សមាសធាតុផ្សំទាំង ៥ ដែលធ្វើឲ្យអាជីវកម្មរីកចម្រើនបានឆាប់រហ័ស​



រាល់ម្ចាស់អាជីវកម្ម គឺសុទ្ធតែចង់ឲ្យគោលដៅអាជីវកម្មរបស់ខ្លួនបានសម្រេច រួមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័ស។ មិនមែនអាជីវកម្មទាំងអស់សុទ្ធតែអាចទទួលបានជោគជ័យ និងរីគចម្រើនបានលឿនទេ តែបើអាជីវកម្មដែលអាចមានការជោគជ័យ និងពង្រីកខ្លួនបានលឿន មានន័យថាម្ចាស់អាជីវកម្មនោះមានចំណេះដឹង និងលក្ខណៈពិសេសណាមួយដើម្បីបញ្ជា្របខ្លួនហើយ។

តើអ្វីទៅដែលជាសមាសធាតុផ្សំជួយឲ្យអាជីវកម្មមានការរីកចម្រើនបានឆាប់រហ័ស?

១) កំណត់ឲ្យច្បាស់ពីអ្វីដែលឃាឃាំងអ្នកពីការប្រកួតប្រជែង

អ្វីដែលសំខាន់សម្រាប់មនុស្សម្នាក់ៗលើការប្រកបរបរអាជីវកម្មនោះគឺ ការដែលស្គាល់ខ្លួនឯងច្បាស់ដឹងថាអ្វីដែលជាការប្រកួតប្រជែងទាំងខាងក្នុង និងខាងក្រៅរបស់អ្នក។ រកឲ្យឃើញថាអ្នកដែលរារាំងអ្នកពីការប្រកួតប្រជែងជាមួយដៃគូ បន្ទាប់មកស្វែងរកអត្ថប្រយោជន៍ និងឱកាសពីឧបសគ្គទាំងនោះ។

២) ដឹងពីអ្វីដែលជាគំនិតនៃតម្រូវការរបស់អតិថិជន

ការដែលអាចរកចំណូលបានពីអាជីវកម្ម គឺជាការលក់ផលិតផល ឬសេវាកម្មទៅកាន់អតិថិជន។ ពេលមានអតិថិជនទិញកាន់តែច្រើន មានន័យថាគេគាំទ្រយើងកាន់តែខ្លាំង ខ្លួនយើងដឹងពីតម្រូវការអតិថិជនកាន់តែច្បាស់ ពេលនោះហើយដែលអាជីវកម្មមានការរីកចម្រើនកាន់តែលឿន។ កំហុសមួយរបស់ម្ចាស់អាជីវកម្មដែលតែធ្វើឲ្យពួកគេបរាជ័យនោះគឺមិនទាន់ដឹងពីតម្រូវការអ្នកប្រើប្រាស់ ហើយពួកគេផលិតផលិតផល ឬសេវាកម្មជាមុនទើបយកទៅលក់ជូនអតិថិជន ជាងនោះទៀតគឺគាត់មិនព្រមផ្លាស់ប្តូរការផលិតដើម្បីស្របតាមតម្រូវការអតិថិជន។

៣) យល់ពីអ្វីដែលជាសូចនាករសំខាន់នៃការងាររបស់អ្នក

ដើម្បីរីកលូតលាស់បាន អ្នកត្រូវដឹងច្បាស់ពីខ្លួនឯងថាអ្វីជាការងារសំខាន់ដែលអ្នកត្រូវធ្វើ? គ្រប់អាជីវកម្មត្រូវតែមានការងារសំខាន់ដែលជាសូចនាកររបស់អ្នក។ ពេលអ្នកមាន KPI មានន័យថាអ្នកបានគ្រោងការងារសម្រាប់ធ្វើប្រចាំថ្ងៃ ប្រចាំខែ វាអាចជាការកំណត់ថាក្នុងថ្ងៃនេះអ្នកត្រូវធ្វើការងារអ្វីខ្លះ ក្នុងសប្តាហ៍នេះអ្នកត្រូវលក់បានប៉ុន្មានឯកតា ហើយដើម្បីសម្រេចបានផែនការលក់សម្រាប់មួយខែនេះអ្នកត្រូវមានសកម្មភាពអ្វីខ្លះ? អ្វីទៅដែលអ្នកគិតថាវាការលំបាក ជាឧបសគ្គរារាំងអ្នកមិនឲ្យសម្រេចគោលដៅ? ដល់ពេលកំណត់អ្នកត្រូវត្រួតពិនិត្យមើលឡើងវិញថាការងារដែលអ្នកដាក់ចេញ និងលទ្ធផលវាស៊ីសងគ្នាទេ បើវាបានសម្រេចទៅតាមផែនការមានន័យថាអ្នកអាចបន្តពង្រីកសមត្ថភាពអ្នកបាន តែបើវានៅក្រោមការរំពឹងទុកខ្លាំង អ្នកត្រូវរកវិធីសាស្រ្តកែប្រែនិងដោះស្រាយបញ្ហាឲ្យបាន។

៤) មានការយល់ដឹងពីហិរញ្ញាវត្ថុអាជីវកម្មរបស់អ្នក

ការធ្វើផែនការហិរញ្ញវត្ថុជារឿងមួយចាំបាច់បំផុតដែលអាជីវកម្មគ្រប់ទាំងអស់ត្រូវមាន ពេលមានផែនការអ្នកមានការចំណាយមួយដែលមិនខ្ជះខ្ជាយ ហើយអ្នកអាចគ្រប់គ្រងចំណាយបានយ៉ាងល្អ ទោះបីចំណុលរបស់អ្នកមិនទាន់ចូលច្រើនតាមការគ្រោងទុក ក៏អ្នកមិនសូវជាមានការភ័យខ្លាចដោយសាររឿងចំណាយច្រើននិងគ្មានរបៀបរៀបរយដែរ។

៥) វិនិយោគលើជំនាញដែលត្រឹមត្រូវមួយ

វិនិយោគលើអាជីពមួយ លើរបរមួយដែលត្រឹមត្រូវតាមជំនាញ និងទេព្យកោសល្យមានន័យថាអ្នកកំពុងដើរលើវិថីមួយដែលត្រឹមត្រូវ។ សួរថាហេតុអ្វីបានជានិយាយដូច្នេះ? អ្នកសាកគិតមើលថា វានឹងមានបញ្ហាអ្វីកើតឡើងនៅពេលដែលអ្នកចង់បើកហាងលក់បាយម្ហូបមួយ តែអ្នកមិនចេះសូម្បីតែដាំបាយ តើអ្នកអាចបើកអាជីវកម្មមួយនេះបានដោយវិធីណា ឬអ្នករំពឹងថាចាំជួលចុងភៅឲ្យមកធ្វើឲ្យ ជួយកម្មករ បុគ្គលិក ៥ ទៅ ១០ នាក់ជួយការងារក្នុងហាង។ តើអ្នកដឹងទេថា ថ្លៃចំណាយលើការទិញគ្រឿង បន្លែ ត្រីសាច់ រាល់ថ្ងៃវាពិតជាត្រឹមត្រូវមែន? តែបើអ្នកដឹងច្បាស់ថា ពេលបើកហាងបាយម្ហូបអ្នកត្រូវការអ្វីខ្លះ ក្នុងម្ហូបមួយចានអ្នកគិតជាមធ្យមថានឹងចំណាយអស់ប៉ុន្មានសរុប អ្នកដឹងច្បាស់ថាក្នុងមួយខែអ្នកអាចនឹងទិញអង្ករអស់ប៉ុន្មានបាវ។ ដូច្នេះ អាជីវកម្មមួយនៅពេលដែលសហគ្រិនចង់ចាប់យកវា សហគ្រិនខ្លួនឯងត្រូវប្រាកដថា ខ្លួនពិតជាមានជំនាញ អាចធ្វើវាបានដោយខ្លួនឯង មិនមែនអ្នកមានត្រឹមលុយបោះទៅវិនិយោគ ហើយអ្នកមិនចេះអ្វីសោះនោះទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s