សូមកុំភ្លេចប្រើក្បួនហិរញ្ញវត្ថុទាំង ៦ នេះ
តើមានបញ្ហាហិរញ្ញវត្ថុចាស់ៗណាខ្លះដែលអ្នកមិនទាន់បានដោះស្រាយរួច? បំណុល? ចំណាយច្រើន? ចំណូលតិច? គ្មានប្រាក់សន្សំទុក? ទាំងអស់នេះប្រហែលជាកំពុងក្លាយជាប្រធានបទក្តៅសម្រាប់ប្រិយមិត្តមួយចំនួន។
ប៉ុន្តែ Bizkhmer នៅតែរំពឹងទុកថា ប្រិយមិត្តទាំងអស់នឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរជាងមុនជាក់ជាមិនខាន។ ជាការរួមចំណែកដើម្បីអប់អរឆ្នាំថ្មីដល់ប្រិយមិត្តឲ្យសម្រេចបានគោលដៅខាងលើ អត្ថបទនេះសូមបង្ហាញក្បួន ៦ យ៉ាងសម្រាប់ជាកាដូសម្រាប់ប្រិយមិត្តយកទៅសិក្សារៀនសូត្រអនុវត្តបន្ថែម។
១) វិនិយោគអ្វីក៏វិនិយោគទៅ តែកុំភ្លេចវិនិយោគលើខ្លួនឯង
ទាំងអ្នកមានជំនួញរកស៊ីក្នុងដៃ ទាំងអ្នកធ្វើការងារឲ្យគេប្រហែលជាបានប្រើប្រាស់លុយខ្លួនឯងជាច្រើនវិនិយោគលើជំនួញផ្សេងៗដូចជាទិញដី ផ្ទះ និងមុខជំនួញដែលមានសក្តានុពល។ យ៉ាងណាមិញ សូមកុំភ្លេចថា ការវិនិយោគលើខ្លួនឯង ពោលគឺការបណ្តុះបណ្តាល ការរៀនសូត្រជំនាញថ្មីៗ និងចំណេះដឹងផ្សេងៗគឺជារឿងអាទិភាព។ អ្នកប្រហែលជាមិននឹកស្មានដល់ថា ផលមិនចេះរីកស្ងួតបានមកពីការវិនិយោគលើខ្លួនឯងផ្តល់ផលតបស្នងមកវិញច្រើនកម្រិតណានោះទេ។ ហេតុដូច្នេះហើយ អ្នកគួរបែងចែកហិរញ្ញវត្ថុរបស់អ្នកមួយផ្នែកប្រហែលជា ៥ ឬ ១០% នៃចំណូលរបស់អ្នកទុកសម្រាប់វិនិយោគលើខ្លួនឯងឲ្យបាន។
២) កុំទុកលុយចោល ត្រូវធ្វើឲ្យលុយចេះដើរ
លុយចេះដើរមានន័យដូចម្តេច? គឺមានន័យថា ជាលុយដែលអាចបង្កើតលុយបន្ថែមបាន។ ការយកលុយទៅទិញអចលនទ្រព្យ ដីធ្លី ចងការប្រាក់ ចូលហ៊ុនរកស៊ីដែលផ្តល់ប្រាក់ចំណេញជាដើម គឺសុទ្ធតែឧទាហរណ៍មួយបញ្ជាក់ថា វានឹងធ្វើឲ្យលុយអ្នកចេះដើរដែរ។ ការយកលុយទៅផ្ញើធនាគារស៊ីការប្រាក់បន្តិចបន្តួច មិនមែនជាគំនិតឆ្លាតវៃទេបើប្រៀបធៀបទៅនឹងការវិនិយោគខាងលើ។ សូមចាំថា ការយកលុយទៅវិនិយោគលើខ្លួនឯង ក៏មានន័យស្មើនឹងធ្វើឲ្យលុយរបស់អ្នកចេះដើរដែរ ពីព្រោះវាធ្វើឲ្យអ្នកទទួលបានឱកាសពង្រីកជំនាញ និងពង្រឹងចំណេះដឹងថ្មីៗរបស់អ្នកឲ្យកាន់តែខ្លាំងដែលអាចឲ្យអ្នករកលុយបានកាន់តែច្រើន។
៣) រកលុយបាន ក៏ចេះចែករំលែកទៅវិញដែរ
លុយដែលអ្នករកបាន អ្នកគួរបែងចែកមួយផ្នែកតូចឬច្រើនណាមួយតាមលទ្ធភាពដើម្បីចែករំលែកទៅអ្នកដទៃតាមរយៈការងារសប្បុរសធម៌ដូចជាការបរិច្ចាគជាដើមថ្វីត្បិតតែអ្នកអាចរកចំណូលបានដោយសារតែពួកគេដែលជាអតិថិជនរបស់អ្នក។ ថ្វីត្បិតតែពេលខ្លះវាបន្តិចបន្តួចក្តី ប៉ុន្តែអ្នកមិនអាចទាយដឹងថា អនុភាពរបស់វាផ្តល់មកឲ្យអ្នកត្រឡប់មកវិញច្រើនប៉ុណ្ណាទេ។ ទឹកចិត្តសប្បុរសធម៌របស់អ្នកដែលផ្តល់ឲ្យអ្នកដទៃអាចជួយលើកតំកើងកេរ្តិ៍ឈ្មោះ កិត្តិយសរបស់អ្នក ឬក្រុមហ៊ុនរបស់អ្នកហួសពីការស្មាន និងធ្វើឲ្យជីវិតរបស់អ្នកមានសេចក្តីសុខដោយការជួយអ្នកដទៃ។ សូមចាំថា គ្មាននរណាម្នាក់ក្រដោយសារតែជួយអ្នកដទៃទេ ហើយក៏គ្មាននរណាម្នាក់ក្រស្មើនឹងមនុស្សចិត្តចង្អៀតចង្អល់ដែរ។
៤) បើចំណាយលុយ គួរចំណាយតែផ្នែកណាមួយនៃប្រាក់ចំណូលរបស់អ្នកប៉ុណ្ណោះ
ក្បូនងាយបំផុតធ្វើឲ្យអ្នកធ្លាក់ខ្លួនក្រ គឺគ្រាន់តែចំណាយច្រើនជាងចំណូលទៅ! ផ្ទុយមកវិញ បើអ្នកចង់មាន អ្នកត្រូវចាយឲ្យតិចជាងចំណូល។ នេះជាច្បាប់គ្រឹះមួយក្នុងចំណោមច្បាប់គ្រឹះផ្សេងៗទៀតដែលធ្វើឲ្យអ្នកក្លាយជាអ្នកមាន។ ក៏ប៉ុន្តែ វាមិនងាយស្រួលធ្វើវាទេ ដរាបណាទម្លាប់ចាយលុយគ្មានក្បួនខ្នាតរបស់អ្នកនៅបន្តមានវត្តមានរហូតនោះ។ ដើម្បីឲ្យអ្នកអាចជៀសផុតធ្លាក់ក្នុងវិបត្តិនៃបំណុល អ្នកត្រូវយកចំណូលដែលបានមកបែងចែក ឬលៃលកយ៉ាងណាសូមកុំឲ្យការចំណាយមានច្រើនជាងឲ្យសោះ។ ទន្ទឹមនឹងនេះបើអ្នកយល់ឃើញថា ចំណូលដែលរកមកមិនអាចទប់ទល់នឹងការចំណាយបានទេ អ្នកគួរមានគំនិតរកលុយដែលល្អជាងនេះ ឬរកប្រភពចំណូលឲ្យលើសពីពីរឡើងទៅទើបជាជាជម្រើសល្អរបស់អ្នក។
៥) បង្កើតប្រព័ន្ធតាមដានស្ថានភាពហិរញ្ញវត្ថុរបស់អ្នក
នេះជាចំណុចសំខាន់ខ្លាំងណាស់ពីព្រោះវានឹងជួយកំណត់សុខភាពហិរញ្ញវត្ថុរបស់អ្នកនៅពេលនេះ និងពេលអនាគតខាងមុខ។ ទោះបីជាអ្នកដឹងចរន្តចេញចូលចំណូលចំណាយរបស់អ្នកគ្រប់វិនាទី អ្នកក៏ត្រូវរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់តម្រូវការទៅថ្ងៃខាងមុខ សប្តាហ៍ខាងមុខ ខែក្រោយ ឬឆ្នាំក្រោយឲ្យបានល្អប្រសើរដែរ។ អ្នកគួរចំណាយប៉ុន្មាន រកចំណូលឲ្យបានប៉ុន្មានក្នុងរយៈពេល ១០ខែទៀត សន្សំឲ្យបានប៉ុន្មាន ទាំងអស់នេះអ្នកគួរតែរៀបចំដាក់បញ្ចូលក្នុងគម្រោងហិរញ្ញវត្ថុរបស់អ្នក។ អ្នកមិនគួរចេះតែរំពឹងទុក និងចេះតែស្មានៗទេ ពោលគឺត្រូវកំណត់ជាតួលេខ ឬចំនួនក្នុងខ្ទង់ណាមួយឲ្យបានច្បាស់លាស់ជាមុន។
៦) កុំភ្លេចបែងចែកប្រាក់មួយផ្នែកសម្រាប់ត្រៀមប្រើពេលមានអាសន្ន
សូមកុំគិតថា ចាយវាយឲ្យតិចជាងចំណុល មានប្រព័ន្ធតាមដានស្ថានភាពហិរញ្ញវត្ថុត្រឹមត្រូវ ឬការវិនិយោគជាដើមសុទ្ធតែអាចធានាបានថា សុខភាពហិរញ្ញវត្ថុរបស់អ្នកល្អប្រសើររហូតនោះ។ នៅក្នុងជីវភាពប្រចាំថ្ងៃ អ្នកអាចនឹងជួបហេតុការណ៍ហួសពីការរំពឹងទុកកើតឡើងជាច្រើនដោយយថាហេតុ។ ពេលខ្លះមុខជំនួញត្រូវខ្ស័យធន អគ្គីភ័យ គ្រោះថ្នាក់ សុខភាព ស្លាប់ ឬហេតុការណ៍មិនល្អអ្វីមួយកើតឡើងចំពោះអ្នក។ ចង់ឬមិនចង់ករណីទាំងនោះតម្រូវឲ្យអ្នកចំណាយប្រាក់តិចឬច្រើនតាមស្ថានភាពជាក់ស្តែង។ ដូច្នេះហើយកាលៈទេសៈនេះបានប្រាប់ថា ការត្រៀមហិរញ្ញវត្ថុមួយផ្នែកសម្រាប់គ្រាអាសន្នទុកជាមុន គឺជារឿងល្អបំផុតពីព្រោះការធ្វើបែបនេះវាមិនបានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំងមូលឡើយ៕
ប្រភព៖ Businessinsider