មិន​គួរ​មើល​រំលង​ចំណុច​ ២​នេះ​ទេ ប្រសិន​បើ​អ្នក​ចង់​បង្កើត​អាជីវកម្ម​មួយ​



ក្រឡេក​ទៅ​មើល​សហគ្រិន ដែល​កំពុង​រីកចម្រើន​លើ​អាជីវកម្ម​និង​លេច​ធ្លោ​ខ្លាំង​ក្នុង​សង្គម​ បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​នោះ​ទេ​ពុះកញ្ជ្រោល​នឹង​ចង់​ធ្វើ​ដូច​ពួកគាត់។ ប៉ុន្តែ មិន​មែន​គ្រប់​អាជីវកម្ម​​សុទ្ធ​តែ​អាច​ធ្វើ​ទៅ​បាន​ទទួល​ជោគជ័យ​ទាំង​អស់​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​មាន​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន មុន​ពេល​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ណា​មួយ។ 

លោក សុខ លាភ ស្ថាបនិក​ក្រុមហ៊ុន System Expert ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​និង​ផ្ដល់​សេវាកម្ម​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ក្រុមហ៊ុន  បាន​ចែក​រំលែក​​ថា ការ​ត្រៀម​ខ្លួន​ដ៏​ល្អ​បំផុត​គឺ​ ដំបូង​យើង​ត្រូវ​សិក្សា​ពី​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាក់​ស្ដែង និង​ចេះ​សង្កេត​ពី​បញ្ហា​ទាំង​នោះ ព្រោះ​​វា​អាច​នឹង​ជា​ឱកាស​សម្រាប់​យើង​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម។ 

បន្ទាប់​ពី​សម្លឹង​មើល​ឱកាស​តាម​រយៈ​ការ​សង្កេត​ពី​បញ្ហា​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​យើង​អាច​កំណត់​បាន​ពី​គោល​ដៅ​និង​មាន​គំនិត​អាជីវកម្ម​រួច​ហើយ ចំណុច​សំខាន់​បន្ទាប់​គឺ​យើង​ត្រូវ​ស្វែង​រក​ធនធាន​មនុស្ស។ ត្រូវ​ស្វែងរក​មនុស្ស​ណា​ដែល​យើង​ប្រាកដ​ថា ពួកគាត់​អាច​ធ្វើ​ជា​ក្រុម​ការងារ​ល្អ​របស់​យើង និង​ជួយ​យើង​ឲ្យ​សម្រេច​គោលដៅ​រួម​បាន ពី​ព្រោះ​ថា​ការ​ធ្វើ​ម្នាក់​ឯង​គឺ​ពិត​ជា​ពិបាក​ឲ្យ​យើង​ឆាប់​សម្រេច​គោលដៅ​ណាស់។

លោក​បន្ថែម​ថា ការ​ជ្រើស​រើស​មនុស្ស​គឺ​ជា​ចំណុច​សំខាន់​ណាស់​ដែល​ត្រូវ​គិត ឧទាហរណ៍​ថា​ប្រសិន​អាជីវកម្ម​ដែល​យើង​ចាប់​ផ្ដើម​មិន​មែន​ជា​អាជីវកម្ម​បែប​បច្ចេកវិទ្យា​នោះ​​ទេ (Technical) ​យើង​ត្រូវ​ស្វែង​រក​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​នេះ​ ដើម្បី​ឲ្យ​ពួកគាត់​អាច​ជួយជ្រោមជ្រែង​យើង​បាន​។ ជា​រួម​ យើង​ត្រូវ​ស្វែងរក​មនុស្ស​ដែល​មាន​ជំនាញ​សាក​សម ដែល​យើង​គិត​ថា​អាច​ជួយ​អាជីវកម្ម​របស់​យើង​បាន៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s