ព្រីនស៍ស៊ុបភើម៉ាឃីត៖ សេវាកម្ម ផលិតផលល្អ តម្លៃសមរម្យ ជាយុទ្ធសាស្ត្ររបស់ព្រីនស៍ក្នុងការពង្រីកទីផ្សារ​



ភ្នំពេញ៖ ព្រីនស៍ស៊ុបភើម៉ាឃីត បានប្រកាសបើកដំណើរការទីតាំងផ្សារទំនើបរបស់ខ្លួនជាផ្លូវការហើយក្នុងសង្កាត់ទួលស្វាយព្រៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ខណៈអ្នកគ្រប់គ្រងផ្សារទំនើបនេះ បានមើលឃើញពីតម្រូវការនៃការលក់រាយ មានការកើនឡើងក្នុងទីក្រុង។

ក្នុងពិធីបើកសម្ពោធន៍ជាផ្លូវការនូវផ្សារទំនើបព្រីនស៍សាខាទី៧ នាព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា ផ្សារទំនើបទី៧ របស់ Prince SuperMarket នេះ មានទំនិញចម្រុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ២៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។

ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។

លោកបានបន្តថា ឈរលើគោលការណ៍ទាំងនេះ ព្រីនស៍ស៊ុបភើម៉ាឃីត ទទួលបាននូវការគាំទ្រច្រើនពីអតិថិជន ក្នុងរាជធានីភ្នំពេញ លើការផ្តល់ជូននូវផលិតផលលក់រាយ ដែលមានតម្លៃសមរម្យ និងមានគុណភាព រហូតឈានទៅបើកសាខាថ្មីៗជាបន្តបន្ទាប់ ចំនួន៧ទីតាំង ក្នុងរយៈពេលដ៏ខ្លី។

លោកបានសង្កត់ធ្ងន់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងពង្រីកទីតាំងផ្សារទំនើបព្រីនស៍អោយបាន១០ទីតាំងបន្ថែមក្នុងរាជធានីភ្នំពេញត្រឹមឆ្នាំ២០១៩នេះ មុននឹងក្រុមហ៊ុន ឈានជើងទៅពង្រីកទីតាំងបន្ទាប់នៅតាមបណ្ដាខេត្ត។ 

លោកបន្តថា វត្តមានផ្សារទំនើបទី៧របស់   Prince SuperMarket ទល់មុខវិទ្យាល័យទួលស្វាយព្រៃនេះ  ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសៗ និងប្រមូសិនជាច្រើន។

សម្រាប់សាខាថ្មីនេះ ព្រីនស៍ស៊ុបភើម៉ាឃីត ក៏មានបន្ថែមជូន នូវការបញ្ជុះតម្លៃរហូតដល់៣០% លើគ្រប់ផលិតផល ជាង៣ពាន់មុននៅក្នុងហាងផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីមានវត្តមានក្នុងប្រទេសកម្ពុជា ព្រីនស៍ស៊ុបភើម៉ាឃីត បានបោះទុនវិនិយោគក្នុងឧស្សាហ៍កម្មផ្សារទំនើបទាំង៧ទីតាំងនេះ ក្នុងទំហំទឹកប្រាក់សរុប ៥លានដុល្លារ ហើយគ្រោងនឹងបើកផ្សារថ្មីៗបន្ថែមអោយបាន១០ទីតាំងក្នុង១ឆ្នាំៗ ៕

ដោយ៖ ស្រីពេជ្រ

X
5s