សម្រង់គតិបណ្ឌិតចំនួន ៦ឃ្លា ដែលបានដកស្រង់ពីសៀវភៅ Tao Te Ching​



ឡៅជឺ ត្រូវបានគេស្គាល់ជាអ្នកនាំមុខនៃលទ្ធិតៅនិងជាទស្សនវិទូដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបរបស់ចិន ដែលត្រូវបានគេសន្និដ្ឋានថារស់នៅអំឡុងសតវត្សរ៍ទី៦មុនគ.ស.។ ប្រវត្តិសាស្ត្របាននិយាយតៗគ្នាថា លោកនឿយហត់ជាមួយនឹងជីវិតនៅក្នុងតុលាការរបស់រាជវង្សចូវនៅពេលដែលវាពុករលួយកាន់តែខ្លាំងទៅៗ។ ហេតុនេះលោកក៏ធ្វើដំណើរចេញពីអាណាចក្រចិនទៅកាន់ច្រកព្រំដែនខាងលិច។ ដោយសារតែមន្ត្រីនៅច្រកព្រំដែនស្គាល់រូបលោក ពួកគេក៏បានឲ្យគាត់សរសេរទុកនូវគតិបណ្ឌិតរបស់គាត់ ដែលមានចំណងជើងថា Tao Te Ching។ សរសេររួចហើយ លោកក៏ឆ្លងព្រំដែនទៅរស់នៅយ៉ាងស្ងប់ស្ងាត់និងបាត់ឈ្មោះពីប្រវត្តិសាស្ត្រទៅ។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាសម្រង់គតិបណ្ឌិតចំនួន ៦ឃ្លា ដែលបានដកស្រង់ពីសៀវភៅ Tao Te Ching៖

១) «ស្គាល់អ្នកដទៃគឺជាភាពវៃឆ្លាត ស្គាល់ខ្លួនឯងទើបជាបញ្ញាពិតប្រាកដ។ យកឈ្នះអ្នកដទៃគឺជាភាពខ្លាំងក្លា យកឈ្នះខ្លួនឯងទើបជាអំណាចពិតប្រាកដ។»

២) «នៅពេលអ្នករីករាយជាមួយនឹងការដែលធ្វើជាខ្លួនឯង ហើយមិនប្រៀបធៀបឬប្រកួតប្រជែង នោះគ្រប់គ្នានឹងគោរពអ្នក។»

៣) «នៅពេលអ្នកទទួលស្គាល់ថាអ្វីៗមិនទៀង នោះអ្នកនឹងមិនមានអ្វីទៀតដែលអ្នកជាប់ជំពាក់ទៀតឡើយ។ បើអ្នកមិនខ្លាចការស្លាប់ នោះគ្មានអ្វីដែលអ្នកមិនអាចសម្រេចបាននោះឡើយ។»

៤) «នៅពេលមនុស្សឃើញអ្វីមួយថាស្អាត អ្វីផ្សេងទៀតប្រែជាអាក្រក់។ នៅពេលមនុស្សឃើញអ្វីមួយថាល្អ នោះអ្វីផ្សេងទៀតប្រែជាអាក្រក់។»

៥) «បើគ្មានចំណង់តណ្ហា នោះអ្វីៗនឹងប្រែក្លាយជាសុខសន្តិភាព។»

៦) «ការបង្រៀនរបស់ខ្ញុំងាយស្រួលក្នុងការយល់និងងាយស្រួលក្នុងការអនុវត្ត។ តែប្រាជ្ញារបស់អ្នកមិនអាចចាប់វាបាននោះឡើយ ហើយបើអ្នកព្យាយាមអនុវត្តវា អ្នកនឹងបរាជ័យ។ ការបង្រៀនរបស់ខ្ញុំចំណាស់ជាងពិភពលោកទៅទៀត។ តើអ្នកអាចចាប់អត្ថន័យរបស់វាយ៉ាងដូចម្ដេចកើត ? បើអ្នកចង់យល់ពីខ្ញុំ ចូរស្វែងរកក្នុងបេះដូងរបស់អ្នក។»

ដោយ​៖ ស្រីពៅ

 

X
5s