ឧកញ៉ា កែវ មុំ ៖ ក្រុមហ៊ុនលីលីហ្វូត ប្រមូលទិញបន្លែ ផ្លែឈើ ៣ទៅ៥តោនក្នុង១ថ្ងៃដើម្បីផលិតនំប្រភេទថ្មី​



ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក លីលីហ្វូត  ផលិតនំប្រភេទថ្មីដើម្បីរួមចំណែកដោះស្រាយបញ្ហាគ្មានទីផ្សារនិងការធ្លាក់តម្លៃនៃផលិតផលបន្លែ ផ្លែឈើ របស់ប្រជាកសិករដោយប្រមូលទិញបន្លែ ផ្លែឈើពីកសិករ ចន្លោះ៣ទៅ៥ តោនក្នុងមួយថ្ងៃៗ។

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថាក្រុមហ៊ុនខ្លួនបានកែច្នៃបន្លែមួយចំនួនរួមនឹងផ្លែឈើធ្វើជានំក្រៀមប្រភេទថ្មី បន្ទាប់ពីឃើញថានៅរដូវប្រមូលផលម្តងៗប្រជាកសិករតែងជួយប្រទះបញ្ហាកង្វះទីផ្សារនិងបញ្ហាធ្លាក់តម្លៃដែលធ្វើឱ្យកសិករខាតបង់ប្រាក់ចំណេញ និងឈានដល់បោះបង់ការដាំដុះ ហើយធ្វើចំណាកស្រុក។

លោកជំទាវ បន្តថា គម្រោងកែច្នៃ បន្លែ ផ្លែឈើក្រៀមត្រូវបានគាំទ្រថវិកាមួយចំនួនដោយ អង្គការ អាយ អេ ភី សហការជាមួយអង្គការ អេស អិន វី ដើម្បីឱ្យក្រុមហ៊ុនលីលី ដើម្បីអនុវត្តគម្រោងកែច្នៃ បន្លែ ផ្លែឈើក្រៀម ក្នុងការជួយដល់កសិករនិងកម្មករឱ្យមានការងារធ្វើកាន់តែច្រើននិងចូលរួមចំណែកជួយដោះស្រាយបញ្ហាដែលកសិករខ្មែរកំពុងជួបប្រទះដោយក្នុងគម្រោងនេះក្រុមហ៊ុនបានបញ្ជាទិញបន្លែ ផ្លែ ឈើពីកសិករ ពី៣ទៅ៥ តោន ក្នុងមួយថ្ងៃៗ។

លោកជំទាវបានឱ្យដឹងថាបច្ចុបន្បន្ននេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករនៅខេត្ត កំពត កោះ កុង ព្រះវិហារ មណ្ឌលគិរី និងកំពង់ចាម  ដើម្បីឱ្យពួកគាត់បង្កើនការផលិតឱ្យច្រើនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនតាមការកំណត់ដើម្បីផលិតតាមតម្រូវការទីផ្សារ។

លោកជំទាវបានលើកឡើងថានំបន្លែ ផ្លែឈើក្រៀម ត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាទំនើប សម្រាប់ក្មេងៗដែលខ្លះ នូវជីវជាតិបំប៉ន់ ព្រោះវាមានបន្លែ ផ្លែឈើគ្រប់ពណ៌ចម្រុះគ្នាដូចជា ចេក ការ៉ុត ល្ពៅ មើមឆៃថាវ ប៉ិគក់ សណ្តែកគួរ និង អូក្រា ឬ ពោតបារាំងជាដើម។ ក្មេងៗដែល មិនចូលចិត្តញ៉ាំបន្លែ ឪពុកម្តាយ អាចឱ្យពួកគេញ៉ាំនំនេះជំនួស ដោយសាររសជាតិធ្វើឱ្យក្មេងចូលចិត្ត។

«នំ បន្លែ ផ្លែឈើក្រៀមនេះ យើងផលិតឡើងគឺយើងគិតគូរពីសុខភាពប្រជាពលរដ្ឋ ទាំងខ្វះ អាហាររូបបត្ថម្ភ ជួយដល់សុខភាពរាងកាយ ចំពោះអ្នកសម្រកទម្ងន់ក៏អាចហូបបាន អ្នកហូបអាហារបួសក៏អាចហូបបាន ហូបបានគ្រប់វ័យ ទាំងពីក្មេង ដល់ចាស់ អញ្ចឹងវាមានគ្រប់ជីវជាតិនៅក្នុងហ្នឹង។ ហើយយើងក៏បានចូលរួមជួយដល់សេដ្ឋកិច្ចរបស់កសិករ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល ផងដែរ។»

នំបន្លែផ្លែ ឈើក្រៀ មរបស់ក្រុមហ៊ុន លីលី នឹងត្រៀម ដាក់ លក់ លើទីផ្សារ ជាផ្លូវការនៅចុងខែ មិថុនានេះ។ ហើយ ក្រុមហ៊ុនក៏មានគម្រោងនាំចេញទៅ លក់នៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥% ពោលគឺ គិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងក្នុង ស្រុកទាំងមូលផងដែរ ហើយនំស្រួយលីលី ក៏បាននឹងកំពុង ចរាចរ នៅលើទីផ្សារ មួយ ចំនួន នៅក្នុងប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសភូមា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំងនៅទីផ្សារប៉ែកខាង សហរដ្ឋ អាមេរិច កាណាដា និងកូរ៉េផងដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s