លោក Soma-Sundram៖ ជីវិតជោគជ័យ ឬបរាជ័យអាស្រ័យលើ ២ ចំណុចនេះ​



គ្មាននរណាម្នាក់ប្រាថ្នាឲ្យជីវិតរបស់ខ្លួនជួបរឿងបរាជ័យនោះទេ តែទោះជាយ៉ានេះក្តីក៏ម្នាក់ៗមិនអាចធ្វើឲ្យជីវិតខ្លួនឯងបានប្រសើរតាមការចង់បានគ្រប់ពេលនោះដែរ។ 

លោក Soma-Sundram អ្នកជំនាញអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី មានបទពិសោធន៍លើវិស័យនេះ ៣២ឆ្នាំ បច្ចុប្បន្នជាអគ្គលេខាធិការទទួលបន្ទុកកិច្ចការទូទៅប្រចាំនៅ ASEAN Real Estate Network Alliance (ARENA) បានធ្វើការបឋកថាពីភាពជោគជ័យរបស់បុគ្គលិកក្នុងអង្គភាព (អចលនទ្រព្យ)។ លោកបានលើកឡើងថា មិនថាអ្នកជានរណាបើចង់ជោគជ័យត្រូវពិចារណាចំណុច ២ ខាងក្រោមឲ្យបានខ្លាំង៖

១. ខ្លួនឯង
គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួនឯងបានទេសូម្បីខ្លួនអ្នក តែអ្នកអាចកំណត់ផ្លូវដើរសម្រាប់ភាពជោគជ័យ ឬបរាជ័យបាន មានតែអ្នកខ្លួនឯងទេដែលដឹងថាខ្លួនឯងចង់ក្លាយទៅជាអ្វី នៅពេលណា ហើយធ្វើវាបានដោយរបៀបណា។ 

២) អង្គភាព
ការជ្រើសរើសកន្លែងការងារជារឿងមួយល្អ អ្នកត្រូវសួរខ្លួនឯងថាតើអ្នកនឹងធ្វើការងារមួយនោះដើម្បីប្រាក់ខែ ឬដើម្បីទទួលបានចំណេះដឹង។ ប្រាកដណាស់ ធ្វើការងារដើម្បីទទួលបានប្រាក់ខែដើម្បីចិញ្ចឹមជីវិត តែមិនប្រាកដថាអ្នកនឹងត្រូវធ្វើការងារមួយនេះជារៀងរហូតដល់ពេលចូលនិវត្តន៍ដែរ ព្រោះអ្នកត្រូវការចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាព និងទទួលបានកម្រៃបន្ថែមលើសពីអ្វីដែលអ្នកទទួលបាននាពេលបច្ចុប្បន្ន។ ការជ្រើសរើសកន្លែងការងារនេះអ្នកត្រូវផ្តោតសំខាន់លើ ៣ ចំណុចបន្ថែមទៀតគឺ៖

ក) ភាពជាអ្នកដឹកនាំ៖ តើនរណាអ្នកថ្នាក់ដឹកនាំរបស់អ្នក? គេជាមនុស្សបែបណា ជាមនុស្សដែលចូលចិត្តដាក់បញ្ជាហើយឲ្យគេគោរពតាមគ្រប់ពេល ឬជាមនុស្សដែលផ្តល់ឱកាសឲ្យថ្នាក់ក្រោមបានបញ្ចេញយោបល់ដើម្បីភាពរីកចម្រើនក្នុងអង្គភាព? 

ខ) ការសិក្សា និងការអប់រំ៖ អង្គភាពខ្លាំងមួយ ជាអង្គភាពដែលអ្នកដឹកនាំល្អ និងផ្តល់ឱកាសឲ្យបុគ្គលិកទទួលបានការសិក្សា និងបណ្ដុះបណ្ដាលច្រើនដើម្បីអភិវឌ្ឍសមត្ថភាព។ អង្គភាពមួយចំនួនសុខចិត្តចំណាយពេល និងធនធានច្រើនក្នុងការបណ្ដុះបណ្តាលបុគ្គលិក (រយៈពេលខ្លី) តែបន្ទាប់ពីពេលដែលបុគ្គលិកមានចំណេះដឹងគ្រប់គ្រាន់ ភាពរីក​ចម្រើនរបស់អង្គភាពប្រាកដជាមានជាក់ជាមិនខាន។ 

គ) ការគាំទ្រ៖ អង្គភាពមួយមានការរីកចម្រើនអាស្រ័យមានអ្នកដឹកនាំល្អ និងបុគ្គលិកខ្លាំង តែវាក៏ត្រូវការឲ្យថ្នាក់ដឹកនាំរបស់អង្គភាពធ្វើការគាំទ្រដល់ស្នាដៃការងាររបស់បុគ្គលិក​។ ការគាំទ្ររបស់ថ្នាក់ដឹកនាំជំរុញឲ្យបុគ្គលិកមានសេចក្តីក្លាហានក្នុងការបំពេញការងារ បញ្ចេញមតិ ហ៊ានទទួលយកហានិភ័យ និងមានភាពទទួលខុសត្រូវខ្ពស់លើការងាររបស់ពួកគេ។ 

ដូច្នេះការកំណត់ភាពជោគជ័យរបស់អ្នកគ្មាននរណាក្រៅពីខ្លួនឯងជាអ្នកសម្រេចចិត្តឡើយ។ គួរបញ្ជាក់ផងដែរថា លោក Soma-Sundram បានចែករំលែកពីគន្លឹះដើម្បីក្លាយជាអ្នកភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យមួយរូបក្នុងកម្មវិធីការវិវត្តន៍នៃអចលនទ្រព្យក្នុងតំបន់អាស៊ាន រៀបចំឡើងដោយក្រុមហ៊ុន Keller Williams Cambodia។ លោក​បានលើកឡើងថា ទោះនេះការចែករំលែកមួយផ្តោតលើការលក់ និងការអភិវឌ្ឍខ្លួនក្នុងនាមជាអ្នកលក់អចលនទ្រព្យ តែខ្ញុំជឿជាក់ថា មិនថាអ្នកធ្វើការងារក្នុងវិស័យណាទេ ២ ចំណុចខាងលើនេះនឹងកំណត់ពីភាពជោគជ័យ ឬបរាជ័យរបស់អ្នកយ៉ាងប្រាកដ៕

ដោយ៖ យ៉ាយ៉ា

 

X
5s