៧គន្លឹះ ធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យក្នុងឆ្នាំ ២០២០ ខាងមុខ​



តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យក្នុងឆ្នាំ ២០២០នេះ? នៅមិនយូរទៀតទេ ឆ្នាំថ្មីនឹងចូលមកដល់។ អស់រយៈពេល ១២ ខែមកនេះអ្នកប្រហែលជាបានហែលឆ្លងឧបសគ្គជាច្រើនរាប់មិនអស់នៅក្នុងមុខជំនួញដែលបានដោះស្រាយរួច ហើយមានឧបសគ្គខ្លះទៀតកំពុងដាក់សម្ពាធមកលើអ្នក។

ទោះបីជាបែបនេះក្តី គោលដៅរបស់មួយរបស់អ្នកគឺថា ធ្វើយ៉ាងណាឲ្យជំនួញរីចចម្រើនជាងមុន។ នេះជាមូលហេតុសំខាន់មួយដែលអត្ថបទនេះបានលើកយកនូវគន្លឹះចំនួន ៧ ចំណុចដែលអាចជួយឲ្យអ្នកសម្រេចបានជោគជ័យក្នុងអាជីវកម្មសម្រាប់ឆ្នាំ ២០២០ ខាងមុខ។  

១) ស្គាល់អតិថិជនរបស់អ្នក
ការអភិវឌ្ឍសេវាកម្ម ឬផលិតផលដែលលក់ដូចជា នំខេក វាអាចដំណើរការបានលុះត្រាតែអ្នកដឹងថា តម្រូវការរបស់អតិថិជនរបស់អ្នកគឺជាអ្វី។ សូមស្វែងយល់ពីតម្រូវការរបស់អតិថិជន និងការចង់បានរបស់ពួកគេតាមរយៈការស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្ថែមទៀត។ សូមសួររកការឆ្លើយតបរបស់ពួកគេដោយភាពស្មោះត្រង់បំផុត ទោះបីជាពេលខ្លះវិធីស្រាវជ្រាវជជែកសួររបស់អ្នកមិនមានលក្ខណៈវិជ្ជាជីវៈក៏ដោយ។ មតិយោបល់រិះគន់កែលំអរបស់អតិថិជន គឺជាវិធីល្អបំផុតដើម្បីអភិវឌ្ឍសេវាកម្ម ឬផលិតផលរបស់អ្នកដែលអាចឆ្លើយតបទៅនឹងតម្រូវការលើទីផ្សារ និងអតិថិជនតាមការចង់បានរបស់ពួកគេ។ លើសពីនេះទៅទៀត វាអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ថា តើចំណុចណាខ្លះដែលអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់អ្នកត្រូវការការកែលំអ។

២) វិនិយោគលើបុគ្គលិក
ជាធម្មតាអ្នកពិតជាចង់ដឹងពីវិធីដែលធ្វើឲ្យអាជីវកម្មលូតលាស់ មែនទេ? នេះជាអ្វីដែលអ្នកមិនត្រូវមើលរំលងលើបុគ្គលិករបស់អ្នកឡើយ។ នៅក្នុងឆ្នាំថ្មីនេះមួយក្នុងចំណោមផែនការនានាសម្រាប់អាជីវកម្មរបស់អ្នក អ្នកត្រូវវិនិយោគលើបុគ្គលិករបស់អ្នកដើម្បីធ្វើឲ្យពួកគេកាន់តែសកម្មក្នុងការងារច្រើនជាងមុន និងការងារមានផលិតភាព។ ការបណ្តុះបណ្តាល ការបង្ហាត់បង្រៀន ឬការផ្តល់កម្មវិធីវគ្គសិក្សាផ្សេងៗទាំងនៅក្នុង និងក្រៅស្ថាប័នរបស់អ្នកដើម្បីពង្រឹងជំនាញរបស់ពួកគេ គឺសុទ្ធតែមូលដ្ឋានគ្រឹះរួមចំណែកធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។ សូមចាំថា វាមិនគ្រប់គ្រាន់ទេក្នុងការមានផលិតផលល្អបំផុត និងផ្តល់សេវាកម្មដ៏អស្ចារ្យដល់អតិថិជននោះ។ អ្នកចាំបាច់ត្រូវមានបុគ្គលិកល្អៗប្រកបដោយគុណភាពផងដែរ។ 

៣) ត្រូវធានាថា បុគ្គលិកប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព
សារព័ត៌មាន Forbes បានរាយការណ៍ថា បុគ្គលិក ៨៩% បានខ្ជះខ្ជាយពេលវេលានៅកន្លែងធ្វើការ និង ៥៧% ខ្ជះខ្ជាយពេលប្រហែលមួយម៉ោងក្នុងមួយថ្ងៃ។ បញ្ហានេះអាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកខាតបង់ប្រាក់រាប់សិបលានផងដែរ។ ដូច្នេះ តើអ្នកមានដំណោះស្រាយអ្វីលើចំណុចនេះ? អ្នកត្រូវតាមដានប្រសិទ្ធភាពពេលវេលាធ្វើការរបស់បុគ្គលិកដូចជាជួយតម្រូវឲ្យពួកគេមានផែនការការងារនៅម៉ោងនីមួយៗ។ នៅពេល បុគ្គលិកដឹងច្បាស់ថា ប្រាក់ខែរបស់ពួកស័ក្តិសមនឹងពេលវេលាដែលពួកគេលះបង់ដើម្បីការងារ វានឹងជំរុញឲ្យពួកគេកាន់តែ រីករាយ ចូលរួមសកម្មជាងមុន និងមានផលិតភាពការងារកាន់តែច្រើនដែលនាំមកនូវប្រាក់ ចំណេញ  និងអត្ថប្រយោជន៍ដល់អតិថិជន។

៤) ចាត់ទុកថាសេវាកម្មអតិថិជនគឺជារឿងអាទិភាព
មិនថាសេវាកម្ម ឬផលិតផលរបស់អ្នកល្អប៉ុណ្ណានោះទេ ប្រសិនបើសេវាកម្មជូនអតិថិជនរបស់អ្នកនៅមានកម្រិត អតិថិជននឹងមិនពេញចិត្តលើផលិតផល ឬសេវាកម្មរបស់អ្នកឡើយ ។ អ្នកត្រូវចាត់វិធានការបន្ថែមទៀតដើម្បីឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ពិសេសមកលើសេវាកម្ម ឬផលិតផលរបស់អ្នក។ អ្នកត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថា ពួកគេមានតម្លៃ ហើយប្រសិនបើពួកគេមានបញ្ហា សូមជួយដោះស្រាយវាជូនពួកគេភ្លាមៗ។ សូមឆ្លើយរាល់សំនួរដែលពួកគេចង់សួរ ។ អ្នកត្រូវចាំថា អតិថិជនរបស់អ្នកអាចធ្វើជាអ្នកតំណាងយីហោក្រុមហ៊ុនរបស់អ្នក ពីព្រោះពួកគេនឹងណែនាំផលិតផល ឬសេវាកម្មរបស់អ្នកបន្តទៅអតិថិជនផ្សេងទៀតប្រសិនបើអ្នកធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ។

៥) ប្រើប្រាប់បណ្តាញសង្គមឲ្យអស់ពីសមត្ថភាព
នៅពេលមានអ្នកប្រើប្រាស់បណ្តាញសង្គមមានដល់ទៅជាង ៣,១ ពាន់លាននាក់ អ្នកអាចនិយាយបានថា បណ្តាញសង្គមគឺជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ពង្រីកអាជីវកម្មឲ្យកាន់តែល្បីល្បាញ។ នៅលើ Instagarm វិញ អ្នកប្រើប្រាស់ ៨០% យ៉ាងហោចណាស់បានតាមដានពីអាជីវកម្មណាមួយ ខណៈដែល Facebook កំពុងមានប្រជាប្រិយភាពខ្លាំងជាងនេះ។ ដូចនេះ ការប្រើប្រាស់មធ្បាបាយមួយនេះ គឺជួយបង្កើនការចូលរួមរបស់អតិថិជនថ្មីៗ និងអតិថិជនដ៏មានសក្តានុពលរបស់អ្នកដោយសារតែវាមានលក្ខណៈងាយស្រួលជាងមុនដើម្បីទំនាក់ទំនងទៅកាន់តំបន់ផ្សេងៗនៅជុំវិញពិភពលោក។

៦) រៀបចំចងក្រងទិន្នន័យឲ្យបានសុក្រឹត្យបំផុត
ក្នុងអំឡុងពេលក្រុមហ៊ុនកំពុងរីកចម្រើន វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សាប្រភពទិន្នន័យផ្សេងៗឲ្យបានលម្អិតរាប់ចាប់តាំងពីខ្ទង់ចំណូលចំនាយ រចនាសម្ព័ន្ធការងារ និងបាយការណ៍ផ្សេងៗដែលទាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់អ្នក។ អ្នកត្រូវប្រមូលទិន្នន័យទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបន្ទាប់មកត្រូវចងក្រងជាឯកសារមួយសម្រាប់ធ្វើជាចលករចង្អុលបង្ហាញពីស្ថានភាពទូទៅ និងការវិវត្តនានានៅក្នុងអាជីវកម្មរបស់អ្នក។ ឧទាហរណ៍ថា ខែនេះអ្នកចំណេញប៉ុន្មាន ចំណាយអ្វីខ្លះ រីកចម្រើនកម្រិតណា ត្រូវការអ្វីខ្លះបន្ថែមទៀតជាដើម។

៧) បណ្តាញទំនាក់ទំនង
នៅពេលណាដែលមានឱកាសចូលរួមព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងផ្សេងៗ សូមចូលរួម! កុំមើលរំលង។  នេះគឺជាឱកាសដ៏ធំមួយដើម្បីពង្រីកយីហោក្រុមហ៊ុនរបស់អ្នក និងពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នកឲ្យកាន់តែល្បីផងដែរ។ ការកសាងទំនាក់ទំនងជាមួយអ្នកដ៏ទៃ អាចមានអត្ថប្រយោជន៍ខ្ពស់សម្រាប់កំណើនអាជីវកម្មរបស់អ្នក។ នៅពេលអ្នកស្គាល់មនុស្សថ្មីៗ អ្នកនឹងជួបមនុស្សជំនាញៗដែលខ្លាំងជាងអ្នក។ ពួកគេអាចណែនាំ ជួយបង្ហាត់បង្រៀន និងតម្រង់ទិសអ្នកដែលអាចជួយកសាង និងពង្រីកអាជីវកម្មរបស់អ្នកជាមួយអតិថិជនគ្រប់ទិសទី៕

ប្រភព៖ Pingboard 

 

X
5s