សេចក្ដីទុក្ខ ខកចិត្ត​ ឈឺចាប់ ធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងប៉ឹង​ រឹងមាំ​



នៅលើលោកនេះគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានមូលហេតុរបស់វា។ រាល់ការឈឺចាប់ដែលអ្នកជួបនូវថ្ងៃនេះកំពុងតែបណ្ដុះគ្រាប់ពូជនៃភាពរឹងមាំនិងបញ្ញាដល់អ្នក។ ភាពឈឺចាប់ដែលអ្នកបានជួប បង្រៀនអ្នកឲ្យក្លាយជាមនុស្សរឹងមាំជាងមុន មានបញ្ញាយល់ស៊ីជម្រៅពីអត្ថន័យនៃជីវិតជាងមុន។

នៅក្នុងជីវិតនរណាម្នាក់ក៏ធ្លាប់មានការអន់ចិត្តដែរ ព្រោះការខកចិត្តនេះគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស។ ប៉ុន្តែតើអ្នកធ្លាប់ចូលស៊ីជម្រៅទៅដល់ឫសគល់នៃការខកចិត្តនេះទេ ? មនុស្សយើងតែងតែខកចិត្តចំពោះអ្នកដទៃនៅពេលពួកគេមិនធ្វើអ្វីមួយទៅតាមការរំពឹងទុករបស់យើង។ តាមពិតទៅឫសគល់នៃបញ្ហាជាក់ស្ដែងគឺមកពីយើងខ្លួនឯងនេះឯង គឺការរំពឹងទុករបស់យើងដែលធ្វើឲ្យយើងខកចិត្ត ធ្វើឲ្យឈឺចាប់ ពុំមែនមកពីកត្តាខាងក្រៅនោះឡើយ។

ចិត្តមនុស្សយើងតែងតែចង់បានបែបនេះ ចង់បានបែបនោះ មិនចេះចប់មិនចេះហើយនោះឡើយ។ ធម្មជាតិមានច្បាប់របស់វា វាមិនមែនចេះតែផ្លាស់ប្ដូរបត់បែនទៅតាមចិត្តរបស់អ្នកនោះឡើយ។ ហេតុនេះរាល់សេចក្ដីទុក្ខដែលអ្នកមានភាគច្រើនគឺមកពីខ្លួនឯងនេះឯង។ សម្លឹងមើលចេញពីជ្រុងម្ខាងទៀត ការខកចិត្តជាច្រើនដងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំ មនុស្សឯករាជ្យ ពឹងពាក់លើខ្លួនឯង រៀនដោះស្រាយបញ្ហាអ្វីៗដោយខ្លួនឯង មិនរំពឹងទុកអ្វីច្រើនពីអ្នកដទៃដូចមុនទៀតឡើយ ហើយអ្នកក៏គ្មានអ្វីនឹងត្រូវអន់ចិត្តជាមួយអ្នកដទៃទៀតនោះដែរ។

ការឈឺចាប់ទាំងអស់កើតឡើងសុទ្ធតែដើម្បីពង្រឹងអ្នកឲ្យរឹងមាំជាងមុន មានបញ្ញាជាងមុននៅក្នុងការរស់នៅនិងដោះស្រាយបញ្ហាក្នុងជីវិត។ ដរាបណាអ្នកមានបញ្ញា នោះអ្នកនឹងអាចប្រែរឿងអកុសលឲ្យទៅជារឿងកុសល បញ្ហាឲ្យទៅជាបញ្ញានៅក្នុងជីវិតបាន៕

ដោយ៖ ស្រីពៅ

 

X
5s