លោក Soren Kierkegaard ៖«ជីវិតអាចយល់បានដោយងាកមើលត្រឡប់ក្រោយ តែវាត្រូវរស់នៅឆ្ពោះទៅមុខ។»​



មិនថាអ្នកក្នុងពេលនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ នៅពេលអ្នកងាកត្រឡប់ថយក្រោយទៅមើលរឿងរ៉ាវអតីតកាលវិញ នោះអ្នកនឹងឃើញថារឿងរ៉ាវទាំងអស់ដែលបានកើតឡើងគឺសុទ្ធតែមានហេតុផលរបស់វាដែលត្រូវកើតឡើង។ ភាពឈឺចាប់ដែលអ្នកមាននៅថ្ងៃនេះគឺជាភាពរឹងមាំនៅថ្ងៃស្អែក។ ការដែលអ្នកបានក្លាយជាមនុស្សដែលរឹងមាំម្នាក់នៅថ្ងៃនេះ គឺជាផ្លែផ្កាដែលទទួលបានមកពីគ្រាប់ពូជនៃការឈឺចាប់នៅថ្ងៃមុន។ ត្រង់ចំណុចនេះលោក Soren Kierkegaard ក៏បាននិយាយថា «ជីវិតអាចយល់បានដោយងាកមើលត្រឡប់ក្រោយ តែវាត្រូវរស់នៅឆ្ពោះទៅមុខ។»

បើទោះជាមានពេលខ្លះ អ្នកមានអារម្មណ៍ថាទទួលភាពអយុត្តិធម៌នៅក្នុងជីវិតក៏ដោយ តែច្បាប់ធម្មជាតិគឺជាច្បាប់ដែលសុក្រឹតបំផុត ព្រោះវាមិនត្រូវបានគ្រប់គ្រងដោយអ្នកមានអំណាចឥទ្ធិពលណាម្នាក់នៅលើលោកនេះឡើយ។ អ្វីដែលអ្នកបានជួបនៅគ្រប់ខណៈគឺសុទ្ធតែមានហេតុផលរបស់វាទាំងអស់។ នៅក្នុងជីវិតមានរឿងរ៉ាវជាច្រើនដែលអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត ហេតុដូច្នេះហើយអ្នកមិនត្រូវចុះចាញ់វាឡើយ អ្នកត្រូវសប្បាយចិត្តឡើង មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ក្នុងជីវិតមានឧបសគ្គជាច្រើនចងអ្នកជាប់រហូត មិនថាអ្នកមានលុយប៉ុណ្ណា មានអំណាចប៉ុណ្ណាក៏ដោយ អ្នកមិនអាចរួចផុតពីចំណងទាំងឡាយនៅក្នុងជីវិតបានឡើយ។

ការលំបាកជាច្រើននៅរង់ចាំអ្នក គឺដើម្បីពិសោធន៍លើភាពអត់ធ្មត់របស់អ្នក ថាតើអ្នកស័ក្ដិសមនឹងទទួលបានអ្វីមួយដែលអ្នកតែងចង់បានរហូតមកនៅក្នុងជីវិតអ្នកឬអត់។ បើអ្នកចាំសង្កេតមើលឲ្យស៊ីជម្រៅ នោះអ្នកនឹងរកឃើញថារាល់ការលំបាកទាំងនោះកើតឡើងគឺដើម្បីផ្ដល់មេរៀនអ្វីម្យ៉ាងដល់អ្នក គឺតាមរយៈបទពិសោធន៍ជីវិតនេះឯង ទើបអ្នកទទួលបាននូវបញ្ញា និងគតិបណ្ឌិតអំពីជីវិត។

ប៉ុន្តែដូចអ្វីដែលលោក Soren Kierkegaard បានលើកឡើងដូច្នោះ ជីវិតយើងត្រូវតែដើរឆ្ពោះទៅមុខជានិច្ច។ ត្រូវចងចាំនូវមេរៀនដែលបទពិសោធន៍ក្នុងជីវិតអ្នកបានបង្រៀនអ្នក រួចហើយអ្នកត្រូវបន្តដំណើរជីវិតរបស់អ្នកឆ្ពោះទៅមុខទៀតមិនមែនជាប់គាំងនៅក្នុងស្រមោលអតីតកាលនោះឡើយ៕

ដោយ៖ ស្រីពៅ

 

X
5s