លីហួរវេលុយ ឈានទៅពង្រីកសេវាកម្មផ្ទេរប្រាក់ខ្នាតអន្តរជាតិជាមួយក្រុមហ៊ុនម៉ាឡេស៊ី​



ភ្នំពេញ៖ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ដើម្បីដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី។ 

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានប្រសាសន៍ឲ្យដឹងថា៖  នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ដែលផ្តល់ភាពងាយស្រួសឲ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅទីនោះ អាចផ្ទេរប្រាក់មកកម្ពុជាបាន ខណៈបច្ចុប្បន្ន លីហួរវេលុយ បានពង្រីកសាខាភ្នាក់ងាររបស់ខ្លួនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។

ការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិនេះនឹងជួយសម្រួលប្រជាជនកម្ពុជាដែលកំពុងរស់នៅម៉ាឡេស៊ី ដែលអាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួននៅឯស្រុកកំណើតយ៉ាងរហ័ស និងមានសុវត្តិភាពតាមរយៈក្រុមហ៊ុន Merchantrade Asia Sdn. Bhd.។

លោកឧកញ៉ាបន្តថា ឥឡូវនេះ អតិថិជនអាចដកប្រាក់ ដែលផ្ញើពីប្រទេសម៉ាឡេស៊ី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស ជាពិសេសការដកប្រាក់ផ្ញើចំណាយពេលត្រឹមតែ ១០នាទីតែប៉ុណ្ណោះពិតជារហ័ស និងមានសុវត្តិភាព។

លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានឲ្យដឹងថា៖ យើងសង្ឃឹមថា តាមរយៈភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការចាប់ដៃគូជាមួយ លី ហួរ វេរលុយ ដើម្បីផ្តល់នូវសុវត្ថិភាព និងរហ័ស សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ីទាំងអស់ ក្នុងការផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា។

លោកបន្តថា សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ មកឱ្យសាច់ញាត្តិ ឬមិត្តភក្តិដែលរស់នៅប្រទេសកម្ពុជាយ៉ាងរហ័ស និងមានសុវត្តិភាព។

គួរបញ្ជាក់ថា ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដូចជា៖ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រផ្សេងៗ និងសេវាកម្មផ្សេងៗទៀត៕

ដោយ៖ ស្រីពេជ្រ

X
5s