មានសញ្ញាណនេះបញ្ជាក់ថាអ្នកនៅតែក្រ ប៉ុន្តែអ្នកយល់ច្រឡំថា ខ្លួនឯងមាន!
អ្នកណាក៏ចង់មានដែរ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែក្លាយជាអ្នកមានបានទេ។ វាមានចំណុចខុសគ្នារវាងអ្នកមាន និងអ្នកក្រដែលមនុស្សមួយចំនួននៅតែមានការយល់ច្រឡំ។ ដូចមាននៅក្នុងចំណុចទាំងប៉ុន្មានខាងក្រោមនេះស្រាប់ គឺជាសញ្ញាណបញ្ជាក់ថាអ្នកណាម្នាក់គឺជាអ្នកក្រនៅឡើយ។ ក៏ប៉ុន្តែអ្នកទាំងនោះបែរជាយល់ច្រឡំថា ខ្លួនឯងមានទៅវិញ។
១.ប្រសិនបើអ្នកបាត់បង់ប្រភពចំណូល ហើយអ្នកមិនអាចរស់បានដោយគ្មានប្រាក់ខែ ៣ខែ
ឧទាហរណ៍ថា អ្នកពឹងលើតែប្រាក់ខែមួយមុខប៉ុណ្ណោះ ប៉ុន្តែគ្មានការងារធ្វើដូច្នេះអ្នកក៏បាត់បង់ប្រភពចំណូលពីការងាររបស់អ្នក។ នៅក្នុងស្ថានភាពនេះ អ្នកមិនអាចរកចំណូលផ្សេងក្រៅពីប្រាក់ខែរបស់អ្នកឡើយ ហើយអ្នកក៏មិនមានលុយសល់មួយចំនួនសម្រាប់ចាយវាយឲ្យបានរយៈពេល ៣ខែដោយគ្មានការងារធ្វើទេនោះ នេះបញ្ជាក់ថា អ្នកក៏កំពុងស្ថិតនៅក្នុងស្ថានភាពតោកយ៉ាកដែរ។
២.អ្នកមិនអាចទប់ទល់ការចំណាយប្រចាំខែបាន
អ្នកប្រហែលជាត្រូវជ្រួញចិញ្ចើមនៅពេលដល់ខែម្តងៗ ដោយសារតែបញ្ជីចំណាយរបស់អ្នកមានច្រើនលើសពីសមត្ថភាពចំណូលដែលអ្នករកបាន។ ក្រោយពីចាត់ចែងលើការចាំចំណាយជាចាំបាច់ប្រចាំថ្ងៃដូចជា ហូបចុក ដោះបំណុល បង់រំលោះ ស្លៀកពាក់ ឬកម្មវិធីជាដើម ប៉ុន្តែមិនបានសល់ប្រាក់កាសមួយចំនួនសម្រាប់ចំណាយពេញមួយខែ នោះ ហើយផ្ទុយទៅវិញខ្ទង់ចំណាយនៅតែខ្ពស់ជាងចំណូល នោះបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំពុងមានបញ្ហា។
៣.ឧស្សាហ៍ខ្ចីប្រាក់អ្នកផ្សេងមកចាយវាយប្រចាំថ្ងៃ
តើអ្នកមានធ្លាប់ឭគេនិយាយថា រកបានតិចចាយតិច រកបានច្រើនចាយច្រើន។ មិនសំខាន់ថា អ្នករកចំណូលបានច្រើនប៉ុន្មានទេ ប្រសិនបើអ្នកមិនបានសន្សំ ឬលៃលកឲ្យការចំណាយតិចជាងចំណូល អ្នកនឹងមិនងាយគេចផុតពីកណ្តាប់ដៃភាពក្រីក្រឡើយ។ ស្ថានភាពនេះ នឹងរុញច្រានឲ្យអ្នកត្រូវសម្រេចចិត្តខ្ចីប្រាក់អ្នកផ្សេងជារឿយៗ ហើយពេលខ្លះវាបានក្លាយជាទម្លាប់របស់អ្នក។ អ្នកប្រហែលមិនសូវខ្វល់ពីវាប៉ុន្មានឡើយ ដោយអាងថា អ្នកនឹងសងបំណុលគេវិញ នៅពេលបើកប្រាក់ខែ។ នេះហើយជារូបភាពដែលអ្នកក្រជាច្រើនចូលចិត្តធ្វើ។
៤.មិនសូវហ៊ានទិញរបស់ថ្លៃៗ ឬប្រេនៗ
អ្នកមានភាគច្រើនចូលចិត្តប្រើប្រាស់របស់ទំនើបៗ ពេញនិយម និងមានគុណភាពខ្ពស់។ ក៏ប៉ុន្តែទាំងនេះវាគ្រាន់តែជាក្តីសុបិន្ដរបស់អ្នកប៉ុណ្ណោះ។ ហេតុអ្វីអ្នកមិនអាចធ្វើដូចអ្នកមានបាន? តាមពិតអ្នកក៏ចង់បានដូច អ្នកមានដែរ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកមិនមានលទ្ធភាពទិញវា។ មូលហេតុសំខាន់តែម្យ៉ាងគត់ គឺអ្នកគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញអ្វីៗ ដែលអ្នកចង់បាន។
៥.ចូលចិត្តពឹងជំនួញពីអ្នកដទៃ
ប្រសិនបើដំណើរជីវិតរបស់អ្នកភាគច្រើនបានពឹងផ្អែកទៅលើអ្នកដទៃ ដូចជា គ្រួសារ សាច់ញាតិ បងប្អូន ឬរដ្ឋាភិបាលជាដើមហើយអ្នកយល់ថា អ្នកទាំងនោះនឹងអាចជួយឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរ បន្ទាប់មកអ្វីដែលអ្នកទទួលបានគឺនោះគឺបញ្ជាក់ថា អ្នកជាមនុស្សមានគំនិតបែបអ្នកក្រ។ បុគ្គលិកលក្ខណៈមួយទៀតរបស់អ្នកក្រ គឺចូលចិត្តស្ដីបន្ទោស ឬទម្លាក់កំហុសលើអ្នកដទៃតែម្តង។ អ្វីដែលអ្នកត្រូវយល់គឺថា គ្មាននរណាម្នាក់មកជួយ ឬយកចិត្តទុកដាក់លើសុខទុក្ខរបស់អ្នកជាងខ្លួនអ្នកទេ។ មានតែខិតខំប្រឹងប្រែងរបស់អ្នកប៉ុណ្ណោះដែលអាចជួយផ្លាស់ប្ដូរឆាកជីវិតរបស់អ្នកបាន។
៦.អ្នកពឹងលើការអប់រំតែមួយមុខប៉ុណ្ណោះដើម្បីជាមធ្យោបាយរកលុយ
តាមពិតទៅការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកត្បិតអីចំណេះដឹងដែលអ្នកទទួលបាននឹងអាចយកទៅប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើជាអាជីពរកប្រាក់ចំណូល។ ក៏ប៉ុន្តែវាមិនមែនជាកូនសោតែមួយគត់ដែលធ្វើឲ្យជីវិតមនុស្សគ្រប់គ្នាជោគជ័យនោះទេ ជាពិសេសហិរញ្ញវត្ថុ។ មាននិស្សិតច្រើនណាស់ដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែមិនមានការងារធ្វើ ធ្វើការបានប្រាក់ខែតិច ឬមិនចំជំនាញជាដើម។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់ទៀតនោះថា ទោះបីជានិស្សិតទាំងនោះចំណាយប្រាក់ច្រើនប៉ុណ្ណានោះទេ ពួកគេរៀនចប់មកធ្វើការឲ្យអ្នកដែលមិនបានរៀនចប់សាលាទៀតផង។ នេះមិនមែនលើកទឹកចិត្តឲ្យអ្នកបោះបង់ការរៀនសូត្រនោះទេ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការរៀនសូត្រមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ សូមចាំថា ដើម្បីក្លាយជាអ្នកមាន ការធ្វើជំនួញ ឬប្រកបរបរផ្សេងៗគឺជាឧទាហរណ៍ដ៏ល្អមួយដែលបញ្ជាក់ថា អ្នកអាចកសាងភាពមានបាន នៅពេលអនាគតបាន៕
ប្រភព៖ CNBC