Bill Gates ថា ពិភពលោក​អាច​ល្អ​ប្រសើរ​ជាង​នេះ​បើ​មនុស្ស​រាប់​​លាន​​នាក់​​ងាក​មក​អាន​សៀវភៅ​មួយ​នេះ​



កំពូល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី២​នៅ​លើ​ពិភពលោក​គឺ​លោក Bill Gates ដែល​គេ​​ទទួលស្គាល់​ថា ជា​​​មនុស្ស​ម្នាក់​ដែល​ជក់ចិត្ត​នឹង​ការ​អាន​សៀវភៅ​រាប់​មិន​អស់ បាន​លើក​ឡើង​ថា ពិភពលោក​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​មនុស្ស​រាប់​​លាន​​អ្នក​ចាប់អារម្មណ៍​ងាក​មក​អាន​សៀវភៅ​មួយ​នេះ។

បើ​តាម​​​លោក Bill Gates សៀវភៅ​មួយ​ក្បាល​ដែល​លោក​​ចង់​ឲ្យ​មនុស្ស​​រាប់​មាន​អ្នក​​អាន​មាន​ចំណងជើង​ថា "Factfulness: Ten Reasons We're Wrong About the World—and Why Things Are Better Than You Think” ឬ ប្រែ​ថា "ការពិត៖ ហេតុផល ១០ យ៉ាង​ដែល​យើង​​យល់​ខុស​​ពី​ពិភពលោក ​និង​ហេតុអ្វី​​បាន​ជា​អ្វីៗ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​គិត​”

សៀវភៅ​នេះ​និពន្ធ​ដោយ​មិត្តភក្ដិ​របស់​លោក​​​គឺ​លោក Hans Rosling ដែល​ជា​រូប​វិទូ អ្នក​ជំនាញ​ស្ថិតិ អ្នក​ជំនាញ​ផ្នែក​សុខភាព និង​ជា​វាគ្មិន​ល្បីល្បាញ​របស់​ស្វីស។ ក៏ប៉ុន្តែ​លោក Rosling មិនទាន់​បាន​ឃើញ​​សៀវភៅ​របស់​លោក​ចេញផ្សាយ​​ជា​សាធារណៈ​ទេ ដោយហេតុ​ថា លោក​បាន​​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ ២០១៧ ហើយ​កូន​ប្រសារ​ប្រុសស្រី​របស់​លោក​ជា​អ្នក​ជួយ​និពន្ធ​ចងក្រង​បញ្ចប់។

​​«សៀវភៅ  Factfulness  បង្ហាញ​ពី​របៀប​មើល​ពិភពលោក​នៅ​ក្នុង​ទិដ្ឋភាព​ផ្សេងគ្នា ដោយ​បាន​លាតត្រដាង​ពី​សភាវគតិ​ចំនួន ​១០​រារាំង​យើង​មិន​ឲ្យ​មើលឃើញ​​នូវ​រឿងរ៉ាវ​ការពិត​របស់​​ពិភពលោក​ដូចជា វា​ល្បួង​យើង​ឲ្យ​​យល់​ច្រឡំ និង​បែងចែក​អ្វីៗ​ទៅ​កាន់​ផ្លូវ​២​ផ្សេង​គ្នា។ នៅ​ក្នុង​សភាវគតិ​នីមួយៗ គាត់​បាន​ផ្តល់​ដំបូន្មាន​អំពី​​របៀប​យក​ឈ្នះ​លើ​ភាព​លំអៀង​​ចេញ​ពី​ខ្លួន​យើង»។ នេះ​​បើ​តាម​​​សំណេរ​របស់​លោក Bill Gates ដែល​បាន​សរសេរ​នៅ​ក្នុង​ប្លុក​ផ្ទាល់​ខ្លួន​របស់​លោក។

ប៉ុន្តែ​លោក​​​​​ថា “ របកគំហើញ​ដ៏​ធំ​បំផុត” សម្រាប់​លោក​​ផ្ទាល់​នៅពេល​​បាន​អាន​​សៀវភៅ​របស់​លោក Rosling ដែល​បាន​​លើកឡើង​​ពី​​ចំណាត់ថ្នាក់​​ទ្រព្យសម្បត្តិ ៤ កម្រិត​​របស់​ពិភពលោក ​គឺ​កម្រិត​ទី១​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ភាព​ក្រីក្រ​ខ្លាំង​។  កម្រិត​នេះ​​​មាន​អ្នក​ដែល​អាច​រស់​បាន​ត្រឹម​ចំណូល​ ២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឬ ​ក៏​តិច​ជាង​នេះ ខណៈ​ដែល​​ចំណាត់ថ្នាក់​​​ទ្រព្យសម្បត្តិ​​​របស់​អ្នក​កម្រិត​ទី​ ៤ ​វិញ ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ជាង ៣២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា ប្រជាជន​សាកលលោក​ភាគច្រើន​​ ឬ ៣ ពាន់​លាន​អ្នក​ កំពុង​រស់​នៅ​ក្នុង​កម្រិត​ទី២ ដែល​បាន​ចំណាយ​​ចន្លោះ​ពី ២ ទៅ ៨ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ 

លោក Rosling លើកទឹកចិត្ត​​ឲ្យ​មនុស្ស​ប្រើប្រាស់​គំរូ​របស់​លោក​ជាជាង​ប្រើ​​ពាក្យ​​ដោយ​បែងចែក​ដូចជា “ អភិវឌ្ឍន៍” និង“ កំពុង​អភិវឌ្ឍ” ពី​ព្រោះ​​ដូច​មហាសេដ្ឋី​ Bill Gatesពន្យល់​ស្រាប់​គឺ​ថា៖« វា​ពិបាក​ក្នុង​ការ​ទទួលស្គាល់​សង្គម​​មួយ​​​ថា កំពុង​​មាន​វឌ្ឍនភាព​បោះជំហាន​ទៅមុខ ​ប្រសិន​បើ​អ្នក​បែងចែក​ពិភពលោក​ទៅ​ជា​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ។ ​នៅ​ពេល​​​ដែល​វា​មាន​ជម្រើស​ត្រឹមតែ ២​ដូច្នេះ អ្នក​ទំនង​ជា​គិត​ថា អ្នក​ដែល​​គ្មាន​​គុណភាព​ជីវិត​​ត្រឹមត្រូវ​មួយ គឺ​ជា​ អ្នក​​ក្រីក្រ»

លោក​​បាន​បន្ត​ទៀត​ថា៖« អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ថិត​នៅ​ក្នុង​កម្រិត​ទី ៤ ជួយ​អ្នក​​ឲ្យ​យល់​ថា  មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​​កម្រិត​មធ្យម​កំពុងតែ​មាន​ទ្រព្យសម្បត្តិ​ច្រើន។ សៀវភៅ​នេះ​​ល្អ​ណាស់ ហើយ​វា​មិន​ងាយ​ស្រួល​ទេ​ដើម្បី​​អាច​ឲ្យ​យើង​​រៀនសូត្រ​ពី​ភាព​ចន្លោះប្រហោង​របស់​ពិភពលោក។ ពិភពលោក​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ បើ​មនុស្ស​រាប់​មាន​នាក់​​បាន​អាន​សៀវភៅ​នេះ»

ប្រភព៖ CNBC