ឃ្លាចំនួន ៥ ដកស្រង់ពីសៀវភៅ Becoming របស់លោកស្រី មីឆែល អូបាម៉ា
Becoming គឺជាស្នាដៃនិពន្ធរបស់ស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺលោកស្រី មីឆែល អូបាម៉ា ដែលមានភាពល្បីល្បាញរហូតទាល់តែបំបែកកំណត់ត្រាជាសៀវភៅលក់ដាច់ជាងគេក្នុងឆ្នាំ២០១៨ក្នុងរយៈពេលទើបតែ១៥ថ្ងៃបន្ទាប់ពីសៀវភៅបានចេញផ្សាយ។ វាគឺជាសៀវភៅបែបកំណត់ត្រាដែលគាត់សរសេរពីបទពិសោធន៍ផ្ទាល់ខ្លួន ចាប់ផ្ដើមចេញពីការធំធាត់ឡើងនៅតំបន់ប៉ែកខាងត្បូងនៃទីក្រុងឈីកាហ្កូ ដល់ពេលមានការងារធ្វើ រហូតដល់ពេលគាត់ជួបលោកអូបាម៉ា ជីវិតរបស់គាត់អំឡុងពេលនៅសេតវិមាន ឫសគល់ដែលគាត់អាចបញ្ចេញមតិរបស់ខ្លួនឯង និងជីវិតជាម្ដាយ។ ខាងក្រោមនេះគឺជាឃ្លាចំនួន ៥ ដែលត្រូវបានដកស្រង់ចេញពីស្នាដៃដ៏អស្ចារ្យនេះរបស់លោកស្រី៖
១) «ខ្ញុំគិតថាវាគឺជាសំណួរដ៏ឥតប្រយោជន៍មួយដែលមនុស្សជំទង់សួរក្មេងៗថា តើឯងចង់ធ្វើអ្វីនៅពេលធំឡើង? សួរបែបនេះហាក់ដូចជាការធំឡើងមានដែនកំណត់ដូច្នោះ។ ហាក់ដូចជាដល់ចំណុចមួយអ្នកនឹងក្លាយជាអ្វីមួយហើយអ្វីៗបានបញ្ចប់ត្រឹមនេះ។»
២) «សម្រាប់ខ្ញុំ ការក្លាយជាអ្វីមួយមិនមែនជាការធ្វើដំណើរទៅដល់ទីកន្លែងណាមួយ ឬសម្រេចបាននូវគោលដៅជាក់លាក់ណាមួយនោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំមើលឃើញវាថាជាដំណើរឆ្ពោះទៅមុខ វិវឌ្ឍទៅមុខ ជាផ្លូវមួយដែលធ្វើដំណើរបន្តិចម្ដងៗឆ្ពោះទៅកាន់ខ្លួនឯងដែលប្រសើរជាងមុន។ ដំណើរនេះមិនមានទីបញ្ចប់នោះឡើយ។»
៣) «អាយុ៥៤ឆ្នាំខ្ញុំនៅតែស្ថិតលើផ្លូវវិវឌ្ឍខ្លួនឯងទៅមុខ ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបែបនេះរហូត។»
៤) «អ្នកកាន់តែល្បីល្បាញ អ្នកដែលស្អប់អ្នកក៏មានកាន់តែច្រើនដែរ។»
៥) «មេរៀនមួយដែលខ្ញុំបានធំធាត់ឡើងមកជាមួយគឺត្រូវតែស្មោះត្រង់ជាមួយខ្លួនឯងជានិច្ច ហើយមិនត្រូវអនុញ្ញាតឲ្យអ្វីដែលអ្នកដទៃនិយាយមករំខានអ្នកពីគោលដៅរបស់អ្នកឲ្យសោះ។»
ដោយ៖ ស្រីពៅ