Jack Ma ថា នរណាៗក៏អាចជោគជ័យបានដែរឲ្យតែខិតខំប្រឹងប្រែងព្យាយាម​



ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាមហាសេដ្ឋីល្បីល្បាញម្នាក់លោក Jack Ma ជឿជាក់ថា នរណាៗក៏អាចទទួលបានភាពជោគជ័យដូចលោកបានដែរឲ្យតែខិតខំប្រឹងប្រែងព្យាយាម។ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ជាកូនអ្នកក្រដែលបានធំធាត់នៅក្រុង Hangzhou របស់ចិនរូបនេះ ធ្លាប់ត្រូវបានគេបដិសេធមិនទទួលយកធ្វើការរហូតដល់ទៅ ៣០ ដងមុនពេលក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។ 

នៅក្នុងសន្និសីទ Viva Tech មួយដែលធ្វើឡើងនៅទីក្រុងប៉ារីសកាលពីខែឧសភាកន្លងទៅ លោក Jack Ma ធ្លាប់បានលើកឡើងដូច្នេះថា៖« ខ្ញុំគិតថា នរណាៗក៏អាចទទួលបានភាពជោគជ័យដែរ ប្រសិនបើអ្នកនោះពិតជាបានខិតខំប្រឹងប្រែងព្យាយាមពិតប្រាកដ»។ 

លោកបន្តថា៖«ខ្ញុំបានចាប់ផ្តើមក្រុម Alibaba ក្នុងឆ្នាំ ១៩៩៩ នៅក្នុងផ្ទះល្វែងរបស់ខ្ញុំ។ ស្ថាបនិកបាននិយាយថា ប្រសិនបើ Jack Ma និងក្រុមការងាររបស់គាត់អាចទទួលបានជោគជ័យ ដូច្នេះប្រជាជន ៨០ % នៅលើពិភពលោកអាចទទួលបានជោគជ័យដែរហើយ។ ដោយសារតែយើងស្ទើរតែគ្មានអ្វីសោះ ប៉ុន្តែយើងជឿជាក់ទៅលើអនាគត»

លោក Jack Ma បានបន្ដរៀបរាប់ពីអ្វីដែលលោកជឿជាក់ថា មានគន្លឹះបីសំខាន់ដែលនាំឆ្ពោះទៅរកភាពជោគជ័យគឺ ត្រូវគិតឲ្យខុសប្លែកពីគេ កុំបោះបង់ និងប្រើជំនាញដែលអ្នកមាននៅពេលនេះ។ 

លោក Jack Ma បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទខាលើដូច្នេះថា៖« "ប្រសិនបើអ្នករាល់គ្នាគិតតែយល់ស្របដូចគ្នា នោះវាពិតជាគ្មានឱកាសនៅទីនោះទេ ។ ដើម្បីទទួលបានជោគជ័យ វាចាំបាច់ទាមទារឲ្យអ្នកគិតឃើញពីអ្វីដែលមិនទាន់មាននរណាម្នាក់ផ្សេងទៀតគិតដល់ »

ចំណុចទី២ លោក Jack Ma ដែលត្រូវបានបដិសេធដោយសាកលវិទ្យាល័យ Harvard (លោកបានដាក់ពាក្យ ១០ ដង) បានលើកឡើងថា អ្នកមិនត្រូវអនុញ្ញាតឲ្យការបដិសេធមកបញ្ឈប់ដំណើររបស់អ្នកឡើយ។ 

«ជាការពិត អ្នកនឹងមិនសប្បាយចិត្តទេនៅពេលដែលគេនិយាយថា " ទេ " មកលើអ្នក។ សូមគេងលក់ឲ្យ ស្រួល ក្រោកឡើង ហើយព្យាយាមម្តងទៀត»។ លោក Jack Ma បញ្ជាក់។

ចំណែកឯចុងក្រោយទាក់ទងនឹងការប្រើជំនាញវិញ លោក Jack Ma បាននិយាយថា នៅពេលលោកចាប់ផ្តើមក្រុមហ៊ុន Alibaba ដំបូង លោកមិនបានដឹងអ្វីសោះឡើយពីទីផ្សារបច្ចេកវិទ្យា ឬ ច្បាប់ទម្លាប់រកស៊ីផ្សេងៗ ពាក់ព័ន្ធនឹងការចាប់ផ្តើមក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីល្បាញនេះ។ ប៉ុន្តែលោកថា លោកពូកែបម្រើអតិថិជន។

«ខ្ញុំស្គាល់តែមនុស្សទេ។ នៅពេលខ្ញុំចំណាយពេលបម្រើអតិថិជន  ហើយពួកគេសប្បាយចិត្ត ខ្ញុំនឹងឈ្នះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Jack Ma៕

ប្រភព៖ Businessinsider 

 

X
5s