«ធ្នូអាចបាញ់បានដោយទាញវាថយក្រោយ ដូចនេះនៅពេលជីវិតទាញអ្នកថយក្រោយ វានឹងនាំអ្នកទៅរកអ្វីដែលអស្ចារ្យ»​



អ្នកនិពន្ធសៀវភៅ Alchemist ដែលជាសៀវភៅប្រភេទប្រលោមលោកដ៏ល្បីឈ្មោះមួយក្បាលគឺលោក Paulo Coelho មានសម្ដីមួយឃ្លាថា «ធ្នូអាចបាញ់បានដោយទាញវាថយក្រោយ។ នៅពេលជីវិតទាញអ្នកថយក្រោយជាមួយនឹងការលំបាក នេះមានន័យថាវានឹងនាំអ្នកទៅរកអ្វីដែលអស្ចារ្យ។ ដូច្នេះចូរផ្ដោតស្មារតីហើយតម្រង់ឆ្ពោះទៅមុខ។» បញ្ញាដែលអ្នកទទួលបាននៅថ្ងៃនេះគឺជាលទ្ធផលដែលទទួលបានមកពីការឈឺចាប់នៅថ្ងៃមុន។ ក្នុងពេលនេះអ្នកអាចកំពុងតែឆ្លងកាត់រឿងរ៉ាវឈឺចាប់នៅក្នុងជីវិតអ្នក ប៉ុន្តែនៅថ្ងៃណាមួយក្នុងពេលខាងមុខ អ្នកនឹងយល់ថាហេតុអ្វីអ្នកត្រូវជួបរឿងរ៉ាវបែបនោះកាលពីថ្ងៃមុន។

អារ៉ាបក៏មានសុភាសិតមួយថា «គ្មានបុគ្គលណាម្នាក់ដែលអាចក្លាយជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់ដោយមិនធ្លាប់មានជំងឺសោះនោះទេ។» ការជួបបញ្ហាគឺបង្រៀនអ្នកឲ្យចេះដោះស្រាយវា។ អ្នកអាចនឹងក្លាយជាវេជ្ជបណ្ឌិតបានដោយងាយស្រួល ប៉ុន្តែភាពងាយស្រួលនេះនឹងធ្វើឲ្យភាពជាវេជ្ជបណ្ឌិតរបស់អ្នកគ្មានតម្លៃអ្វីនោះទេ។ គឺតាមរយៈការជួបបញ្ហាទើបវេជ្ជបណ្ឌិតនីមួយៗដឹងថាត្រូវដោះស្រាយវាយ៉ាងដូចម្ដេច។ បើគេមិនធ្លាប់ឆ្លងកាត់បញ្ហាដែលអាចជាព្យុះភ្លៀងផ្គរក្នុងជីវិតទេ តើគេនឹងអាចដោះស្រាយបញ្ហាសំខាន់និងបន្ទាន់នៅចំពោះមុខយ៉ាងដូចម្ដេចកើត។

អ្នកអាចនឹងមានអារម្មណ៍ថាតូចចិត្តដែលអ្នកមិនបានទទួលភាពស្រណុកសុខស្រួលក្នុងជីវិតដូចមនុស្សឯទៀត ប៉ុន្តែនៅថ្ងៃណាមួយអ្នកនឹងងាកត្រឡប់ក្រោយមើលអ្វីដែលអ្នកបានឆ្លងកាត់នៅថ្ងៃនេះ និងមានអំណរដឹងគុណដែលជីវិតបានឲ្យអ្នកជួបឧបសគ្គទាំងនោះក្នុងជីវិត។ បើអ្នកដាក់ខ្លួនឲ្យទាប ហើយបើកចិត្តទូលាយចាំរៀនសូត្រពីជីវិតរបស់ខ្លួនឯង នោះអ្នកនឹងរកឃើញថាគ្រប់ស្ថានការណ៍ទាំងឡាយក្នុងជីវិតអ្នក សុទ្ធតែអាចផ្ដល់មេរៀនអ្វីម្យ៉ាងមិនថាតិចឬច្រើនដល់អ្នក។

តាមពិតទៅក្នុងជីវិតមនុស្សម្នាក់ៗគ្មាននរណាម្នាក់អាចគេចផុតពីសេចក្ដីទុក្ខ ការឈឺចាប់ ឧបសគ្គនិងភាពល្វីងជូរចត់បាននោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់គឺស្ថិតនៅត្រង់ផ្នត់គំនិតរបស់អ្នក ទស្សនរបស់អ្នក ឬការមើលឃើញរបស់អ្នកចំពោះជីវិត ថាតើអ្នកចង់មើលវានៅក្នុងផ្លូវបែបណា នោះទើបជារឿងសំខាន់។ ទម្រាំតែអ្នកជំនាញបានក្លាយជាអ្នកជំនាញ អ្នកនឹងមើលឃើញស្នាមដាននៅក្នុងជីវិតរបស់ពួកគេគឺពោរពេញដោយបញ្ហាលំបាកៗ។ គឺការលំបាកទាំងអស់នេះហើយដែលហាត់ពត់លត់ដំពួកគេឲ្យក្លាយជាមនុស្សដ៏មានទេពកោសល្យម្នាក់ក្នុងជីវិត៕

 

X
5s