អ្នកគ្រប់គ្រងជាន់ខ្ពស់ Xiaomi៖ កម្ពុជាជាទីផ្សារធំទី៥របស់ខ្លួនក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី
ប៉េកាំង៖ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corporation បានចាត់ទុកទីផ្សារ អាស៊ានគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកចំណែកទីផ្សាររបស់ក្រុមហ៊ុន ដែលឈរនៅក្នុងលំដាប់ថ្នាក់ឈានមុខគេ សម្រាប់អ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ក្នុងនោះកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសវៀតណាម។
ការលើកឡើងរបស់លោក Cui Baoqiu អនុប្រធានក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation របស់ចិន ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយគណៈប្រតិភូអ្នកសារព័ត៌មានអាស៊ាន-ចិន ក្នុងដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោក Cui Baoqiu បានលើកឡើងថា ទីផ្សារអាស៊ានសម្រាប់ក្រុមហ៊ុនគឺជាទីផ្សារមួយល្អ និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនច្រើនជាងគេ ក្នុងនោះ ប្រទេសមីយ៉ាន់ម៉ា ឈរក្នុងចំណាត់ថ្នាក់លេខ១ ប្រទេសសិង្ហបុរី, ម៉ាឡេស៊ី និងប្រទេសវៀតណាមឈរចំណាត់ថ្នាក់ទី៣ ហើយប្រទេសកម្ពុជាឈរក្នុងចំណាត់ថ្នាក់ទី៥។ លោកបានបន្ដថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការវិនិយោគ និងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនគឺបានប្រព្រឹត្ដទៅយ៉ាងល្អប្រសើរ សម្រាប់ការលក់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននៅលើទីផ្សារអាស៊ី អឺរ៉ុប និងឥណ្ឌា ខណៈទីផ្សារអាស៊ានចាត់ទុកជាទីផ្សារធំ និងមានអ្នកប្រើប្រាស់ច្រើនជាងគេ។
លោកបានបន្ថែមថា តាមរយៈការអភិវឌ្ឍអាជីវកម្ម និងផ្ដល់សេវាម្មផ្នែក hardware ការបើកពង្រីកហាងលក់ថ្មី និងសេវាអ៊ីនធឺណេតរបស់ក្រុមហ៊ុននោះ ក្រុមហ៊ុននឹងពង្រីកនូវបច្ចេកវិទ្យា និងយុទ្ធសាស្រ្ដថ្មីៗបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រកាន់តែច្រើននាពេលអនាគត។ លោកបានបន្ដទៀតថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទទួលបានចំណូលប្រមាណ១៥ប៊ីលានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation បានបង្កើតឡើងកាលពីឆ្នាំ២០១០ ដែលបានធ្វើការច្នៃប្រឌិត និងដាក់ចេញសម្រាប់អ្នកប្រើប្រាស់ផ្ដោតទៅលើក្រុមហ៊ុនអ៊ិនធឺណេត ដែលកំណត់ទៅលើអង្គភាពក្រុមហ៊ុនទាំងនោះថា គឺជាការច្នៃប្រឌិតសម្រាប់ទាំងអស់គ្នា។ នេះគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation ដែលមានម៉ូដែលអាជីវកម្មតែមួយគត់គឺ hardware ការបើកហាងលក់រាយថ្មី និងសេវាអ៊ិនធឺណេត ដែលបង្កើតឱ្យមានគុណភាពខ្ពស់ និងមានផលិតផលរចនាឡើងស្របតាមប្រព័ន្ធតិចណូឡូជីទំនើបថ្មីៗ រួមមាន ទូរស័ព្ទវៃឆ្លាត ផលិតផលវៃឆ្លាតប្រើប្រាស់នៅផ្ទះ ទូរទស្សន៍វៃឆ្លាត AI speaker និងផលិតផល ព្រមទាំងឧបករណ៍ជាច្រើនទៀត ព្រមទាំងមានតម្លៃសមរម្យថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុនបានពង្រីក និងលើកកម្ពស់នូវសេវាអ៊ិនធឺណេត ឱ្យទៅជាលក្ខណៈសកលដែលរួមមានទាំងហិរញ្ញវត្ថុ និងឧស្សាហកម្មផ្នែកកម្សាន្ដថែមទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនសារជីវកម្ម Xiaomi Corporation បានផ្ដល់សេវាកម្ម និងផលិតផលនៅតាមបណ្ដាប្រទេសជាង៨០ នៅក្នុងតំបន់៕
ដោយ៖ ស្រីពេជ្រ