លោក Warren Buffett៖ ព្រោះសាលា Harvard មិនឲ្យចូលរៀនទើបធ្វើឲ្យលោកជោគជ័យ
លោក Warren Buffett បានបញ្ជាក់ថា ក្រោយពេលសាលា Harvard បដិសេធមិនឲ្យរៀននៅទីនោះ មានរឿងអស្ចារ្យជាច្រើនបានកើតឡើងមកលើរូបលោក។
ដូចដែលលោក អ្នកបានដឹងហើយថា លោក Warren Buffett គឺជាមហាសេដ្ឋីលំដាប់លំដាប់ពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជាង ៨៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមហាសេដ្ឋីរួបនេះ ធ្លាប់ត្រូវបានសាលា Harvard ដែលជាសាលាដ៏ល្បីរបស់អាមេរិកនោះ បដិសេធមិនព្រមទទួលឲ្យចូលសិក្សានោះឡើយកាលពីក្មេង។ «ខ្ញុំបានទៅដល់កន្លែងសម្ភាសន៍ ហើយពួកគេបានសម្ភាសន៍ខ្ញុំប្រមាណ១០នាទី ហើយនិយាយ «បំភ្លេចចោលទៅ!អ្នកមិនអាចរៀននៅ Harvardបានឡើយ»។
មហាសេដ្ឋីលំដាប់ទី៣លើលោកបញ្ជាក់បែបនេះ តាមរយៈការស្រង់សម្តីដោយសារព័ត៌មានCNBC។ ក្រោយពេលអ្នកសម្ភាសន៍ប្រាប់ថា លោកមិនចូលរៀននៅសាលាដ៏ល្បីនេះបាន វាធ្វើឲ្យរូបលោក មានការពិបាកចិត្តយ៉ាងខ្លាំង ជាពិសេសនោះគឺគ្មានពាក្យអ្វីទៅប្រាប់ឪពុករបស់ខ្លួនវិញ។ បន្ទាប់មកក៏សម្រេចចិត្តចូលសិក្សានៅសាកលវិទ្យាល័យ Columbia ក្រោយពេលដឹងថា មានសាស្ត្រាចារ្យដ៏ល្បីពីររូបបង្រៀននៅទីនោះ គឺលោក Benjamin Graham និង David Dodd ដែលអ្នកទាំងនេះពីរជាអ្នកនិពន្ធសៀវភៅដ៏ល្បីផងដែរ។ លោក Warren Buffett បានបញ្ជាក់ថា មេរៀនសំខាន់ដែលលោកបានរៀនពីលោកBenjamin Graham ហើយផ្លាស់ប្ដូរជីវិតទាំងស្រុងរហូតដល់សព្វថ្ងៃនោះគឺ៖ «ច្បាប់ទី១ ធ្វើអ្វីក៏ដោយកុំឲ្យខាត។ ច្បាប់ទី២ កុំភ្លេចច្បាប់ទី១»។
ដោយ៖ រតនា វិចិត្រ