យកមហិច្ឆតាជាកម្លាំងចិត្តជំរុញឲ្យយុវតីរូបស្រស់ជំនះឧបសគ្គបើកអាជីវកម្មដែលខ្លួនស្រលាញ់​



ជាអតីតនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ផល្លី ស្រីរ៉ុង បានចាប់យកអាជីវកម្មហាងផ្កាមួយមានឈ្មោះថា “ភូមិផ្កា” ដែលចាប់ដំណើរការតាំងពីឆ្នាំ ២០១៧ មក។ 

រស់នៅជាមួយផ្ការាល់ថ្ងៃ បានឃើញ បានស្គាល់ និងមើលថែផ្កាតាំងពីតូចមកព្រោះនាងជាកូនស្រីអ្នកចំការផ្កា មានជីវភាពសមល្មមមួយនៅសង្កាត់ព្រែកឯងជាយរាជធានីភ្នំពេញ។ ទាំងអស់នេះបានក្លាយជាហេតុផលទាក់ចិត្តឲ្យសហគ្រិនតូចច្រឡឹងរូបនេះមានចិត្តស្រលាញ់ចង់បើកអាជីវកម្មហាងផ្កា នាងចង់ផ្តល់សេវាកម្មបន្ថែមលើសពីការដាំ លក់ផ្កាដូចអ្វីដែលឪពុកម្តាយនាងបានធ្វើកន្លងមក។ 

យុវតីសម្បុរស្រអែមបានរៀបរាប់ពីដើមទងនៃការបើកអាជីវកម្មត្រួសៗថា នាងចាប់ដំណើរការអាជីវកម្មដំបូងនៅពេលដែលនាងរៀនឆ្នាំទី ២ នៅសកលវិទ្យាល័យ។ ជីវិតជានិស្សិតផង ជាម្ចាស់អាជីវកម្មផង បូករួមទាំងមិនទាន់មានបទពិសោធន៍ គ្មានការរៀបចំផែនការច្បាស់លាស់ ពិសេសគ្មានការជំរុញពីមជ្ឍដ្ឋានជុំវិញធ្វើឲ្យអាជីវកម្មមួយនេះជាប់គាំងមួយរយៈ។ ពេលអាជីវកម្មមួយនេះត្រូវគាំងនៅកណ្តាលទី ស្រីរ៉ុង មិនបំបាក់ទឹកចិត្តខ្លួនឯងឡើង នាងបែរងាកក្រោយមើលការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយនាង នាងចាប់ផ្តើមនិយាយជាមួយខ្លួនឯងថា “ប៉ាម៉ាក់គាត់ហត់ណាស់ តែគាត់នៅតែអាចធ្វើវាបាន ហើយអាចចិញ្ចឹមយើងឲ្យរស់ដល់សព្វថ្ងៃនេះទៀត”។ ទាំងអស់នេះបានធ្វើឲ្យនាងចាប់យកការលំបាករបស់ឪពុកម្តាយ មកធ្វើជាបង្គោល ជាទំពក់ចាប់ទាញឲ្យនាងតោងក្រោកឡើងវិញ ដើរបន្តរកច្រកចេញពីបញ្ហាទាំងនោះ ព្រោះចិត្តដ៏មុះមុតរបស់នាងចង់ធ្វើឲ្យឪពុកម្តាយមានស្នាមញញឹមពោរពេញដោយមោទនភាពលើរូបនាង ជាពិសេសនាងចង់ឲ្យឪពុកម្តាយបានសម្រាកខ្លះពីរបរមួយនេះ។ 

ការជំនះលើកទី ២ ក៏បានធ្វើឲ្យនាងឈរបានសារជាថ្មី យកបទពិសោធន៍ដែលធ្លាប់ជួបធ្វើជាមេរៀន ហើយនាងបានចាប់ផ្តើមរុញខ្លួនឯងចូលប្រលូកក្នុងសង្គមឲ្យបានច្រើន និងចាប់យកគំនិតនៃការណែនាំអាជីវកម្មមួយចំនួនដូចជាចូលក្នុងកម្មវិធី ក្លាហាន៩ ជាដើម។ ទោះជានាងមិនបានទទួលជាជំនួយផ្នែកហិរញ្ញវត្ថុ តែអ្វីដែលសហគ្រិនរូបនេះទទួលបានគឺចំណេះដឹង ការតម្រង់ទិស ការធ្វើផែនការសម្រាប់អាជីវកម្ម និងការគ្រប់គ្រងនានា។ ការចាប់ផ្តើមលើកទី ២ នេះនាងបានដាក់ចិត្តដាក់កាយចំណាយលើអាជីវកម្មស្ទើរទាំងស្រុង ទោះគ្មានការគាំទ្រក៏ដោយ លើកនេះនាងលែងយកគំនិតនេះការរឹះគន់មកដាក់ជារនាំងបាំងហើយ តែនាងគិតថាជាពេលមួយដែលនាងត្រូវធ្វើឲ្យអ្នកគ្រប់គ្នាមើលឃើញថា នាងជាមនុស្សស្រីម្នាក់ដែលអាចធ្វើអ្វីដែលនាងចង់ធ្វើ ត្រូវតែសម្រេចសមិទ្ធិផលដល់អ្នកគ្រប់គ្នា។ អ្វីដែលជាមហិច្ឆតា ការស្រលាញ់ និងការតាំងចិត្តរបស់សហគ្រិនរូបស្រស់មិនធ្វើឲ្យនាងអស់សង្ឃឹមឡើយ ព្រោះមកទល់ពេលនេះហាង ភូមិផ្កា របស់កញ្ញាផល្លី ស្រីរ៉ុង ទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់អតិថិជនដែលភាពច្រើនជាការកុម្ម៉ង់តាមអនឡាញ។ 

ភូមិផ្កា ជាហាងផ្កាមួយដែលមានមានទទួលបំរើសេវាកម្ម រៀបចំតុបតែងផ្កាស្រស់គ្រប់កម្មវិធី រៀបចំបាច់ផ្កា និងផ្កាកន្រ្តកគ្រប់ម៉ូត គ្រប់តំរូវការ ក៏ដូចជាទទួលលក់រាយ បោះដុំផ្កាក្នុងស្រុក និងក្រៅស្រុកគ្រប់ប្រភេទ៕

ដោយ៖ យ៉ាយ៉ា

 

X
5s