បើអ្នកមានសញ្ញាណ៧នេះ នោះបញ្ជាក់ថា អ្នក​​មាន​និស្ស័យ​ធ្វើ​​​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​



មនុស្ស​ម្នាក់ៗ​មិនមែន​សុទ្ធតែ​អាច​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ (CEO)  គ្រប់ៗគ្នា​​បានទេ ត្បិតអី​ការងារ​មួយ​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​សមត្ថភាព មាន​ភាព​ជា​អ្នកដឹកនាំ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​​អាច​ដឹកនាំ​​ក្រុមហ៊ុន​មួយ​ឲ្យ​ទទួល​បាន​ជោគជ័យ។  អ្នក​មិន​អាច​ប្រើ​ពេល​ត្រឹមតែ​មួយ​យប់ ឬ​មួយ​ឆ្នាំ​ដើម្បី​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ម្នាក់​បាន​ឡើយ។ 

យ៉ាងណាមិញ​​ប្រសិន​បើ​អ្នក​មាន​គុណសម្បត្តិ​ ៧​យ៉ាង​ខាងក្រោម​នេះ អាច​ចាត់​ទុក​ថា អ្នក​មាន​និស្ស័យ​ក្លាយ​ជា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​នៅ​ពេល​អនាគត​បាន៖

១.អ្នក​មិន​​ភ័យខ្លាច​ទៅ​នឹង​ឧបសគ្គ​ជា​ច្រើន
នាយក​ប្រតិបត្តិ​ គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​សម្រេចចិត្ត​សំខាន់ៗ​អំពី​យុទ្ធសាស្ត្រ និង​អនាគត​ស្ថាប័ន​ដែល​ខ្លួន​ដឹកនាំ។  ស្របពេល​ដែល​នាយក​ប្រតិបត្តិ​ត្រូវ​តែ​រក្សា​ស្ថិរភាព​​របស់​ស្ថាប័ន  ខ្លួន​ក៏​ត្រូវ​ទទួល​យក​ហានិភ័យ​ដែល​អាច​នាំ​​ឲ្យ​ប៉ះពាល់​​​​ដល់​​ក្រុមហ៊ុន​ស្ថាប័ន​ទាំង​ក្នុង​រយៈពេល​​ខ្លី ឬ​រយៈពេល​វែង។ ការ​ប្រឈមមុខ​ទៅ​នឹង​ហានិភ័យ​នេះ​ហើយ ដែល​​អាច​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​អាច​រៀនសូត្រ​បាន​ពី​បញ្ហា​ប្រឈម និង​អាច​បង្កើត​យុទ្ធសាស្ត្រ​ល្អៗ សម្រាប់​ស្ថាប័ន​ទាំងមូល​​។​

២.អ្នក​ដឹង​ពី​របៀប​ទំនាក់ទំនង​បាន​ល្អ​ប្រសើរ
ការ​ទំនាក់ទំនង​គឺ​ជា​គ្រឹះ​មួយ​​ដ៏​សំខាន់​សម្រាប់​ធ្វើ​ជា​អ្នកដឹកនាំ។ ចំពោះ​នាយក​ប្រតិបត្តិ​ប្រសិន​បើ​អ្នក​ចង់​ជំរុញ  និង​ផ្តល់​អំណាច​ដល់​អ្នកដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​ក្រុម​ការងារ​របស់​អ្នក​ដើម្បី​អាច​អនុវត្ត​​​​យុទ្ធសាស្ត្រ​​​របស់​អ្នក​បាន​ ​ហើយ​​​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការពិត អ្នក​ត្រូវ​​មាន​ជំនាញ​​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ។ ការ​ទំនាក់ទំនង​ និង​ជំនាញ​កសាង​ទំនាក់ទំនង​ក៏​ជា​ផ្នែក​​មួយ​ដ៏​សំខាន់​នៃ​ការ​បង្កើត​ការ​ពេញចិត្ត​គោរព​​​ស្រលាញ់​របស់​បុគ្គលិក​ក្នុង​នាម​ជា​អ្នកដឹកនាំ។ 

៣.អ្នក​ជា​មនុស្ស​ចូលចិត្ត​ការ​ប្រកួតប្រជែង​លើ​ខ្លួនឯង 
ក្នុងនាម​ជា​នាយក​ប្រតិបត្តិ​ ការ​អភិវឌ្ឍ​​អាជីព​ការងារ​របស់​អ្នក​ជា​ទូទៅ​មិន​មែន​ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ត្រឹមតែ​​ក្នុង​ឆ្នាំ​ដំបូង​នោះ​​ទេ ហើយ​ក៏​​មិនមែន​ធ្វើ​ម្តង​កាល​នៅ ១០​ឆ្នាំ​ដំបូង​នៃ​អាជីព​ការងារ​របស់​អ្នក​ដែរ​។ វា​ជា​អ្វី​ដែល​​​អ្នក​​អ្នក​ត្រូវ​​រៀបចំ​ខ្លួន​ជា​អ្នកដឹកនាំ តាមរយៈ​ការ​​ខិតខំ​ស្រាវជ្រាវ​សិក្សា​រៀនសូត្រ ការ​បណ្តុះបណ្តាល ការ​តស៊ូ អត់ធ្មត់ ហ៊ាន​ប្រឈម​បញ្ហា​នានា និង​ផ្ដោត​លើ​ការ​​អភិវឌ្ឍ​សមត្ថភាព​ជា​រឿង​សំខាន់។ ជំនាញ​ជា​អ្នកដឹកនាំ​នេះ​ អ្នក​នឹង​ឆ្លងកាត់​ច្រើន​នៅ​ក្នុង​អាជីព​ការងារ​របស់​អ្នក​តាមរយៈ​ការ​​ធ្វើការ​ជាមួយ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា ជាមួយ​មនុស្ស​ពូកែៗ ដកស្រង់​បទពិសោធន៍ ការ​ផ្លាស់ប្ដូរ​ និង​ការ​ចេះ​ចាប់​យក​ឱកាស​ដែល​ចូល​មក​ដល់​ផង​ដែរ។

៤.អ្នក​មាន​​បញ្ញា​​ស្មារតី​ខ្ពស់​
គ្មាន​ឡើយ​ពាក់​ថា ឆ្អែត​សម្រាប់​មនុស្ស​ដែល​មាន​មហិច្ឆតា។  ​ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ ប្រសិន​បើ​អ្នក​មាន​បញ្ញា​​ស្មារតី​ឈ្លាសវៃ​ទៀត​គឺ​កាន់តែ​ពិសេស។ ហេតុ​អ្វី? ពីព្រោះ​ថា នៅ​ពេល​អ្នក​ធ្វើ​ជា​អ្នកដឹកនាំ​គេ ឬ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្នក​ត្រូវ​បង្កើត​ការ​សម្រេចចិត្ត​​ជា​ច្រើន​ដែល​មាន​ភាព​ស្មុគស្មាញ​​ទាក់ទង​ទៅ​នឹង​ការ​កសាង​ទំនុកចិត្ត​ក្នុង​ក្រុមការងារ​​ បង្កើត​គុណភាព​ការងារ​ គំរូ​ភាព​ជា​អ្នកដឹកនាំ ជា​ដើម​ដែល​​ការ​សម្រេចចិត្ត​ទាំង​នោះ​ត្រូវ​ធ្វើ​ឡើង​​ប្រកបដោយ​ការ​ទទួលខុសត្រូវ។ ដើម្បី​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​ចំណុច​ទាំងអស់​នេះ អ្នក​ត្រូវ​មាន​​ស្មារតី​វាងវៃ​​បំផុត។

៥.អ្នក​ដឹង​ពី​​​វិធី​ជ្រើសរើស​​​​ និង​ធ្វើការជាមួយមនុស្ស​នៅ​ជុំវិញ​ខ្លួន​​
ខណៈ​ដែល​នាយក​ប្រតិបត្តិ​ប្រឈមមុខ​ការងារ​ជា​ច្រើន​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន អ្នក​​ក៏​​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​​ជ្រើសរើស​មនុស្ស​ធ្វើ​ជា​ដៃគូ​ទំនាក់ទំនង​របស់​អ្នក។ ជាមួយ​មនុស្ស​ទាំង​នោះ អ្នក​​ជា​មនុស្ស​ដែល​មាន​ការ​យល់ចិត្ត​ថ្លើម​គ្នា ចេះ​ចែករំលែក​ចំណេះដឹង និង​មាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​លើ​ជំនាញ​អ្វី​មួយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ដឹង​ពី​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​របស់​អ្នក និង​ក្រុម​ការងារ ផ្តល់​មតិ​កែលំអ​ទៅ​វិញ​ទៅ​មក និង​ស្វែង​រក​មធ្យោបាយ​រួម​មួយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំងមូល​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា។ 

៦.អ្នក​ឈាន​មុខ​គេ​ជានិច្ច​ពេល​មាន​គម្រោង​ការងារ​ត្រូវ​ធ្វើ
ទំនុកចិត្ត​មួយ​ទៅ​លើ​នាយក​ប្រតិបត្តិ គឺ​​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​លទ្ធផល​ការងារ។ ទន្ទឹម​​នឹង​នេះ នាយក​ប្រតិបត្តិ​ក៏​ជា​អ្នក​គ្រប់គ្រង និង​អ្នក​ផ្ទេរ​ភារកិច្ច​ការងារ​ដ៏​ពូកែ​ម្នាក់​ផង​ដែរ។ ថ្វីត្បិត​តែ​អ្នក​ចេញ​មុខ​លើ​គម្រោង​ការងារ​ទាំង​ឡាយ​ក៏​ពិតមែន ក៏ប៉ុន្តែ​អ្នក​ក៏​​ត្រូវ​​​​ជ្រើសរើស​អ្នកណា​ម្នាក់ ឬ​ក្រុម​ការងារ​ទាំងមូល​ឲ្យ​ទទួល​ភារកិច្ច​ការងារ​ជំនួស​អ្នក​បាន​ដែរ។ អ្នក​ត្រូវ​ដើរ​តួនាទី​ជា​អ្នក​ជំរុញ​លើក​ទឹកចិត្ត តាមដាន​លទ្ធផល​ការងារ និង​ស្វែង​រក​ដំណោះស្រាយ​​ប្រកបដោយ​ប្រសិទ្ធភាព​​នៅ​ពេល​គម្រោង​ការងារ​មាន​បញ្ហា​។ ​​​

៧.អ្នក​​មាន​គំនិត​វែងឆ្ងាយ​​ទៅ​ពេល​ខាងមុខ
ចក្ខុវិស័យ​​វែងឆ្ងាយ​នៅ​ពេល​ខាងមុខ​របស់​ក្រុមហ៊ុន​​ គឺ​​មិន​អាច​ខ្វះ​បាន​ឡើយ។ ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ្នក​មិន​មែន​គ្រាន់តែ​ព្យាយាម​​កំណត់​ ឬ​ព្យាករណ៍​ទុកជាមុន​នូវ​​អ្វី​​ដែល​អាច​កើត​ឡើង​នៅ​ពេល​ខាងមុខ​នោះ​ទេ។ អ្នក​ក៏​ត្រូវ​ដើរតួ​ជា​អ្នកដឹកនាំ​ផ្នែក​គំនិត​ផង​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ធ្វើ​ការ​ក្រុម​ការងារ​ទាំងមូល​អាច​ប្រែក្លាយ​ចក្ខុវិស័យ​របស់​អ្នក​ឲ្យ​​ក្លាយ​ជា​ការពិត​បាន៕

ប្រភព៖ Entrepreneur