Jack Ma ថា មានលុយកាន់តែច្រើន បង្កើតកំហុសកាន់តែច្រើន​



លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ដ៏ល្បីល្បាញមួយនៅលើពិភពលោក  បានព្រមានថា មានលុយច្រើនពេកជៀសមិនរួចនាំឲ្យមានកំហុសកាន់តែច្រើន។ លោកបានថ្លែងបែបនេះនៅក្នុងវេទិកាកិច្ចពិភាក្សាមួយជាមួយលោក  Masayoshi Son ប្រធានក្រុមហ៊ុន SoftBank កាលពីពេលថ្មីៗកន្លងទៅនេះនៅឯសាកលវិទ្យាល័យ Tokyo។

មហាសេដ្ឋីចិនរូបនេះបានលើកឡើងដូច្នេះថា៖ «អ្នកមិនអាចបង្កើតកំហុសបានទេនៅពេលអ្នកអត់មានលុយ។ នៅពេលអ្នកមានលុយច្រើនពេក អ្នកនឹងបង្កើតកំហុសកាន់តែច្រើន»។ 

ក្រឡេកមកមើលមហាសេដ្ឋី Masayoshi Son វិញដែលគ្រប់គ្រងមូលនិធិចក្ខុវិស័យ ១០០ ពាន់លានដុល្លារ ($100bn Vision Fund) បានជះប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងក្រុមហ៊ុនអាជីវកម្មថ្មីៗបានប្រកាសនៅពេលនោះផងដែរថា លោកនឹងបន្តវិនិយោគកាន់តែច្រើនថែមទៀតក្នុងកញ្ចប់ទឹកប្រាក់ ៤,៦ពាន់លានដុល្លារលើក្រុមហ៊ុនអចលនទ្រព្យ WeWork។

មិនខុសពីលោក Jack Ma មហាសេដ្ឋីជប៉ុនរូបនេះក៏សារភាពផងដែរថា លោកក៏បានបង្កើតកំហុសជាច្រើនផងដែរនៅពេលកន្លងមក។

«ចំណង់ចំណូលចិត្ត និងក្តីសុបិនរបស់ខ្ញុំគឺធំជាង ១០០ ដងនូវអ្វីដែលខ្ញុំសម្រេចបាននៅពេលកន្លងមក”។  ប៉ុន្តែខ្ញុំនិយាយដោយត្រង់ ពេលខ្លះខ្ញុំបានរកស៊ីខាតលុយច្រើនណាស់នៅពេលដែលខ្ញុំសម្រេចចិត្តលើគម្រោងវិនិយោគធំៗដោយផ្អែកលើអារម្មណ៍វង្វេងវង្វាន់របស់ខ្ញុំ»


មហាសេដ្ឋី Masayoshi Son និង​លោក Jack Ma 

យ៉ាងណាមិញ អារម្មណ៍វង្វេងវង្វាន់នោះក៏បានធ្វើឲ្យការនិយោគរបស់លោក Masayoshi Son ជោគជ័យបំផុតផងដែរនៅពេលដែលលោកបានផ្តល់ដើមទុនចំនួន ២០ លានដុល្លារដល់ Jack Ma កាលពីឆ្នាំ ២០០០ ពោលគឺមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Alibaba បានបង្កើតឡើង។ ឥឡូវនេះភាគហ៊ុន ២៦ % របស់ក្រុមហ៊ុន SoftBank ដែលមាននៅក្នុងក្រុមហ៊ុនយក្សរបស់ចិនមួយនេះមានតម្លៃជិត ១៤០ ពាន់លានដុល្លារទៅហើយ។

សូមបញ្ជាក់ថា មហាសេដ្ឋីអាស៊ីទាំងពីររូបនេះគឺជាមិត្តជិតស្និទ្ធនឹងគ្នា និងជាដៃគូអាជីវកម្មដ៏ស្អិតលម្មួតមួយ។ ក៏ប៉ុន្តែអ្នកទាំងពីរបានដើរលើគន្លងផ្លូវខុសគ្នា។ Jack Ma មានអាយុ ៥៥ ឆ្នាំបានចូលនិវត្តន៍លាឈប់ពីមុខតំណែងជាប្រធានក្រុមហ៊ុន Alibaba ដ៏មានតម្លៃបំផុតមួយរបស់ចិនរួចទៅហើយកាលពីខែកញ្ញាកន្លងទៅ ដើម្បីយកពេលវេលារបស់លោកផ្តោតលើការយកចិត្តទុកដាក់ក្នុងវិស័យអប់រំ។

ចំណែកលោក Masayoshi Son មានវ័យ ៦២ ឆ្នាំបានបញ្ជាក់ថា លោកនឹងបន្តកិច្ចការរបស់លោកក្នុងការដឹកនាំស្រាវជ្រាវលើបច្ចេកវិទ្យា និងអាជីវកម្មថ្មីៗតាមរយៈគម្រោងមូលនិធិចក្ខុវិស័យរបស់លោកនូវអ្វីដែលលោកយល់ថា វាទើបតែចាប់ផ្តើមតែប៉ុណ្ណោះ៕

ប្រភព៖ Financial Times