លោក គឹម នរិទ្ធិ៖ ចាប់ផ្តើមអាជីវកម្មដំបូងគួរធ្វើ Business Blueprint ជាជាង Business Plan​



សហស្ថាបនិក  The Desk Coworking Space លោក គឹម នរិទ្ធិ បានលើកឡើងថា អ្នកដែលមានគំនិតចង់ចាប់ផ្តើមអាជីវកម្មដំបូង អាជីវកម្មតូចៗដែលត្រូវការការកៀងគរទុនពីមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ឬអ្នកវិនិយោគិនធម្មតាល្មមៗ មិនមែនអ្នកវិនិយោគខ្នាតធំ អ្នកគួរធ្វើផែនការជាលក្ខណៈ Business Blueprint ជាជាងចំណាយពេលអង្គុយធ្វើ Business Plan ច្រើនរាប់ទំព័រ។ 

សហស្ថាបនិករូបនេះបានបញ្ជាក់ថា ទោះបីជា Business Blueprint និង Business Plan គឺសុទ្ធតែជាផែនការសម្រាប់ធ្វើអាជីវកម្មក្តី តែការធ្វើ Business Blueprint វាចំណាយពេលតិចជាង ពោលគឺត្រឹមតែ ៣ ទៅ ៥ ទំព័រប៉ុណ្ណោះ ដែលជាប្លង់ផែនការមេ ចង្អុលបង្ហាញអំពីដំណើរការទាំងមូលរបស់អាជីវកម្ម ដូចជា ការពិពណ៌នាអំពីសកម្មភាពអាជីវកម្ម ការកំណត់អតិថិជនគោលដៅ ប្រតិបត្តិការប្រចាំថ្ងៃ រចនាសម្ពន្ធ័និងការបែងចែកតួនាទី ការប៉ានស្មានផែនការហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិអាជីវកម្មក្នុងឆ្នាំដំបូង និងប្រភពចំណូលនានាដែលអ្នកអាចរកមកទ្រទ្រង់ប្រតិបត្តិការអាជីវកម្មជាដើម។ 

ការធ្វើ Business Blueprint ក៏អាចជាចំណុចល្អមួយផងដែរសម្រាប់ធ្វើបទបង្ហាញ (Presentation) ទៅកាន់អ្នកចង់វិនិយោគជាមួយយើងព្រោះនៅក្នុងដំណាក់កាលនេះអ្វីដែលអ្នកវិនិយោគចង់ដឹងបំផុតនោះគឺ តួលេខដែលពួកគាត់ត្រូវវិនិយោគ ពេលវេលាដែលពួកគាត់អាចទទួលបានប្រាក់វិនិយោគមកវិញ និងប្រាក់ចំណេញរំពឹងទុកប្រចាំខែ។

ដោយឡែកចំពោះ Business Plan វាជាការធ្វើផែនការលំអិតសម្រាប់អាជីវកម្មក្នុងរយៈពេល៣ ទៅ ៥ឆ្នាំដែលអាចមានកម្រាសចាប់ពី១៥ ទំព័រ ទៅតាមទំហំនៃអាជីវកម្មជាក់ស្តែង ហើយអ្នកគួរតែធ្វើវានៅពេលដែលអាជីវកម្មកំពុងរីកលូតលាស់ពីតូចទៅមធ្យម ពីមធ្យមទៅធំ ហើយត្រូវការកៀងគរទុនបន្ថែមក្នុងចំនួនធំណាមួយ ដើម្បីមកពង្រីកការលូតលាស់របស់អាជីវកម្មឲ្យកាន់តែមានស្តង់ដារ ឬសម្រាប់ការចូលទៅក្នុងទីផ្សារភាគហ៊ុនជាដើម។

លោក គឹម នរិទ្ធិ ក៏បានបញ្ជាក់បន្ថែមតាមបទពិសោធន៍លោកផ្ទាល់ លោកធ្លាប់បោះបង់ចោលអាជីវកម្មមួយចំនួនដោយសារការចំណាយពេលច្រើនពេកលើការសរសេរ Business Plan កាន់តែសរសេរលម្អិត បញ្ហាដែលកើតឡើងមានកាន់តែច្រើន ធ្វើឲ្យលោកគិតថាវាមិនអាចទៅរួចរហូតសម្រេចបោះបង់វាចោលតែម្តង។ តែជាក់ស្តែងពេលលោកងាកមកចាប់ធ្វើផែនការជាលក្ខណៈ Business Blueprint វាបានធ្វើឲ្យលោកអាចចាប់ផ្តើអាជីវកម្មពីមួយជំហានទៅមួយជំហាន ធ្វើការងារពីមួយដំណាក់ទៅមួយដំណាក់ និងអាចពង្រីកអាជីវកម្មឲ្យមានភាពរីកចម្រើន និងអាចទទួលបានលទ្ធផលល្អដល់ពេលនេះ។

គួរបញ្ជាក់ថា The Desk Coworking Space ជាការិយាល័យធ្វើការងាររួមមួយសម្រាប់សហគ្រិនថ្មីថ្មោងទើបចាប់ផ្តើមអាជីវកម្ម ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមទាំងអស់ដែលត្រូវការការិយាល័យនិងធ្វើការចំណាយតិច។ The Desk Coworking Space បង្កើតឡើងក្នុងឆ្នាំ ២០១៧ ដែលមានត្រឹម ៦ បន្ទប់និងបានពង្រីកសាខាមួយទៀតបន្ទាប់ពីដំណើរការអាជីវកម្មបាន ២ឆ្នាំ៕

ដោយ៖ យ៉ាយ៉ា 

 

X
5s