CEO Hyundai ៖ យើងកំពុងគ្រប់គ្រងចំណែកទីផ្សារ១២% ក្នុងឧស្សាហកម្មរថយន្តថ្មីនៅទីផ្សារកម្ពុជា​



ភ្នំពេញ ៖ ក្រុមហ៊ុនរថយន្ត Hyundai ប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងទីផ្សារកម្ពុជា ក្រោយទាញបាននូវចំណែកទីផ្សាររហូតដល់១២% ពីទីផ្សាររថយន្តនាំចូលថ្មីៗ ដោយក្នុង១ឆ្នាំ ក្រុមហ៊ុនមួយនេះ អាចទទួលបានកំណើននៃការលក់រហូតដល់១ពាន់គ្រឿង។

ក្នុងកម្មវិធីអបអរខួបលើកទី១០ឆ្នាំរបស់ក្រុមហ៊ុន Hyundai Camko នៅភោជនីយដ្ឋាន La Resident កាលពីពេលថ្មីៗនេះ លោក ប្រាយ អ៊ែនខូ (Brian Ko) ដែលជាCEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko បានឲ្យដឹងថា Hyundai បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ ២០០៩ ដោយផ្តើមចេញពីបុគ្គលិតត្រឹមតែ៣នាក់ប៉ុណ្ណោះ ជាមួយនឹងចំនួនលក់រថយន្តត្រឹមបានតែបីគ្រឿងក្នុង១ឆ្នាំ តែបច្ចុប្បន្ននេះ យើងមានបុគ្គលិករហូតដល់ ១៣០នាក់ និងលក់បានរហូតដល់ ១០០០គ្រឿងក្នុងមួយឆ្នាំ និងទាញបានចំណែកទីផ្សារ ១២% ក្នុងឧស្សាហកម្មនេះ ។

លោកបន្តថា បើក្រលកមើលកាលពីឆ្នាំ ២០០៩ មានក្រុមហ៊ុនលក់រថយន្តតែ២ទៅ៣តែប៉ុណ្ណោះ ហើយប្រហែល៩៥% ជាប្រភេទរថយន្តមួយទឹក និងមានប្រជាពលរដ្ឋតែ៥%ប៉ុណ្ណោះដែលប្រើប្រាស់រថយន្តថ្មី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ខ្ញុំឃើញថាមានការផ្លាស់ប្តូរ ច្រើនពីឆ្នាំ២០០៩ ដោយបច្ចុប្បន្នមានក្រុមហ៊ុនលក់រថយន្តថ្មីច្រើនជាង៣០ម៉ាក កំពុងប្រតិបត្តិការនៅក្នុងទីផ្សារនេះ ហើយតម្រូវ ការរថយន្តថ្មីកំពុងមានការកើនឡើងច្រើន ដោយក្នុងនោះ ក្រុមហ៊ុនយើង ទទួលបាន១២%នៃចំនែកទីផ្សារ ហើយគោលដៅ យើងគឹចង់បានចំណែកទីផ្សារលើសពី២០%។

លោកបញ្ជាក់ថា បច្ចុប្បន្ន Hyundai H1 ជាម៉ូឌែលដែលលក់ដាច់បំផុត។ ដោយឆ្នាំកន្លងទៅ យើងបានផ្តោតការលក់ទៅលើរថយន្តSUV ដូចជា Kona Tucson Santa Fe ដែលសុទ្ធជារថយន្តដែលមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ។ ដោយឡែកនៅក្នុងឆ្នាំនេះ យើងនឹងណែនាំរថយន្តSUV មួយប្រភេទទៀតគឺ Palisade ដែលជារថយន្តSUVខ្នាតធំ ហើយអតិថិជនគោលដៅ របស់យើងគឺពីកំរិតមធ្យម និងធូរធារ។យើងជឿជាក់ថារថយន្តSUVរបស់យើងនឹង ទទួលបានជោគជ័យនឹងលក់ដាច់ច្រើន។

លោកថា ភាពជោគជ័យរបស់ក្រុមហ៊ុនHyundai គឺបានមកពីយុទ្ធសាស្រ្តទីផ្សាររបស់យើង ដែលតែងតែផ្សារភ្ជាប់ជាមួយអតិថិជនគ្រប់ពេលវេលា ដែលមានអត្ថន័យថា យើងបានផ្តល់នូវភាពសប្បាយរីករាយ ការសម្រាក លំហែ និងសកម្មភាពផ្សេងៗទៀតដល់អតិថិជនរបស់យើង។ ជាពិសេសនៅចុងឆ្នាំនៅយើងមាន គម្រោងបង្កើត City Store  ដោយយើងចង់ផ្តល់ជូននូវអតិថិជននូវពេលវេលាដ៏មាន អត្ថន័យ ជាមួយនឹងក្រុមហ៊ុនHyundai៕

X
5s