ការ​អាន​បង្កើត​បញ្ញវន្ត ​ប្រទេស​ដែល​មាន​បញ្ញវន្ត​ច្រើន​ជា​ប្រទេស​រីក​ចម្រើន​



នៅ​ក្នុង​វេទិកាយុវជន​ស្ដី​អំពី ជំនាញ​អាន​សតវត្សរ៍​ទី​២១ ដែល​រៀបចំ​ដោយ​អង្គការកម្មវិធី​អភិវឌ្ឍន៍ធនធាន​​យុវជន​ហៅ​កាត់​ថា YRDP  លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយក​ប្រតិបត្តិ​នៃ​មូលនិធិ ម៉េងលី ជេ. គួច  ដែល​មនុស្ស​ភាគ​ច្រើន​តែង​ស្គាល់​ បាន​ចែក​រំលែក​នូវ​ពាក្យ​មួយ​ឃ្លា​សម្រាប់​ការ​ពិចារណា​ និង​ជំរុញ​យុវជន​ថា «ការ​អាន​បង្កើត​បញ្ញវន្ត​ ហើយ​ប្រទេស​ដែល​មាន​បញ្ញវន្ត​ច្រើន​ជា​ប្រទេស​ដែល​រីក​ចម្រើន​ ចុះ​បើ​ប្រទេស​ដែល​មាន​យុវជន​ច្រើន​តែ​បែរជា​មិន​អាន តើ​ប្រទេស​នោះ​អាច​វិវត្ត​កើត​ទេ?»។

អត់​ចំណេះ​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ដឹក​នាំ​ យើង​ខ្លាចយើង​គ្មាន​ភាព​ឯក​រាជ្យ។ល។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឧកញ៉ា គួច ម៉េងលី។ លោក​ថា ដោយ​សារ​តែ​យុវជន​យើង​ខ្វះ​ការ​អាន​ទើប​ធ្វើ​ឲ្យ​យើង​មាន​ចំណេះដឹង​នូវ​ស្ទាក់​ស្ទើរ​ដែល​ធ្វើ​ឲ្យ​យើង​នៅ​ខ្លាច​គេ យើង​មិន​ហ៊ាន​ដឹក​នាំ​ពួក​បរទេស​ទេ សុខ​ចិត្ត​ធ្វើ​ការ​ឲ្យ​ពួក​បរទេស យើង​ឲ្យ​តម្លៃ​គេ និង​មិន​ដឹង​ពី​តម្លៃ​ខ្លួន​ឯង នេះ​ក៏​ដោយ​សារ​តែ​យើង​នៅ​ខ្សោយ​នៅ​ឡើយ។ 

ហេតុ​អ្វី​បាន​ជា​យើង​នៅ​ខ្សោយ? ដោយ​សារ​តែ​យើង​មិន​ចេះ ដូច្នេះ​ឲ្យ​តែ​ពួក​បរទេស​មក យើង​​តែងតែ​ទៅ​ធ្វើ​ជា​ជំនួយការ​ឲ្យ​គេ មិន​ដែល​ឲ្យ​គេ​មក​ធ្វើ​ជំនួយការ​យើង​សោះ នោះ​ដោយ​សារ​តែ​យើង​មិន​ទាន់​មាន​ផ្នត់​គំនិត​បែប​នោះ​​នៅ​ឡើយ។ ការ​អាន​ធ្វើ​ឲ្យ​យើង​យល់​ដឹង​ជ្រៅជ្រះ ធ្វើ​ឲ្យ​យើង​ចេះ​គិត​វែង​ឆ្ងាយ​ មិន​មែន​គេ​និយាយ​មក​យើង​ចេះ​តែ​យល់ស្រប​ទៅ​តាម​តែ​គេ​នោះ​ទេ ហើយ​បើ​យើង​នៅ​តែ​បន្ត​អញ្ចឹង​គឺ​យើង​ចោល​បាយ​ហើយ។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​លោក​ឧកញ៉ា​។

លោក​ឧកញ៉ា​ថា ប្រទេស​ជឿន​លឿន​ភាគ​ច្រើន​នៅ​លើ​សាកលលោក​ពលរដ្ឋ​របស់​គេ​បាន​បណ្ដុះ​នូវ​វប្បធម៌​នៃ​ការ​អាន​តាំង​ពី​ក្មេង​មកម៉្លេះ ពោល​គឺ​ឪពុក​ម្ដាយ​អាណាព្យាបាល​ គេ​អាន​សៀវភៅ​ឲ្យ​កូន​គេ​ស្ដាប់​តាំង​ពី​កូន​នៅ​ក្នុង​ពោះ​នៅ​ឡើយ ពេល​ទំនេរ​គេ​នាំ​កូន​ទៅ​បណ្ណាល័យ​ ទៅ​អាន​សៀវភៅ​។ ចុះ​ហេតុ​អ្វី​ចាំ​បាច់​ធ្វើ​ដូច្នេះ​? ព្រោះ​ក្មេង​ប្រៀប​ដូច​ជា​ក្រដាស​ស​ បើ​យើង​ផាត់​ពណ៌​អ្វី​វា​នឹង​ចេញ​ពណ៌​នោះ។ ដូច្នេះ​សង្គម​គេ​ ការ​រស់នៅ​របស់​ពលរដ្ឋ​គេ​គឺ​ពោរពេញ​ដោយ​សេចក្ដី​ថ្លៃថ្នូរ។ 

ឧកញ៉ា គួច មេងលី «យើង​ត្រូវ​ចាប់​ផ្ដើម​កែប្រែ​ពី​ពេល​នេះ​ទៅ ត្រូវ​ទម្លាប់​អាន​ អាន​ឲ្យ​ច្រើន ទាំង​សៀវភៅ​ខ្មែរ​សៀវភៅ​បរទេស នោះ​ទើប​យើង​ចេះ បើ​យើង​ចេះ​ហើយ​ទើប​យើង​ហ៊ាន​និយាយ​ដោយ​មិន​ខ្លាច»

រូបភាព៖ YRDP

ដោយ៖ ជួប ស្រីរ័ត្ន