គួរធ្វើយ៉ាងណាពេលចូលរួមកម្មវិធីមួយហើយអ្នកមិនស្គាល់នរណាម្នាក់សោះ?​



វាមិនមែនជារឿងចម្លែកនោះទេដែលគ្រាន់តែមានអារម្មណ៍ថាឯកា តែលតោល នៅពេលទៅចូលរួមកម្មវិធីអ្វីមួយហើយអ្នកមិនស្គាល់នរណាម្នាក់សោះនោះ គ្រប់គ្នាសុទ្ធតែធ្លាប់ជួបអារម្មណ៍នេះដូចគ្នា។ ពេលដំបូងនៅក្នុងកម្មវិធីនោះ បើអ្នកជាមនុស្សម្នាក់ដែលទៅចូលរួមដោយគ្មានដៃគូ ឬអ្នកជាមនុស្សដែលមានភាពប្លែកខុសពីគេដូចជា អ្នកជាជនជាតិផ្សេងពីគេ ឬអ្នកអាចជានិសិ្សតមកពីសាលាផ្សេងពីគេ ឬជាតំណាងស្ថាប័នមួយដាច់ពីគេហើយគេអញ្ជើញអ្នកចូលរួមតែម្នាក់ឯងនោះ គ្រប់គ្នាអាចមើលមកអ្នករៀងប្លែកក៏ថាបាន។ 

តើធ្វើយ៉ាងណាទើបអាចទៅរាក់ទាក់ ឬនិយាយទៅកាន់មនុស្សនៅក្នុងចំណោមនោះបាន? 

១) អ្នកអាចរកមើលមនុស្សម្នាក់ដែលកំពុងនៅតែម្នាក់ឯងក្នុងពិធីនោះ

គេអាចជាមនុស្សម្នាក់ដែលត្រូវបានគេអញ្ជើញ ឬមកចូលរួមកម្មវិធីនោះម្នាក់ឯងដូចអ្នកដែរ។ ចូលទៅនិយាយជាមួយគេ ផ្តើមដោយការញញឹមហើយនិយាយថាសួស្តី ប្រាប់ឈ្មោះរបស់អ្នកទៅកាន់គេមុន និងចាប់ផ្តើមការសន្ទនា។ តែត្រូវមើលដែរថា គេនោះអាចនឹងចង់និយាយជាមួយអ្នកឬអត់ គួរគិតពីសុវត្ថិភាពនៃទំនាក់ទំនងដែរចៀសវាងការយល់ច្រលំណាមួយ។

២) អ្នកអាចបង្កើតមិត្តភាពនៅតុអាហារ

ពេលខ្លះអ្នកអាចចាប់ផ្តើមការសន្ទនាបាននៅពេលចាប់ផ្តើមញ៉ាំអាហារ។ អ្នកអាចសួរនាំទៅកាន់អ្នកដែលអង្គុយតុអាហាររួមគ្នាដោយការណែនាំខ្លួនឯងហើយសួរគេវិញថា គេវិញមកពីណាដែរ។ ពេលនៅតុអាហារអាចនឹងមានការលូកចាប់អាហារខ្វែងគ្នា ឬជ្រួសគ្នាក៏ជាឱកាសឲ្យអ្នកចាប់ផ្តើមនិយាយជាមួយមនុស្សដែលមិនស្គាល់គ្នាបានដែរ។ 

៣) អ្នកអាចជាមនុស្សដែលចូលចិត្តនៅ តែម្នាក់ឯងចាប់ផ្តើមជួបជាមួយអ្នកដទៃដែលមានចរិតស្រដៀងអ្នក

អ្នកខ្លះមិនសូវចូលចិត្តនិយាយស្តី មិនសូវចូលចិត្តចូលទៅក្នុងចំណោមនៃហ្វូងមនុស្សទេ។ បើអ្នកជាមនុស្សបែបនោះ អ្នកគួររកមើលថាមានមនុស្សណាដែលមានលក្ខណៈប្រហាក់ប្រហែលនឹងអ្នកទេ ហើយចូលទៅនិយាយជាមួយគេ បន្ទាប់មកអ្នកទាំងពីអាចបបួលគ្នាដើម្បីជជែកជាមួយនឹងអ្នកដទៃទៀតក្នុងគោលបំណងបង្កើនមិត្តភាព។

៤) ធ្វើការស្គាល់មនុស្សដោយចំណេះដឹងរបស់អ្នក

បើអ្នកជាវាគ្មិនក្នុងកម្មវិធីនោះ វាជារឿងងាយស្រួលណាស់ដែលអ្នកអាចធ្វើឲ្យអ្នកស្តាប់ (audience) ផ្តោតការចាប់អារម្មណ៍ និងស្គាល់អ្នក។ ដូច្នេះមុនពេលចូលរួមអ្នកគួរធ្វើការស្រាវជ្រាវបន្តិចទៅថា អ្នកចូលរួមភាពច្រើនជានរណា មកពីណា ពួកគេចង់ដឹងពីអ្វី ធ្វើបែបនេះអ្នកងាយស្រួលក្នុងការនិយាយអ្វីឲ្យត្រូវតាមការចង់បាន បឲនិងការរំពឹងទុករបស់ពួកគេថានឹងទទួលបានបន្ទាប់ពីមកចូលរួមស្តាប់ការបកស្រាយ ឬការនិយាយរបស់អ្នក។

៥) ដាក់គោលដៅឲ្យហើយមុនពេលអ្នកទៅកម្មវិធីនោះ

ដាក់គោលដៅយ៉ាងម៉េច? អ្នកដឹងច្បាស់ថាកម្មវិធីនោះអ្នកនឹងជួបមនុស្សថ្មីច្រើន អ្នកត្រូវកំណត់ខ្លួនឯងថាអ្នកត្រូវស្គាល់មនុស្សថ្មីយ៉ាងហោចម្នាក់ ឬពីរនាក់ ឬត្រូវជួបអតិថិជនដែលមានសក្តានុពល ឬជួបអ្នកដែលមានឥទ្ធិពលណាម្នាក់ ដូច្នេះអ្នកត្រូវចូលទៅនិយាយ ឬបង្ហាញការគួរសមជាមួយពួកគេឲ្យបាន។

៦) ប្រើភាពខុសប្លែកដែលអ្នកមានដើម្បីការសន្ទនាយ៉ាងស៊ីជម្រៅ

វាអាចជាភាពខុសគ្នានៃវ័យ ឬសាសនា ឬតំបន់នៃការរស់នៅ ដោយអ្នកអាចចែករំលែកពីអ្វីដែលអ្នកជួប អ្វីដែលអ្នកតែងបានធ្វើ ប្រាប់ឲ្យពួកគេបានដឹង ហើយពួកគេនឹងនិយាយពីរឿងរ៉ាវរបស់គេវិញម្តងមិនខាន។

៧) អាចជាការសុំឲ្យគេជួយ

ពេលខ្លះអ្នកមិនហ៊ាននិយាយជាមួយមនុស្សប្លែកមុខទេ តែដោយសារមានបញ្ហាអ្នកអាចនឹងសុំឲ្យគេជួយអ្នក ពេលនោះអ្នកក៏អាចចាប់ផ្តើមការសន្ទនាបានយ៉ាងក៏ដែរ វាមិនខុសទាស់អីទេ។

៨) ស្នាមញញឹម

រឿងដែលងាយបំផុតទោះនៅចំនុចចុងក្រោយ តែអ្នកត្រូវមានស្នាមញញឹមជានិច្ចបើចង់បង្កើនមិត្តភាពពិសេសជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្នាទៀត។ ញញឹមនាំឲ្យមនុស្សនៅជុំវិញខ្លួនអ្នកមានអារម្មណ៍ស្រស់ស្រាយ និងរីករាយក្នុងការរាប់អានអ្នក។ វាមិនខាតទេដែលអ្នកតែងបន្សល់ស្នាមញញឹមជាប់លើផ្ទៃមុខជានិច្ចនោះ ហើយត្រូវចាំថាការងារមួយចំនួនក៏ទទួលបានជោគជ័យដោយសារស្នាមញញឹមនេះដែរ ដូច្នេះកុំភ្លេចញញឹមឲ្យបានច្រើន៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s