សមាគមសហគ្រិនចិនហ្វូសាន៖ កម្ពុជានៅមានសន្តានុពលច្រើនលើវិស័យវាយនភណ្ឌ អគ្គិសនី ម្ហូបអាហារ និងទេសចរណ៍​



ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា បង្ហាញការចាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅកម្ពុជា ដោយនឹងផ្តោតសំខាន់ទៅលើ វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ អគ្គិសនី និងម្ហូបអាហារជាដើម ព្រមទាំងសន្យាជំរុញកំណើនទេសចរ-អ្នកវិនិយោគចិនឲ្យមកកម្ពុជាកើនឡើងឱ្យបានច្រើន។

ក្នុងពិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខុនដូលីហួត រាជធានីភ្នំពេញ ធ្វើឡើងក្រោមវត្តមានសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឆាយ វៃស៊ឹង តំណាងរដ្ឋាភិបាលក្រុងហ្វូសាន លោក លី ហ៊ួត ប្រធានសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកសមាគម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរយនាក់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា  នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២.៤លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរចិនមានចំនួន ៨៨៧,០៣៩នាក់ កើនឡើង ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឆ្នាំ២០១៩នេះ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរចិនប្រមាណ ២.៦លាននាក់ និងប្រមាណ ៣លាននាក់ នៅឆ្នាំ២០២០ លើសផែនការកំណត់ដែលបានគ្រោងទុក ហើយ៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ៨លាននាក់ នៅឆ្នាំ២០៣០។

ឯកឧត្តមលើកឡើងទៀតថា ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់ទី១នៅកម្ពុជា ដោយក្នុងនោះកាលពីឆ្នាំ២០១៨ កន្លងមក វិនិយោគទុនចិនមានទំហំប្រមាណ ២.៧ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៨.២% នៃទំហំវិនិយោគសរុបនៅកម្ពុជា។

បើតាមឯកឧត្តម ថោង ខុន ដើម្បីប្រែក្លាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅដែលមានភាពទាក់ទាញ និងធ្វើឲ្យទេសចរដែលមកទស្សនាស្នាក់យូរ និងចំណាយច្រើន កម្ពុជាបន្តកិច្ចខិតខំពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅផលិតផលទេសចរណ៍ដែលមានស្រាប់ និងបន្តទាក់ទាញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត នៅតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ដូចជាទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ រមណីយដ្ឋានទេសចរណ៍វ័យចំណាស់ សួនទេសចរណ៍កម្សាន្តកុមារ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ជាដើម អាស្រ័យដោយហេតុថាបរិយាកាសវិនិយោគនៅកម្ពុជា គឺកាន់តែសាមញ្ញ ងាយស្រួល បើកចំហ និងសេរី។

ជាមួយគ្នានោះ លោកឧកញ៉ា លី ហួត បានលើកឡើងថា ថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ អគ្គិសនី ម្ហូបអាហារជាដើម។

លោកឧកញ៉ា លី ហួត បានបន្តថា តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នឹងចូលរួមជំរុញកំណើនទេសចរ និងអ្នកវិនិយោគចិនពីតំបន់ហ្វូសានមកទស្សនា និងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។

លោកថា គ្រាន់តែតំបន់ហ្វូសានរបស់លោកមួយ មានប្រជាពលរដ្ឋដល់ទៅជាង ៧លាននាក់ ហើយបើធ្វើដណើរពីតំបន់ហ្វូសានមកកម្ពុជា ចំណាយពេលតែជាង២ម៉ោងកន្លះប៉ុណ្ណោះ។

ជាការរំពឹងទុករបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា តាមរយៈការសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជានេះ នឹងជួយផ្សព្វផ្សាយដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ក៏ដូចជាប្រជាជនចិនជាបងប្អូន អញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ក្រោមម្លប់សន្តិភាព «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្តល់ភាពកក់ក្តៅ»៕

ដោយ៖ ស្រីពេជ្រ

X
5s