ឈរលើ​ច្បាប់ជោគជ័យទាំង​ ៥ របស់នាយក​ប្រតិបត្តិ ​Sundar Pichai នាំ​ឲ្យ​ Google ជោគជ័យ​



Google បានក្លាយជាគេហទំព័រដែលមានអ្នកចុចចូលច្រើនជាងគេបំផុតលើពិភពលោក បើគិតត្រឹមឆ្នាំ ២០១៧ Google គឺជាក្រុមហ៊ុនដែលមានតម្លៃលើម៉ាកយីហោខ្ពស់ជាងគេលើពិភពលោក។ លោក Sundar Pichai ជាកូនកាត់ឥណ្ឌាអាមេរិក លោកជានាយកប្រតិបត្តិក្រុមហ៊ុន Google ដែលមានតម្លៃជាង ១ ប៊ីលានដុល្លារនោះ បានបង្ហើបពីច្បាប់ជោគជ័យទាំង ៥ ដែលនាំឲ្យលោកទទួលបានជោគជ័យលើការគ្រប់គ្រងអាជីវកម្មមួយនេះ។ 

១) តែងគិតថា “នឹងធ្វើអ្វីបន្ទាប់ទៀត”

លោក Sundar Pichai បញ្ជាក់ថារស់ក្នុងយុគសម័យបច្ចេកវិទ្យាបើអ្នកព្យាយាមគិតថា អ្នកនឹងធ្វើអ្វីបន្ទាប់ទេ នោះក្តីបំណងដើម្បីសម្រេចបានគោលដៅរបស់អ្នកអាចនឹងត្រូវអ្នកដទៃដណ្តើមជាក់ជាមិនខាន។ នាយកប្រតិបត្តិរូបនេះក៏បញ្ជាក់ដែរថា បើលោកមិនបានចំណាយពេលវេលាគិតលើការងារដែលត្រូវធ្វើបន្ទាប់នៅថ្ងៃស្អែក ខានស្អែក ឬបង្កើតអ្វីថ្មីទេប្រហែលជាក្រុមហ៊ុន Google មិនអាចក្លាយជាក្រុមហ៊ុនយក្ស មានសន្ទុះរីកលូតលាស់ដល់សព្វថ្ងៃនេះទេ។ 

២) ផ្តល់អំណាចដល់អ្នកដទៃ

ធម្មតាទេបើប្រើមនុស្សឲ្យធ្វើការបើអ្នកមិនផ្តល់អត្ថប្រយោជន៍សមនឹងការងារនោះ ជាក់ណាស់គេនឹងមិនបំពេញការងារឲ្យអ្នកពេញដៃពេញជើងមួយរយភាគរយទេ។ តែការផ្តល់អំណាចដល់អ្នកនៅក្រោមបង្គាប់ជារឿងមួយសំខាន់បំផុត មិនមែនសម្រាប់តែការរីកចម្រើនរបស់គេទេ វាជាការនាំឲ្យក្រុមហ៊ុនអ្នកជោគជ័យដូចគ្នា ព្រោះគាត់គិតថាគាត់មានអំណាចគ្រប់គ្រាន់ គាត់អាចសម្រេចចិត្តបង្កើតសម្ធិផលនៃភាពជោគជ័យបានដោយខ្លួនឯង។

៣) ស្វែងរកគំនិតឲ្យបានច្រើន

ការស្វែងរកគំនិតឲ្យបានច្រើនមានន័យថា យើងកំពុងស្វែងរកដំណោះស្រាយជាច្រើនដូចគ្នាដើម្បីឆ្លើយតប ឬត្រៀមទប់ទល់នឹងបញ្ហាមិនថាគំនិតនោះល្អឬមិនល្អ ស្ថិតក្នុងដំណាក់កាលប្រមូលគំនិតវាសុទ្ធតែសំខាន់។ អ្នកដឹកនាំល្អ និងជោគជ័យជាមេដឹកនាំដែលផ្តល់ឱកាស និងទាមទារឲ្យបុគ្គលិកនិងអ្នកក្រោមបង្គាប់បញ្ចេញមតិ បង្ហាញពីការលំបាកដែលពួកគេកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយ ហើយវាក៏ជាចំនុចដែលជួយបង្កើនភាពក្លាហានរបស់បុគ្គលិកផងដែរ។

៤) ហ៊ានទទួលយកហានិភ័យ

តម្រូវការរបស់ភផាពជោគជ័យគឺហានិភ័យ បើអ្នកមិនហ៊ានប្រថុយនឹងនឹងដើរជាប់បន្លា អ្នកក៏មិនអាចស្គាល់រសជាតិឈឺចាប់នៃការជាប់បន្លាថាវាឈឺកម្រិតណា។ បន្ទាប់ពីអ្នកដឹងពីទំហំនៃការឈឺចាប់ ស្គាល់ផ្លូវដែលនឹងនាំអ្នកជាប់បន្លា អ្នកក៏ដឹងពីវិធីបង្ការកុំឲ្យជាន់បន្លាដែរ ការទទួលយកហានិភ័យជួយអ្នករឹងមាំលើសពីអ្វីដែលអ្នកបានគិតទុក។

៥) ធ្វើតាមក្តីសុបិនរបស់អ្នក

លោក Sundar Pichai បាននិយាយថាវាសំខាន់ណាស់ ហើយក៏មិនមែនជារឿងលេងសើចដែរដែលអ្នកមានក្តីសុបិនធំមួយសម្រាប់អនាគតរបស់ខ្លួន។ ពេលព្យាយាមដើម្បីឲ្យសម្រេចក្តីសុបិននោះអ្នកនឹងក្លាយជាមនុស្សម្នាក់អស្ចារ្យ ជាជាងដើរដោយគ្មានគោលដៅចាំតែតាមការអូសទាញពីអ្នកនេះបន្តិច អ្នកនោះបន្តិច៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s