អ្នកនិពន្ធ​ដែល​សម្ភាសន៍​បុគ្គល​ល្បីៗ​ជាង១ពាន់​នាក់​ ប្រាប់​​ថា ចង់​ជោគជ័យ​ត្រូវ​មាន​ជំនាញ​មួយ​នេះ​



នៅ​ពេល​បច្ចុប្បន្ន​នេះ វា​ពិត​ជា​ងាយស្រួល​ខ្លាំង​ណាស់​ដែល​អារម្មណ៍​របស់​អ្នក​នឹង​ងាយ​​​ប្រែប្រួល​​ភ្លាមៗ​ក្នុង​មួយ​ប៉ប្រិចភ្នែក។ ប៉ុន្តែ​​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​តាំង​ពី​វ័យ​ក្មេង​ទៅ មាន​ជំនាញ​មួយ​ដែល​អ្នក​​ត្រូវការ​ជាចាំបាច់។ នោះ​គឺ "ការ​​ផ្ដោត​អារម្មណ៍​ ឬ Focus”។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក Richard St.John អ្នកនិពន្ធ​​ដ៏​ល្បី​មួយ​ដែល​ធ្លាប់​បាន​សម្ភាសន៍​បុគ្គល​ជោគជ័យ​ក្នុង​លោក​ជាង ១ ពាន​នាក់។

​លោក Richard St.John ដែល​​ធ្លាប់​បាន​សម្ភាសន៍​​មហាសេដ្ឋី​អាមេរិក Bill Gates មហាសេដ្ឋី​អង់គ្លេស Richard Branson និង​មហាសេដ្ឋី​ល្បីៗ​ជា​ច្រើន​ទៀត​នោះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «ការ​​ផ្ដោត​អារម្មណ៍​យកចិត្ត​ទុកដាក់ គឺ​ជា​ជំនាញ​សំខាន់​ខ្លាំង​ណាស់។ វា​ជា​អាថ៌កំបាំង​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជោគជ័យ។ មនុស្ស​ដែល​ផ្ដោត​អារម្មណ៍​បាន​ល្អ គឺ​ជា​មនុស្ស​ទទួល​បាន​ជោគជ័យ​ទាំង​វ័យក្មេង»។ 

លោក​បន្ថែម​ថា នៅ​ពេល​អ្នក​នៅ​ក្មេង អ្នក​អាច​​មាន​អារម្មណ៍​រវើរវាយ​ស្រពិចស្រពិល​​​មិន​ច្បាស់​ខ្លួន​ឯង ចង់​ធ្វើ​នេះ​ចង់​ធ្វើ​នោះ​នៅ​ក្នុង​ពេល​តែមួយ។ ក៏ប៉ុន្តែ​រឿង​ដ៏​សំខាន់​ដែល​អ្នក​ចាំបាច់​ត្រូវ​មាន គឺ​ត្រូវ​​ផ្តោត​​ជ្រើសរើស​​រឿង​មួយ​ ហើយ​រឿង​នោះ​គឺ​ជា​អ្វី​​មួយ​ដែល​អ្នក​មាន​មហិច្ឆតា​​ចង់​ធ្វើ​​​បំផុត។ 

ថ្វីត្បិត​តែ​ការ​ផ្ដោត​អារម្មណ៍​​ធ្វើ​អ្វី​មួយ​ជា​រឿង​សំខាន់ អ្នកនិពន្ធ​រូប​នេះ​​យល់​ឃើញ​ថា ​មនុស្ស​ជាច្រើន​មិន​ចាប់​​អារម្មណ៍​ទៅ​នឹង​ជំនាញ​មួយ​នេះ​ទេ។  នៅ​ក្នុង​បទសម្ភាសន៍​របស់​លោក​ជាមួយ​​បុគ្គល​ជោគជ័យ និង​មហាសេដ្ឋី​​កំពូលៗ​នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​​នេះ លោក​​បាន​ឲ្យ​ដឹង​ថា ​បុគ្គល​ទាំង​នោះ​កម្រ​នឹង​និយាយ​ពី​រឿង​ប្រាក់​​ជា​សំខាន់​ណាស់។ បុគ្គល​ទាំង​នោះ​លើកឡើង​តែ​ចំណាប់អារម្មណ៍​​ការងារ​ដែល​ជា​មហិច្ឆតា​របស់​ពួកគេ។

ទន្ទឹម​នឹង​គ្នា​នេះ អ្នកនិពន្ធ​ខាងលើ​ក៏​បាន​លើកឡើង​ទៀត​ថា បុគ្គល​ជោគជ័យ​មិនមែន​ជា​មនុស្ស​ដែល​ពូកែ​គ្រប់យ៉ាង​បាន​ទេ។

«បុគ្គល​ជោគជ័យ​មិនមែន​ជា​មនុស្ស​ពូកែ​គ្រប់យ៉ាង​ទេ។ ពួកគេ​ខ្លាំង​​ខាង​អ្វី​មួយ​​ ហើយ​​អោបក្រសោប​ជំនាញ​​បន្ទាប់បន្សំ​ផ្សេង​ទៀត​នៅ​ពេល​ជាមួយ​គ្នា​នោះ។ បើ​អ្នក​ផ្ដោត​អារម្មណ៍​លើ​រឿង​​​ច្រើន​​ពេក​ក្នុង​ពេល​តែមួយ​ អ្នក​មិន​អាច​មាន​​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​​របស់​អ្នក​បាន​ទេ!»។ ​លោក Richard St.John  បញ្ជាក់៕

ប្រភព៖ cnbc ​​

 

 

 

X
5s