Bill Gates ថា នេះគឺជា មេរៀនសំខាន់បំផុតមួយដែលលោកបានរៀនពីលោក Warren Buffett​



មិត្តភាពរវាងស្ថាបនិករួមរបស់ក្រុមហ៊ុន Microsoft លោក Bill Gates និងកំពូលអ្នកវិនិយោគ Warren Buffett ត្រូវបានគេមើលឃើញ ហាក់មិនសូវមានភាពស៊ីសង្វាក់គ្នាប៉ុន្មានទេកាលពី​ស្គាល់គ្នាលើកដំបូង ហើយលោក Bill Gates  ក៏ធ្លាប់គិតដូច្នេះដែរ។ នៅពេលដែលម្តាយរបស់លោកចង់ឲ្យលោកទៅជួបលោក  Warren កាលពីជិត៣ទសវត្សរ៍មុន លោក Bill Gateមានអារម្មណ៍មិនស្រណុកក្នុងខ្លួនឡើយ ហើយថា ការជួបគ្នារវាងមហាសេដ្ឋីកំពូលៗក្នុងលោកទាំងពីរនេះ គឺត្រូវបានប្រធានក្រុមហ៊ុន Microsoft រូបនេះយល់ថា គ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ។

ជាភ័ព្វសំណាងមួយសម្រាប់លោក Bill Gates ដែលម្តាយរបស់លោកបានធ្វើឲ្យការណាត់ជួបកើតមានឡើង ហើយមកទល់នឹងពេលឥឡូវនេះ មហាសេដ្ឋីរូបនេះនៅតែចងចាំថ្ងៃណាត់ជួបដំបូងជាមួយលោក Buffett គឺថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩១។ នៅក្នុងរយៈពេល ២៨ ឆ្នាំមកនេះ លោក Bill Gates បានរៀនមេរៀនសំខាន់ៗជាច្រើនពីលោក Buffett ដែលវាមិនទាក់ទងទៅនឹងលុយកាក់ជាសំខាន់នោះ ទេ ក៏ប៉ុន្តែវាគឺការយល់ចិត្តយល់ថ្លើមគ្នាក្នុងនាមជាមិត្តភក្តិដ៏ល្អម្នាក់។

បើដូច្នេះមែន តើមិត្តភាពគឺជាអ្វី? ដូចអ្វីដែលលោក Bill Gates ធ្លាប់និយាយគឺថា “មិត្តភាពគឺជាការរកឃើញមិត្តភក្តិល្អម្នាក់ដូចដែលអ្នកប្រាថ្នាចង់បាន ”។ 

ស្ថាបនិករួមក្រុមហ៊ុន Microsoft រូបនេះបានពន្យល់យ៉ាងច្បាស់ដូច្នេះថា៖« ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះរបៀបដែលគាត់អាចទាក់ទាញមនុស្សគ្រប់គ្នាឲ្យចូលមកជិតគាត់ និងធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយចិត្តរៀនសូត្រពីគាត់។ មនុស្សផ្សេងទៀតដែលខ្ញុំស្គាល់។ គាត់បានលើកទូរស័ព្ទហើយទូរស័ព្ទមកនិយាយសួស្តី។ ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ ក៏គាត់ឆ្លៀតពេលមកជួបខ្ញុំដូចអ្នកផ្សេងទៀតដែលខ្ញុំធ្លាប់ស្គាល់។ ពេលខ្ញុំខលទៅគាត់ គាត់លើកទូរស័ព្ទភ្លាមៗ ហើយនិយាយដាក់ខ្ញុំវិញថា សួស្តី»

Bill Gates ចាត់ទុកសកម្មភាពនេះថា គឺជារឿងដ៏គួរឲ្យគោរពមួយ ប៉ុន្តែលោកថា លោក Buffett មានអ្វីដែលពិសេសជាងនេះទៅទៀត។ 

«រាល់ពេលដែលខ្ញុំធ្វើដំណើរទៅទីក្រុង Omaha គាត់នៅតែឆ្លៀតពេលបើកឡានមកកាន់ព្រលានយន្តហោះមកចាំទទួលខ្ញុំ។ មើលទៅដូចសាមញ្ញទេ ប៉ុន្តែសម្រាប់ខ្ញុំគឺមានន័យធំធេងណាស់។ ខ្ញុំសឹងតែអត់ធ្មត់មិនបាន ដើម្បីឲ្យយន្តហោះឆាប់ដល់ព្រលាន ពីព្រោះខ្ញុំដឹងថា Buffett កំពុងរង់ចាំខ្ញុំ។ ខ្ញុំបន់ឲ្យតែឆាប់ដល់ដើម្បីជិះឡានជាមួយ Buffett ហើយនិយាយរឿងកប្លែងសើចជាមួយគ្នា»។ Bill Gates បញ្ជាក់បន្ថែម។ 

មិត្តភាពគឺលើសពីលុយ
ការសិក្សារបស់សាកលវិទ្យាល័យ Harvard ដែលបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ១៩៣៨ ទៅលើមនុស្សពេញវ័យជាង ៧០០ នាក់ ដោយតម្រូវឲ្យពួកគេ ចូលរួមឆ្លើយសំនួរទាក់ទងទៅនឹង  ជីវិត សុខភាព និងសុភមង្គលពេញមួយជីវិតរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា អ្នកដែលមានទំនាក់ទំនងល្អនៅក្នុងសង្គមមានឥទ្ធិពលខ្លាំងជាងគេធ្វើឲ្យមានសុខភាពល្អ រស់បានយូរអង្វែង ខណៈអ្នកដែលនៅឯកោ និងមានបទពិសោធន៍ជីវិតមិនសូវចុះសម្រុងអ្នកដទៃ ទទួលបានលទ្ធផលផ្ទុយពីនេះ។

លទ្ធផលនេះស្របទៅនឹងការយល់ឃើញរបស់លោក Bill Gates ដែលថា មិត្តភាពរបស់លោកជាមួយលោក Warren Buffett គឺមានតម្លៃធំធេងខ្លាំងណាស់ ហើយទ្រព្យធនមាសប្រាក់មិនមានឥទ្ធិពលអ្វីដែលធ្វើឲ្យមិត្តភាពរបស់អ្នកទាំងពីរយូរអង្វែងជាងការយល់ចិត្តយល់ថ្លើមគ្នាក្នុងនាមជាមិត្តល្អម្នាក់នោះឡើយ៕

ប្រភព៖ Businessinsider 

 

X
5s