ជីប ម៉ុង គ្រុប ទិញភាគហ៊ុនទាំងស្រុង ពីក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ អ៊ិនធើណេសិនណល​



ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុងលែន ប្រកាសទិញភាគហ៊ុនទាំងស្រុងពីក្រុមហ៊ុនហ្គ្រែន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី ខូអិលធីឌី (Grand Phnom Penh International ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុននេះ យកទៅអភិវឌ្ឍបន្ត។

ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.) ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី (Grand Phnom Penh International City) យកមកគ្រប់គ្រង ដោយបានធ្វើការផ្ទេរសិទ្ធិគ្រប់គ្រង១០០% ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះតទៅ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី បានឱ្យដឹងថា គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី មានកិត្តិយសសូមជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅឋាន ដែលជាអតិថិជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ហើយយើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឱ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។

ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី គឺជាក្រុមហ៊ុន ដែលធ្លាប់មានបទពិសោធន៍ច្រើន និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើនទីតាំងរួចមកហើយ ក្នុងរាជធានីភ្នំពេញ ដែលមានអតិថិជនជាច្រើនបានទទួលស្គាល់ថា មានគុណភាពសំណង់ល្អ និងការរចនាបថតាមស្តង់ដារស់នៅប្រកបដោយផាសុកភាព ហើយបច្ចុប្បន្ននេះ បានក្លាយទៅជាទំនុកចិត្តខ្ពស់របស់អតិថិជនក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។

នាពេលថ្មីៗនេះ ក្រុមហ៊ុនជីប ម៉ុង គ្រុប បាននឹងកំពុងក្លាយជាអ្នកអភិវឌ្ឍន៍គម្រោងខ្នាតធំៗ ដែលស្ថិតក្រោមការវិនិយោគពីអ្នកអភិវឌ្ឍន៍គម្រោងក្នុងស្រុកដ៏លេចធ្លោមួយ ក្រោយពីគម្រោងខ្នាតធំជាច្រើន បានប្រកាសវត្តមានជាបន្តបន្ទាប់ ទាំងខុនដូ បុរី ផ្សារទំនើប និងធនាគារជាដើម។

គួរបញ្ជាក់ថា​ ក្រុមហ៊ុនហ្គ្រែន ភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី  បានវិនិយោគអភិវឌ្ឍគម្រោងរបស់ខ្លួនលើផ្ទៃដីទំហំ២៦០ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញអន្តរជាតិស៊ីធី គឺគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍យ៉ាងល្អប្រណិត និងមានទីធ្លាវាយកូនហ្គោលខ្នាតធំជាងគេមួយក្នុងរាជធានីភ្នំពេញផងដែរ៕

ដោយ៖ ស្រីពេជ្រ

 

X
5s