វិភាគ៖ ដើម្បី​ឲ្យ​ការងារ​មាន​​ផលិតភាព តើ​អ្នក​ត្រូវ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​​ក្នុង​មួយ​សប្តាហ៍?​



មាន​ការ​យល់​ឃើញ​ខុសគ្នា​ជា​ច្រើន​បាន​លើក​ឡើង​​ពី​ចំនួន​ម៉ោង​ធ្វើ​ការ​ក្នុង​មួយ​សប្តាហ៍​ដែល​អ្នក​​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ការងារ​ទួល​បាន​ផលិតភាព​ខ្ពស់។ ប៉ុន្តែ​មាន​ទស្សនៈ​យល់​ឃើញ​ចំនួន​ពីរ​ដ៏​សំខាន់​នៅ​ក្នុង​ចំណោម​ទស្សនៈ​​នានា​ ត្រូវ​បាន​យក​មក​វែកញែក​នៅ​ទី​នេះ​ ដោយ​​ទស្សនៈ​​ទី​មួយ​​​ទទួល​បាន​ពី​អ្នកនិពន្ធ​សៀវភៅ "ធ្វើការ​៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ឬ The 4-Hour Workweek” ​របស់​លោក Tim Ferriss និង​​លោក Elon Musk ស្ថាបនិក​ក្រុមហ៊ុន Tesla និង SpaceX ដ៏​ល្បីល្បាញ។

​​បើ​តាម​​អំណះអំណាង​របស់​លោក  Tim Ferriss ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​​បាន​លើក​ឡើង​ថា ធ្វើការ​តិច​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ក៏​អ្នក​អាច​ជោគជ័យ​បាន​​ដែរ។ យ៉ាងណាមិញ ការ​លើក​ឡើង​​នេះ​បាន​ផ្ទុយ ទៅ​នឹង​ការ​យល់​ឃើញ​របស់​លោក Elon Musk ​ដែល​​មហាសេដ្ឋី រូប​នេះ​​មាន​ទម្លាប់​ធ្វើ​ការ​​ច្រើន​ម៉ោង​ណាស់​​ ពោល​គឺ​ចាប់​​ពី ៨០​ទៅ ១០០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ ហើយ​លោក​ថា  គ្មាន​អ្នកណា​អាច​ផ្លាស់ប្ដូរ​ពិភពលោក​បាន​ឡើយ​ដោយ​គ្រាន់តែ​ធ្វើ​ការ​ត្រឹម ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍។

ភាព​ខ្វែង​គំនិត​គ្នា​លើ​ប្រធាន​បទ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំនួរ​ឡើង​ថា តើ​​ទស្សនៈ​ណា​មួយ​ត្រឹមត្រូវ​ជាង?  ឥឡូវ​នេះ​ យើង​សូម​​ធ្វើ​ការ​បំបែក​វិធីសាស្ត្រ​នីមួយៗ​ដើម្បី​ជួយ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​​មួយ​សម្រាប់​កាលវិភាគ​ការងារ​របស់​អ្នក​។ 

គោលការណ៍​ធ្វើ​ការ​ច្រើន​ម៉ោង
សហគ្រិន​​ទូទៅ​យល់​ថា ​ការ​ធ្វើការ​ច្រើន​ម៉ោង​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ នៅក្នុង​បទសម្ភាសន៍​មួយ​លោក Musk  ធ្លាប់​និយាយ​ថា “ធ្វើ​ការ​ប្រៀប​ដូច​ជា​ឋាននរក​”។ លោក​បន្ថែម​ថា បើ​អ្នក​​ធ្វើ​ការ​ពី ៨០ ទៅ ១០០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយ​​​អ្នក​ផ្សេង​ធ្វើ​ការ​ត្រឹមតែ ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ នោះ​ទោះបី​ជា​អ្នក​កំពុង​ធ្វើ​ការងារ​ដូចគ្នា​ក៏ដោយ​ អ្នក​នឹង​ចំណាយ​ពេល​ត្រឹមតែ​​៤​ខែ​ប៉ុណ្ណោះ​ដើម្បី​ជោគជ័យ​ ខណៈ​ដែល​​អ្នក​ផ្សេង​អាច​ចំណាយ​ពេល​ដល់​ទៅ ១​ឆ្នាំ។

បើ​គិត​មួយ​ភ្លែត ការ​យល់​ឃើញ​របស់​លោក Musk ​ដូច​ជា​​សមហេតុសមផល​ដែរ។ ប៉ុន្តែ​បើ​អ្នក​​វិភាគ​ឲ្យ​​ស៊ី​ជម្រៅ​ជាង​នេះ​ វា​​​​បញ្ហា​មួយ​ចំនួន​នៅ​ត្រង់​នេះ​។ ផលិតភាព​ការងារ​របស់​អ្នក​​នឹង​ត្រូវ​បាន​កំណត់។ ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Stanford បាន​រក​ឃើញ​ថា ផលិតភាព​ការងារ​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ដល់​ទៅ ៥០ ម៉ោង​ក្នុង​មួយ​សប្តាហ៍។ អ្នក​ដែល​ធ្វើ​ការ​​ដល់​ ៧០​ម៉ោង​ ក៏​មិន​ឃើញ​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ដែរ។ ថ្វីបើ​ធ្វើ​ការ​ច្រើន​ម៉ោង​ក៏​ពិតមែន តែ​អ្នក​ទាំង​នោះ​គ្រាន់តែ​ធ្វើ​ការ​លំៗ​ ប៉ុន្តែ​បាន​លទ្ធផល​តិចតួច​តែប៉ុណ្ណោះ។

ការ​ធ្វើការ​ច្រើន​ម៉ោង​ហួសហេតុ​ពេក​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​ផង​ដែរ។ នៅ​ក្នុង​បទសម្ភាសន៍ 2013 SXSW លោក Musk ​ត្រូវ​បាន​​ចោទសួរ​អំពី​ការ​ចំណាយពេល​​នៅ​ជាមួយ​កូនៗ​របស់​លោក។  លោក​បាន​​ឆ្លើយ​ដូច្នេះ​ថា៖« ​ការពិត​ខ្ញុំ​អត់​បាន​ឃើញ​​​​ប្រយោជន៍​អី​ធំដុំ​ទេ​​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ គឺ​ខ្ញុំ​អាច​នៅ​ជាមួយ​កូនៗ​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​​នៅតែ​ឆ្លៀត​​មើល​អ៊ីមែល​បាន​។ ខ្ញុំ​អាច​នៅ​ជាមួយ​ពួកគេ ហើយ​នៅតែ​ធ្វើ​ការ​ក្នុង​ពេល​តែមួយ​ដំណាល​គ្នា​នោះ។  ​បើ​ខ្ញុំ​មិន​ធ្វើ​ទេ  ការងារ​របស់​ខ្ញុំ​នឹង​មិន​​ទទួល​បាន​លទ្ធផល​​ឡើយ​»

ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​លោក Musk ដោយ​ហេតុ​ថា ខួរ​ក្បាល​របស់​មនុស្ស​យើង​មិន​ដំណើរការ​ដូច​អ្វី​ដែល​លោក​បាន​និយាយ​នោះ​ទេ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគមន៍​ចិត្តវិទ្យា​របស់​អាមេរិក (ASA)បាន​រក​ឃើញ​ថា នៅ​ពេល​អ្នក​ធ្វើ​ការ​ច្រើន​ក្នុង​ពេល​តែមួយ ផលិតភាព​ការងារ​របស់​អ្នក​ចុះ​ដល់​ទៅ ៤០% ឯណោះ។ 

យ៉ាងណាក៏ដោយ គោលដៅ​អត្ថបទ​នេះ​មិនមែន​​សរសេរ​ដើម្បី​រិះគន់​លោក Elon Musk ទេ។  ​អ្នក​ត្រូវ​ជឿជាក់​ថា  ផលិតភាព​របស់​មនុស្ស​ម្នាក់ៗ គឺ​មាន​លក្ខណៈ​​​ផ្ទាល់ខ្លួន។  ប៉ុន្តែ​​អ្នក​ត្រូវ​ប្រាកដ​ថា​ ​អ្នក​មិន​បាន​​មើល​ឃើញ​​រឿង​នេះ​ក្នុង​គំនិត​មួយ​ដែល​​សុទ្ធតែ​សមស្រប​សម្រាប់​មនុស្ស​គ្រប់គ្នា​​ឡើយ។  ប្រសិន​បើ​អ្នក​​ចាប់​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធ្វើការ​ហួស​ស្តង់ដារ​កំណត់​​របស់​អ្នក អ្នក​ក៏​ត្រូវ​កំណត់​ពេល​ធ្វើការ​ក្នុង​ចំនួន​​ជាក់លាក់​មួយ​ដែល​អ្នក​យល់​ថា ​អ្នក​​ពិត​ជា​អាច​ទៅ​រួច។

គោលការណ៍​ធ្វើ​ការ​តិច​ម៉ោង
សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​​​អាន​សៀវភៅ​របស់​លោក  Ferriss អ្នក​ប្រហែល​ជា​​យល់​ថា អ្នកនិពន្ធ​រូប​នេះ​​ទំនង​អាច​កសាង​ជំនួញ​របស់​គាត់​ឲ្យ​ជោគជ័យ​បាន​ដោយ​ប្រើ​ពេល​​​ធ្វើការ​ត្រឹមតែ ៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​សប្តាហ៍។ ទន្ទឹម​នឹង​នេះ ពួកគេ​ប្រហែល​​ជា​លួច​គិត​ក្នុង​ក្តី​សង្ឃឹម​ផង​ដែរ​ថា ខ្លួន​អាច​ជោគជ័យ​ដូច​លោក Ferriss ដោយ​មិន​បាច់​ខិតខំ​ប្រឹងប្រែង​ច្រើន​ពេក​ទេ។  តោះ! ឥឡូវ​នេះ​មក​មើល​ការ​បកស្រាយ​ពន្យល់​​លើ​​ទស្សនៈ​របស់​លោក  Ferriss ​វិញ​ម្តង។ 

លោក Ferriss បាន​​​​​កំណត់​និយមន័យ​ការងារ​យ៉ាង​ជាក់លាក់​បំផុត។ នៅ​ក្នុង​កម្មវិធី​មួយ​​រៀបចំ​ឡើង​​ក្នុង​សាកលវិទ្យាល័យ Harvard អ្នកនិពន្ធ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖« ប្រសិន​បើ​អ្នក​កំណត់​ការងារ​របស់​អ្នក​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​​ក្នុង​គោលដៅ​ដើម្បី​​លុយ​ដោយ​​ធ្វើ​ការងារ​​តិចតួច​ដូច​ជា​​ជាមួយ​ក្រុមហ៊ុន​របស់​ខ្ញុំ​ជាដើម ខ្ញុំ​​បាន​​ចំណាយ​​ពេល​​ធ្វើការ​តិច​ជាង ៤​ម៉ោង​ទៅ​ទៀត​ក្នុង​មួយ​សប្តាហ៍។ ផ្ទុយ​ទៅ​វិញ បើ​គោលដៅ​ការងារ​របស់​អ្នក​​មិន​ផ្ដោត​លើ​ហិរញ្ញវត្ថុ​​ជា​​សំខាន់​ទេ ប៉ុន្តែ​ជា​របៀប​ធ្វើ​ឲ្យ​ជំនួញ​កាន់តែ​​ល្បី​ឈ្មោះ​ ​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល ​បង្កើត​ប្លុក ឬ​ការ​ផ្សព្វផ្សាយ​ជា​ដើម វា​មិន​ត្រូវ​បាន​ចាត់​ចូល​ក្នុង​និយមន័យ​ធ្វើ​ការ ៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​របស់​ខ្ញុំ​ទេ»។ 

​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Ferriss ​បាន​​ពាំនាំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​សម្រាប់​ជួយ​បង្កើន​ផលិតភាព​ការងារ​របស់​អ្នក។ ជា​ឧទាហរណ៍ ​លោក​បាន​ណែនាំ​ឲ្យ​អ្នក​ត្រូវ​បំពេញ​ភារកិច្ច​​ការងារ​របស់​អ្នក ហើយ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​ការងារ​របស់​​អ្នក​​ធ្វើ​ការ​សម្រេចចិត្ត ​ជា​ពិសេស​លើ​កិច្ចការ​ដែល​មិន​សូវ​សំខាន់។  

នេះ​គឺ​មាន​ភាព​ខុសគ្នា​ខ្លាំង​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​របៀប​ដែល​លោក Musk ដំណើរការ​អាជីវកម្ម​របស់​លោក ។ ប៉ុន្តែ ​នេះ​ទាមទារ​ឲ្យ​​អ្នក​កំណត់​ព្រំដែន​​ឲ្យ​បាន​ច្បាស់លាស់​ជា​មួយ​មនុស្ស​ដែល​អ្នក​ធ្វើការ​ជាមួយ​ដើម្បី​​ប្រាប់​ពួកគេ​ថា តើ​ពួកគេ​អាច​ធ្វើ​ការ​សម្រេចចិត្ត​​ជំនួស​អ្នក​បាន​នៅ​ក្នុង​​កម្រិត​ណា?

គន្លឹះ​មួយ​ទៀត​ដែល​អ្នកនិពន្ធ  Ferriss ចង់​ផ្តល់​ឲ្យ​អ្នក​ត្រូវ​ស្វែងយល់​នោះ​គឺ​ការ​ លុប​បំបាត់​ចោល​សកម្មភាព​រំខាន​​​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍ និង​​មក​បង្អាក់​ពេលវេលា​របស់​អ្នក​។ កិច្ចប្រជុំ​ច្រើន​ពេក សារ​អ៊ីមែល ការ​ហៅ​ទូរស័ព្ទ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ការ​ជជែក​កម្សាន្ត​ដែល​គ្មាន​ប្រយោជន៍ ជាដើម​ទាំងអស់​នេះ​មិនមែន​សុទ្ធតែ​អាច​ឲ្យ​អ្នក​សម្រេច​​បាន​គោលដៅ​របស់​អ្នក​នោះ​ទេ។

អ្វី​ដែល​លោក  Ferriss ចង់​ពន្យល់​នូវ​ត្រង់​ចំណុច​នេះ​គឺ​ថា អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ព័ត៌មាន​ដែល​ផ្តល់​​ភាព​សំខាន់ ឬ​ភាព​ចាំបាច់។ លោក​បាន​បន្ត​ថា អ្នក​មិន​គួរ​អង្គុយ​​អាន​តាមដាន​ព័ត៌មាន​គ្រប់​សាច់រឿង​នោះ​ទេ។ ប្រសិន​បើ​វា​សំខាន់ មនុស្ស​ជា​ច្រើន​នឹង​លើក​វា​មក​និយាយ​កាន់តែ​ច្រើន។ ខណៈ​ដែល​លោក ​អាន​សៀវភៅ​ត្រឹមតែ ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​មិន​សូវ​ឆែក​​ងប់ងុល​នឹង​អ៊ីនធឺណិត​ដូច​អ្នក​ផ្សេង លោក ​Ferriss ក៏​យល់​ឃើញ​ផង​ដែរ​ថា អ្នក​គួរតែ​​បិទ​​ទូរទស្សន៍​ចោល​ លើកលែង​តែ​​មាន​កម្មវិធី​ណា​​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​។ 

អ្នក​​ឃើញ​​ទេ អ្វី​ដែល​លោក  ​Ferriss ចង់​និយាយ​​នោះ​គឺ​ថា ​អ្នក​មិន​ចាំបាច់​​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ការ​រហូត​ដល់​ទៅ រាប់​សិប​ម៉ោង​នោះ​ទេ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ គឺ​​ត្រូវ​​​ចេះ​ច្បិច​យក​ភាព​សំខាន់​ អាទិភាព​ ​ ត្រូវ​ខ្លាំង​ពូកែ​នៅ​ក្នុង​អាជីព​មុខ​ជំនួញ​របស់​អ្នក រៀនសូត្រ​ពី​អ្នក​ដទៃ និង​​អភិវឌ្ឍ​សមត្ថភាព​ខាង​ជំនួញ​របស់​អ្នក។ ​​​

ដូច្នេះ​តើ​ការងារ ៤​ ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​គឺ​ជា​រឿង​ពិត​ឬទេ? ចម្លើយ​អាច​ពិត និង​មិន​ពិត​។ ហេតុ​អ្វី? ពីព្រោះ​ថា វា​មាន​ភាព​ស្មុគស្មាញ​ដើម្បី​កាត់បន្ថយ​​សកម្មភាព​​រំខាន​ជាច្រើន​​នៅ​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ តាម​ពិត​ទៅ វា​​ហាក់​មិន​សមហេតុសមផល​​​ទាល់តែសោះ​ដែល​​អ្នក​ជឿ​ថា​ អាជីវកម្ម ឬ​អាជីព​ការងារ​របស់​អ្នក​អាច​រីកចម្រើន​ទៅ​មុខ​បាន​ដោយ​​គ្រាន់តែ​ចំណាយ​ពេល​ធ្វើការ​ត្រឹមតែ ៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​​នោះ។ ​

សរុប​មក​វិញ ឆ្លងកាត់​​ទស្សនៈ​ផ្សេងៗ​គ្នា​ខាងលើ​នេះ​គេ​អាច​យល់​បាន​ថា អ្នក​​មិន​ចាំបាច់​​រស់នៅ​ចាប់​បង្ខំ​ជីវិត​ខ្លួន​ឯង​ឲ្យ​ធ្វើ​ការ​ធ្ងន់ធ្ងរ​ពេក​ ឬ​​បណ្តោយ​ឲ្យ​ខ្លួន​ឯង​នៅ​ស្រណុក​សុខ​ស្រួល​​ពេក​​​នោះ​ដែរ​។ អ្នក​មិន​ចាំបាច់​ធ្វើ​ការ ១០០ ម៉ោង​ដើម្បី​ទទួល​បាន​​ភាព​ជោគជ័យ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើការ​លើស​ពី ៤​​ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បង្កើត​អ្វី​មួយ​​មាន​តម្លៃ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ 

សូម​ចាំ​ថា ជីវិត​​មិនមែន​ផ្ដោត​តែ​ទៅ​លើ​ទ្រនិចនាឡិកា​ដើរ​បាន​យូរ​ប៉ុណ្ណោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ផ្ដោត​លើ​ភាព​សំខាន់។ វា​មិន​សំខាន់​ថា អ្នក​​បាន​ចំណាយ​ពេល​​ច្រើន​ប៉ុណ្ណា​នោះ​ទេ អ្វី​ដែល​សំខាន់​ថា​តើ​​អ្នក​​ចេះ​បែងចែក​​​​ពេលវេលា​​ដោយ​របៀបណា​? វា​គឺ​ជា​ការ ផ្ដោត​លើ​គុណភាព មិន​មែន​បរិមាណ ឬ​ត្រឹមតែ​ចំនួន​​នោះ​ទេ៕

ប្រភព៖ ​fastcompany