៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជួបជុំក្រុមម៉ូតូដ៏ធំនៅសៀមរាបនឹងចាប់ផ្ដើម
ព្រឹត្តិការណ៍ជួបជុំក្រុមម៉ូតូដ៏ធំអស្ចារ្យនិងដំបូងបំផុតនៅកម្ពុជា Motorrad Angkor Festival 2019 នឹងចាប់ផ្ដើមឡើងរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នាទឹកដីខេត្តសៀមរាប ដែលនឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមម៉ូតូធំរបស់កម្ពុជា រួមនឹងក្រុមម៉ូតូធំនានាមកពីតាមបណ្ដាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន។
លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹប BMW Motorcycle Club Cambodia បានលើកឡើងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាយានយន្តកម្ពុជា ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុមនិងបានចុះបញ្ជីក្នុងសហព័ន្ធ ដើម្បីចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សីលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។
លោក សូ សុជាតិ អគ្គលេខាធិការសហព័ន្ធយានយន្តកម្ពុជា បានលើកឡើងថា សហព័ន្ធកីឡានឹងធ្វើជាស្ពានដែលនឹងនាំកីឡាករកម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រោះមកដល់ពេលនេះកម្ពុជាបានក្លាយទៅជាសមាជិករបស់អង្គការយានយន្តពិភពលោក (FIA) រយៈពេល២ឆ្នាំមកហើយ ដែលវានឹងក្លាយជាឱកាសដ៏សម្រាប់កីឡាករកម្ពុជាដែលមានសមត្ថភាព អាចបង្ហាញទេពកោសល្យនិងសមត្ថភាពនៅលើឆាកអន្តរជាតិបាន ដែលនេះគឺជាមោទនភាពសម្រាប់ប្រទេសជាតិ ក៏ដូចជាសហព័ន្ធកីឡាកម្ពុជាផងដែរ។
Motorrad Angkor Festival 2019 និងប្រព្រឹត្តិឡើងនៅលើផ្ទៃដីប្រមាណជាង ៨ហិកតា នៅតំបន់អង្គរឃ្យូងយូរ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខាសៀមរាប ដែលជាទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ដែលនឹងចូលរួមដោយអ្នកទស្សនាប្រមាណជាង៥ម៉ឺននាក់មកពីគ្រប់ទិសទី ពិសេសគឺប្រមូលផ្ដុំទៅដោយអ្នកស្រលាញ់ម៉ូតូធំរាប់ពាន់នាក់មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចជា កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ស្រីលង្កា អ៊ីរ៉ង់ ហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជួបជុំអ្នកស្រលាញ់ម៉ូតូប្រចាំឆ្នាំលើកទីមួយនេះ មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនដូចជា៖ ម៉ាហ្វីយ៉ា រីស្សត, G.T.V.C, ក្រុមហ៊ុន Cell Card, ក្រុមហ៊ុន Golden Oasis Entertainment Co.,Ltd, ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វិរៈប៊ុនថាំ, ក្រុមហ៊ុន ប្រេងរំអិល BCP Super1, ទឹកបរិសុទ្ធ SKH Premium Water សណ្ឋាគារ Platinum Residence និងភេសជ្ជៈប៉ូវកម្លាំង Boxing៕