ចិត្តជាឫសគល់នៃសេចក្ដីសុខនិងទុក្ខ ចូររក្សាចិត្តអ្នកឲ្យល្អ​



ចិត្តគឺជាឫសគល់នៃអ្វីៗគ្រប់យ៉ាង។ ចិត្តគឺជាអ្នកបញ្ជាឲ្យមនុស្សមួយចំនួនសម្លាប់ខ្លួន ហើយចិត្តនេះដដែលក៏ជាប្រភពនៃសេចក្ដីសុខរបស់មនុស្សមួយចំនួនផ្សេងទៀតដែរ។ ចិត្តគឺជាឫសគល់នៃសេចក្ដីទុក្ខនិងសេចក្ដីសុខទាំងប៉ុន្មានរបស់អ្នកទាំងអស់។ នៅលើលោកនេះគ្មានផ្លូវទាល់ច្រកនោះទេ តែគឺជាការគិតរបស់អ្នកខ្លួនឯងនេះឯងដែលទាល់ច្រក។ ការគិតរបស់អ្នកគឺជាអ្នកកំណត់ទៅលើជោគវាសនារបស់អ្នក។

ចិត្តរបស់មនុស្សភាគច្រើនមានភាពទន់ខ្សោយ វាងាយនឹងទទួលរងនូវការប៉ះទង្គិចពីរឿងខាងក្រៅ និយាយម្យ៉ាងទៀតថាអ្វីៗនៅក្នុងលោកនេះមិនមែនចេះតែទៅតាមចិត្តប្រាថ្នារបស់អ្នករហូតនោះទេ។ តាមពិតទៅភាគច្រើនបញ្ហាមិនមែនស្ថិតនៅខាងក្រៅនោះទេ តែគឺមកពីចិត្តខាងក្នុងរបស់អ្នកនេះឯង។ ចិត្តរបស់អ្នកចង់ឲ្យអ្វីមួយទៅជាបែបនេះ តែនៅពេលវាមិនប្រព្រឹត្តិទៅតាមអ្វីដែលចិត្តអ្នកចង់បាន នោះអ្នកក៏កើតក្ដីទោមនស្ស។ នៅពេលអ្នកមិនអាចផ្លាស់ប្ដូរស្ថានការណ៍ខាងក្រៅបាន នោះអ្នកត្រូវងាកមករកខាងក្នុងហើយផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងវិញម្ដង។

នៅលើលោកនេះគ្មានផ្លូវទាល់ច្រកនោះទេ តែជាការគិតរបស់ខ្លួនឯងដែលទាល់ច្រក។ បើអ្នកប្ដេជ្ញាចិត្តថាចង់សម្រេចឲ្យបាននូវគោលដៅអ្វីមួយ ហើយអ្នកបែរជាមិនបានសម្រេចវា នោះអ្នកត្រូវផ្លាស់ប្ដូរវិធីសាស្ត្រដែលអ្នកបានប្រើប្រាស់ដើម្បីសម្រេចគោលដៅមួយនោះ។ វិធីដោះស្រាយបញ្ហាមានច្រើនណាស់។ បើរបៀបដោះស្រាយបញ្ហាមួយប្រើការមិនបាន នោះអ្នកអាចផ្លាស់ប្ដូរវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នកទៅថ្មីមួយទៀតបាន។ អ្នកត្រូវមានការគិតទូលំទូលាយ មិនត្រូវជាប់គាំងនៅមួយកន្លែងជាមួយនឹងវិធីសាស្ត្រតែមួយក៏ដោយសារតែវាគឺជាវិធីសាស្ត្រដែលត្រូវបានគេប្រើមករហូតនោះទេ។

បើទោះជាអ្នកបរាជ័យច្រើនលើកច្រើនសារក៏ដោយ តែនៅពេលអ្នកបានឆ្លងកាត់រឿងរ៉ាវអស់ជាច្រើនមក នោះបទពិសោធន៍ទាំងនោះនឹងជួយអ្នកឲ្យស្គាល់ពីខ្លួនឯងកាន់តែស៊ីជម្រៅជាងមុន។ អ្នកចាប់ផ្ដើមកត់សម្គាល់ថាអ្វីជាចំណុចខ្សោយរបស់អ្នក អ្វីជាចំណុចខ្លាំងរបស់អ្នក។ បើកាលណាអ្នកស្គាល់ខ្លួនឯង នោះវាគឺជាជោគជ័យដ៏កម្រនិងមានតម្លៃខ្ពង់ខ្ពស់មួយនៅក្នុងជីវិតរបស់អ្នកហើយ ព្រោះមិនមានមនុស្សច្រើនទេដែលស្គាល់ពីខ្លួនឯង។

រឿងរ៉ាវនៅក្នុងលោកនេះគឺអាស្រ័យទៅលើការគិតរបស់អ្នកចំពោះវានោះទេ។ ហេតុនេះហើយអ្នកត្រូវចេះហ្វឹកហាត់ការគិតរបស់អ្នកកុំឲ្យទាល់ច្រក៕

ដោយ៖ ស្រីពៅ

 

X
5s