាញក្នុងការផ្លាស់ប្ដូរមតិយោបល់ អាចគ្រប់គ្រងបុគ្គលិកកាន់តែច្រើន អត្តចរិតសុភាពរាបសារ បង្ហាញទំនុកចិត្ត គាំទ្រលើអំណះអំណាងដោយផ្អែកលើការពិត មានភាពហ្មត់ចត់ច្បាស់លាស់ និងបង្កើតបរិយាកាសទំនាក់ទំនងគ្រប់រូបភាពប្រកបដោយផលិតភាព។
៣.ប្រើប្រាស់ភាសាកាយវិការឲ្យបានត្រឹមត្រូវ
អ្នកត្រូវប្រើកាយវិការភាពជាអ្នកដឹកនាំព្រោះវាសំខាន់លើសពីពាក្យសម្ដីរបស់អ្នកទៅទៀត។ មិនច្រងេងច្រងាង ប្រើក្រសែភ្នែកត្រង់ៗដោយការគោរពទៅកាន់មនុស្សដែលអ្នកកំពុងនិយាយ មិនត្រង់ឈរជ្រែងដៃដាក់ចូលក្នុងហោប៉ៅ អង្គុយអន្ទាក់ខ្លាក្នុងចំណោមអ្នកមុខអ្នកការ ឈរឬអង្គុយខ្វែងដៃ ពោលគឺត្រូវប្រាកដថា ភាសាកាយវិការត្រូវមានភាពស៊ីចង្វាក់គ្នាទៅនឹងភាសាដែលអ្នកចង់និយាយ។
៤.ហ៊ាននិយាយព័ត៌មានមិនល្អឲ្យមនុស្សគ្រប់គ្នាបានដឹង
អ្នកដឹកនាំក៏ជាអ្នកហ៊ានផ្តល់ដំណឹងមិនល្អដល់មនុស្សក្រោមបង្គាប់ដែរ។ ទោះជាអ្នកគ្រប់គ្នាមិនចង់ស្តាប់វា ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំនេះជាទង្វើមួយបង្ហាញថា អ្នកជាមនុស្សស្មោះត្រង់ មានការទទួលខុសត្រូវ ហើយបន្ទាប់មកផ្តល់ឱកាសឲ្យមនុស្សក្រោមបង្គាប់របស់អ្នកលើកយោបល់ពិភាក្សា បញ្ចេញយោបល់ម្នាក់បន្តិចៗ។
៥.រៀននិយាយពាក្យបដិសេធន៍ដោយឈ្លាសវៃ
អ្នកដឹកនាំម្នាក់ត្រូវហ៊ាននិយាយបដិសេធន៍នូវគំនិត យោបល់ ឬសំណើណាមួយដោយភាពឈ្លាសវៃ។ ការបដិសេធន៍របស់អ្នកមិនត្រូវសម្លាប់ចិត្តពួកគេនោះទេ ពោលគឺត្រូវនិយាយបដិសេធន៍ក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពួកគេថា អ្នកយល់ពីអារម្មណ៍ និងស្ថានភាពរបស់ពួកគេ ព្រមទាំងពន្យល់ពួកគេឲ្យបានច្បាស់នូវហេតុផលដែលអ្នកបដិសេធន៍ផងដែរ។
៦.ជំនាញចរចា
អ្នកដឹកនាំត្រូវមានសមត្ថភាពក្នុងការចរចាបានគ្រប់ស្ថានភាព និងជាមួយមនុស្សគ្រប់ប្រភេទ រាប់តាំងពីបុគ្គលិកក្នុងស្ថាប័ន អតិថិជន និងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងការងារប្រចាំ ថ្ងៃ។ ប្រសិនបើអ្នកជាអ្នកដឹកនាំ អ្នកត្រូវមានភាពប៉ិនប្រសព្វក្នុងការស្វែងរកយុទ្ធសាស្ត្រសម្រាប់ដោះស្រាយនៅពេលចរចាដូចជាការផ្តល់ជម្រើស យល់ច្បាស់ពីស្ថានភាព និងអារម្មណ៍របស់ភាគីម្ខាងទៀត ព្រមទាំងធានាថា រាល់ការចរចាបានបញ្ចប់ទៅដោយភាពផ្លែផ្កាសម្រាប់ភាគីទាំងសងខាង។
៧.ទំនាក់ទំនងល្អក្នុងស្ថាប័ន
ក្រៅពីការទំនាក់ទំនងក្រៅស្ថាប័ន ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ បុគ្គលិក និងមិត្តរួមការងារក្នុងស្ថាប័ន គឺជាការចាំបាច់បំផុតមួយ។ វាជំរុញឲ្យក្រុមការងារទាំងមូលមានភាពស្និទ្ធស្នាល និងផលិតភាពការងារ។ ដើម្បីទទួលបានលទ្ធផលល្អក្នុងចំណុចនេះ អ្នកគួរឧស្សាហ៍ហៅឈ្មោះអ្នកណាម្នាក់ដែលអ្នកបាននិយាយជាមួយ បង្ហាញចំណាប់អារម្មណ៍លើជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក ឲ្យតម្លៃ ឬកោតសរសើរពួកគេ និងរៀបចំឲ្យមានការចូលរួមចែករំលែករបស់បុគ្គលិកម្នាក់ៗ ដើម្បីបង្ហាញថា ពួកគេពិតជាសំខាន់សម្រាប់ស្ថាប័នទាំងមូល។
៨.ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងការគោរព
នៅពេលបុគ្គលិកក្រោមបង្គាប់មានកំហុសឆ្គង អ្នកដឹកនាំល្អម្នាក់ត្រូវហ៊ានរិះគន់ពីចំណុចខ្វះខាតរបស់ពួកគេម្នាក់ៗ មិនលាក់លៀម ឬមើលរំលងកំហុសរបស់ពួកគេដោយសារតែក្តីស្រលាញ់នោះឡើយដើម្បីធានាថា ការងាររបស់ពួកគេអាចសម្រេចបានតាមការគ្រោងទុក។ ក៏ប៉ុន្តែនៅក្នុងការរិះគន់ទាំងនោះ អ្នកត្រូវប្រើភាសាមួយដោយមានលក្ខណៈជាការរិះគន់ក្នុងន័យស្ថាបនា មិនមើលងាយ មិនបន្ទោសបង្អាប់ និងអនុញ្ញាតឲ្យពួកគេទទួលស្គាល់កំហុស ព្រមទាំងបង្ហាញស្ថានភាពដែលធ្វើឲ្យពួកគេមានកំហុសកើតឡើង។
៩.មានដំណោះស្រាយលើអត្តចរិតបុគ្គលិក
ក្រៅពីការងារក្នុងស្ថាប័ន អ្នកដឹកនាំក៏ត្រូវតែដឹងផងដែរពីរបៀបដោះស្រាយជាមួយបុគ្គលិកដែលអាកប្បកិរិយាមិនល្អ ដែលអាចបង្កគ្រោះថ្នាក់ដល់ភាពសុខដុមនៅកន្លែងធ្វើការ។ អ្នកមិនត្រូវរង់ចាំអូសបន្លាយពេលវេលាឲ្យទង្វើអវិជ្ជមានរបស់ពួកគេបន្តវត្តមានទៅមុខទៀតទេ។ អ្នកត្រូវបង្ហាញត្រង់ៗពីការមិនពេញចិត្តរបស់អ្នកនូវទង្វើរបស់ពួកគេ ហើយផ្តល់ឱកាសឲ្យពួកគេកែប្រែជាមួយនឹងការបញ្ជាក់ការប្ដេជ្ញាចិត្តដ៏ច្បាស់លាស់សម្រាប់ការផ្លាស់ប្ដូរមួយដែលល្អប្រសើរជាងនេះ។
១០.រោះរាយរាក់ទាក់ ប៉ុន្តែមិនបង្ហាញរឿងផ្ទាល់ខ្លួនច្រើនពេក
ភាពរោះរាយរាក់ទាក់ស្និទ្ធស្នាលដល់មនុស្សគ្នា ជាពិសេសចំពោះបុគ្គលិកក្រោមបង្គាប់ គឺជាធាតុផ្សំដ៏សំខាន់មួយរបស់អ្នកដឹកនាំដើម្បីបង្ហាញការស្រលាញ់ ភាពសុទិដ្ឋិនិយម និងក្តីសង្ឃឹមឲ្យស្ថាប័នទាំងមូល។ ក៏ប៉ុន្តែ ភាពស្និទ្ធស្នាលរីករាយរាក់ទាក់របស់អ្នកក៏ត្រូវធ្វើឡើងក្នុងកម្រិតមួយដែលមានវិជ្ជាជីវៈក្នុងនាមជាអ្នកដឹកនាំ។ អ្នកត្រូវបែងចែកឲ្យដាច់ពីភាពស្និទ្ធស្នាលរបស់អ្នកនៅកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន ជាពិសេសមិនត្រូវបង្ហាញរឿងផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ពួកគេច្រើនពេកនោះទេ។
១១.អ្នកដឹកនាំជាមនុស្សដែលចេះផ្លាស់ប្ដូរ
មនុស្សម្នាក់ៗបានឆ្លើយតបទៅនឹងការផ្លាស់ប្ដូរតាមវិធីផ្សេងៗគ្នា។ នៅក្នុងបរិបទការងារដែលមានលក្ខណៈវិជ្ជាជីវៈ ជាទូទៅបុគ្គលិកតែងតែសម្លឹងមើលរបៀបផ្លាស់ប្ដូររបស់មេដឹកនាំរបស់តាមរយៈការធានា ការណែនាំ និងអារម្មណ៍ប្រកបដោយភាពកក់ក្តៅមួយ។ ការផ្លាស់ប្ដូររបស់អ្នកក្នុងនាមជាអ្នកដឹកនាំអាចជាការ ផ្តល់ឱកាសដល់បុគ្គលិកដើម្បីចែករំលែកគំនិតរបស់ពួកគេ ផ្ដោតលើចំណុចវិជ្ជមាន និងរបៀបដែលពួកគេម្នាក់ៗអាចទទួលបានចម្លើយនូវចម្ងល់របស់ពួកគេ។
១២.ហ៊ានទទួលខុសត្រូវ និងឆ្លើយតបទៅនឹងការតវ៉ារបស់បុគ្គលិក
អ្នកដឹកនាំដ៏ពូកែគឺជាអ្នកដឹកនាំដែលអាចរកបាននូវដំណោះស្រាយល្អៗប្រកបដោយភាពឈ្លាសវៃ និងយុត្តិធម៌ ពេលមានការតវ៉ាចេញពីបុគ្គលិក។ គំរូល្អគួរតែត្រូវបានធ្វើឡើងនៅពេលមានភាពខ្វែងគំនិតគ្នាជាមួយបុគ្គលិក ដូចជាការ សាកសួរត្រង់ៗទៅកាន់អ្នកដែលចង់តវ៉ា ដោយប្រែក្លាយបរិយាកាសនោះទៅជាដំណោះស្រាយ ឬអាចរៀបចំបទបញ្ជាផ្ទៃក្នុងនៅក្នុងស្ថាប័នមួយថា អ្នកអាចតវ៉ាលើកឡើងពីបញ្ហានេះបញ្ហានោះបានដោយភ្ជាប់ជាមួយដំណោះស្រាយដែលដល់ផ្តល់ផ្លែផ្កាដល់ភាគីទាំងអស់អមមកជាមួយផង។
១៣.បង្ហាញកាយវិការដោយគោរពទោះមានជម្លោះក៏ដោយ
នេះជាគុណសម្បត្តិពិសេសមួយទៀតក្នុងនាមជាអ្នកដឹកនាំ។ អ្នកត្រូវធ្វើចិត្តឲ្យត្រជាក់ មានភាពអត់ធ្មត់ មិនបង្ហាញកាយវិការខឹងសំបារ មិនឆេវឆាវ ឬមិននិយាយពាក្យអសុរោះ ប៉ុន្តែប្រើភាសាមួយដែលមានវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ សុភាពរាបសារ បើទោះប្រធានបទ ជម្លោះនោះមានការតឹងសរសៃកក៏ដោយ។ អ្នកត្រូវបង្ហាញកាយវិការគោរព និងយោគយល់ពីស្ថានភាពរបស់ភាគីម្ខាងទៀត ហើយជាពិសេសនោះមិនត្រូវរុញភាគីម្ខាងទៀតដល់ចំណុចទល់នោះឡើយ។
១៤.ចូលរួមធ្វើការជាក្រុមជាមួយបុគ្គលិកក្រោមបង្គាប់
នៅពេលដែលការផ្ទេរភារកិច្ចការងារទៅឲ្យបុគ្គលិកក្រោមបង្គាប់ធ្វើការគឺជារឿងធម្មតារបស់អ្នកដឹកនាំ វាក៏ទាមទារផងដែរឲ្យអ្នកដឹកនាំចេះលើកទឹកចិត្តបុគ្គលិកធ្វើកិច្ចការប្រកបដោយប្រសិទ្ធភាព។ អ្នកដឹកនាំត្រូវកំណត់ពីគោលដៅនៃការងារនីមួយៗ លទ្ធផលដែលរំពឹងទុក និងបញ្ហាប្រឈមដែលពួកគេនឹងជួបឲ្យបានច្បាស់លាស់ ព្រមទាំងផ្តល់នូវការគាំទ្រធនធានផ្សេងៗទៀតសម្រាប់ជួយសម្រួលដល់ការងារទាំងនោះ។
១៥.យល់ច្បាស់ពីទឹកចិត្តរបស់បុគ្គលិក
នេះគឺជាគុណសម្បត្តិដ៏ពិសេសមួយរបស់អ្នកដឹកនាំ ត្រូវមាន។ ពេលខ្លះបុគ្គលិកបាក់ទឹកចិត្ត អស់សង្ឃឹម ឬស្ត្រេសច្រើន ទាំងនេះគឺត្រូវការអ្នកដឹកនាំម្នាក់ដែលយល់ពីអារម្មណ៍របស់ពួកគេ។ អ្នកដឹកនាំដ៏ពូកែម្នាក់ ត្រូវយល់ពីតម្រូវការរបស់បុគ្គលិក ស្ថានភាពប្រឈមរបស់ពួកគេ ពូកែលើកទឹកចិត្ត បង្កើតទំនាក់ទំនងជាប្រចាំ បើកចំហឲ្យមានការផ្លាស់ប្ដូរជាពិសេសចេះផ្តល់ឱកាសឲ្យមានការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់បុគ្គលិកម្នាក់ៗ។
១៦.ទទួលស្គាល់ និងឲ្យតម្លៃលើស្នាដៃរបស់បុគ្គលិក
ការឲ្យតម្លៃ ការកោតសរសើរ និងរង្វាន់លើកទឹកចិត្ត គឺ ជាអ្វីដែលបុគ្គលិកម្នាក់ៗចង់បានបំផុត។ ហេតុដូច្នេះហើយក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកត្រូវទទួលស្គាល់ និងឲ្យតម្លៃលើការចូលរួមចំណែករបស់ពួកគេចំពោះស្ថាប័នរបស់អ្នក។ ពេលខ្លះពាក្យសរសើរមួយមាត់ចេញពីមាត់របស់អ្នកគឺគ្រប់គ្រាន់សម្រាប់ពួកគេទៅហើយ។ ក៏ប៉ុន្តែចំពោះបុគ្គលិកល្អ អ្នកត្រូវផ្តល់រង្វាន់សម្រាប់ការខិតខំ ប្រឹងប្រែងរបស់ពួកគេ និងជំរុញឲ្យពួកគេបង្កើតស្នាដៃល្អៗបន្ថែមទៀត។ ហើយអ្វីដែលអ្នកមិនត្រូវភ្លេចគឺត្រូវនិយាយពាក្យថា " អរគុណ”ចំពោះពួកគេ៕
ប្រភព៖ Businessinsider