លោក ប៊ុន ផាក៖ យកមនុស្សធម្មតាមកបង្កើតលទ្ធផលការងារអស្ចារ្យទើបជាអ្នកដឹកនាំខ្លាំង
អ្នកដឹកនាំជោគជ័យ មិនសំដៅដល់អ្នកដឹកនាំដែលប្រើទឹកលុយដើម្បីអាចទាញផលប្រយោជន៍នោះទេ តែជាអ្នកដឹកនាំដែលពោរពេញដោយទេពកោសល្យ ប្រើពាក្យសម្ដីនិងអារម្មណ៍ដើម្បីទាញយកទឹកចិត្តអ្នកនៅក្រោមបង្គាប់ដើម្បីលទ្ធផលអស្ចារ្យរួមគ្នា។
លោក ប៊ុន ផាក ជាសហគ្រិនវ័យក្មេងឆ្នើមមួយរូបដែលទើបទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមផ្នែកបច្ចេកវិទ្យាលើការដឹកនាំធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce)។ អគ្គនាយកវ័យក្មេងរបស់ក្រុមហ៊ុន Camazoon www.camazoon.com និងជាស្ថាបនិកគេហទំព័រ Phzar www.phzar.com បានលើកឡើងថាការចាត់ ចែងបែងចែកធនធានមនុស្សជាកត្តាសំខាន់ក្នុងការគ្រប់គ្រងដំណើរការធុរកិច្ចមួយឲ្យដើរទៅមុខដោយរលូន និងរីកចម្រើន។
ក្នុងចំណុចនេះលោកបានលើកឡើងថា ការបើកអាជីវកម្មបង្កើតថ្មី Startup អ្នកមិនអាចយកអ្នកខ្លាំងមកនៅជាមួយគ្នា កាន់ការងារផ្នែកតែមួយជាមួយគ្នាបានទេ វាមិនខុសពីនាវាមួយមានចង្កូតពីរ អ្នកកាន់ចង្កូតពីរ បើកក្នុងពេលតែមួយ។ ប្រាកដណាស់ថាឡាននោះមិនអាចទៅមុខក្នុងគោលដៅតែមួយបានទេ ព្រោះអ្នកខ្លាំងទាំងពីរច្បាស់ជាចង់ទៅគោលដៅរបស់ខ្លួនរៀងៗខ្លួនមិនខាន (និយាយពីស្ថាបនិក និងសហស្ថាបនិក)។ អ្វីដែលអ្នកត្រូវធ្វើគឺរកមនុស្សខ្លាំងលើជំនាញផ្សេងៗគ្នា(ស្ថាបនិក និងសហស្ថាបនិក) មកជួយគ្នាដើម្បីឲ្យនាវាអាជីវកម្មមួយនេះអាចធ្វើដំណើរដល់ទីដៅបានយ៉ាងល្អ បើជួបឧបសគ្គណាមួយច្បាស់ជាម្នាក់ក្នុងចំណោមនោះអាចមានដំណោះស្រាយ ហើយអ្នកអាចជួយជ្រោមជ្រែងយឹតយោងគ្នាបាន។
លោក ប៊ុន ផាក បានលើកឡើងបន្ថែមថា៖ “ជាក់ស្តែងពេលខ្ញុំចាប់ដំណើរការអាជីវកម្មដំបូង ខ្ញុំបានយកអ្នកជំនាញមកធ្វើការងារជាមួយគ្នា វាគ្មានខុសពីចាប់ក្តាមដាក់ចង្អេរទេ គឺថាគំនិតនិយាយមិនត្រូវគ្នាទេ យើងចង់បានបែបនេះ តែគាត់អ្នកជំនាញគឺគាត់ថាត្រូវធ្វើបែបនោះ លទ្ធផលចេញមកគឺ Zero (សូន្យ)។ ក្រោយមកខ្ញុំបានធ្វើការផ្លាស់ប្តូរគំនិតនេះចេញដោយរកអ្នកមានការតាំងចិត្តមកជួយ ពួកគាត់ជាមនុស្សធម្មតា គ្មានបរិញ្ញាបត្រជាន់ខ្ពស់មកពីណាទេ តែពួកយើងជិះលើនាវាតែមួយ ចង់ទៅឲ្យដល់គោលដៅតែមួយ ដើម្បីទទួលផលប្រយោជន៍រួមគ្នា។ យុទ្ធសាស្ត្របានផ្លាស់ប្តូរ ផលដែលហុចមកវិញក៏ផ្សេងពីលើកមុនដែរ យើងបានដើរសន្សឹមៗជាមួយមនុស្សធម្មតា តែអាចរកឃើញលទ្ធផលដ៏អស្ចារ្យ”។
លោកបានបន្ថែមដែរថា បុគ្គលិកឬអ្នកសហការណ៍ជាមួយគ្នាចៀសមិនផុតពីបុគ្គលបីប្រភេទគឺ៖
១) អ្នកបញ្ចេញសមត្ថភាព៖ គាត់ជាមនុស្សខ្លាំង ហើយពេលខ្លះអ្នកជាម្ចាស់អាជីវកម្មស្ទើរតែមិនអាចបញ្ជាលើគាត់បានទេ ព្រោះគាត់ដឹងថាខ្លួនមានសមត្ថភាពអាចធ្វើការងារមួយនោះបាន ហើយត្រូវតែបញ្ចេញស្នាដៃ។
២) អ្នកងាយត្រូវគេអូសទាញ៖ ដោយសារគាត់ជាមនុស្សខ្លាំងទើបមានអ្នកចង់បាន គួបផ្សំនឹងបុគ្គលម្នាក់នោះឆាប់ចាប់យកអ្វីដែលធ្វើឲ្យចិត្តគាត់ឆាប់ទាក់ចិត្ត គាត់ងាយនឹងត្រូវអ្នកដទៃ អូសទាញទៅបានគ្រប់ពេល។
៣) អ្នកធ្វើការដឹងតែធ្វើការ៖ បុគ្គលប្រភេទនេះធ្វើការងារមួយថ្ងៃ ៨ ម៉ោង ម៉ោងចូលដឹងថាចូល ដល់ម៉ោងចេញដឹងតែចេញ ហើយអ្នកក៏មិនចាំបាច់រៀបរាប់ពីចក្ខុវិស័យ ទស្សនវិស័យ វែងឆ្ងាយអ្វីជាមួយគាត់ដែរ។
បុគ្គលទាំងបីប្រភេទនេះហើយដែលអាចធ្វើឲ្យអាជីវកម្មអ្នកជោគជ័យ ក៏អាចធ្វើឲ្យអាជីវកម្មអ្នកបរាជ័យដូចគ្នា ហើយនៅពេលដែលអ្នកមានសមត្ថភាពដឹកនាំពួកគេឲ្យដើរជាមួយអ្នករហូតទៅដល់គោលដៅទើបអ្នកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ និងខ្លាំងបាន៕
ដោយ៖ យ៉ាយ៉ា