Andrew Carnegie៖ «ទីណាដែលមានសំណើចនៃភាពរីករាយតិច ទីនោះក៏មានភាពជោគជ័យរីកចម្រើនតិចដូចគ្នាដែរ»
នៅក្នុងជីវិត មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចជួបរឿងសមបំណងគ្រប់យ៉ាងនោះឡើយ វាប្រៀបដូចជាអាកាសធាតុដែលប្រែប្រួលមិនទៀងទាត់ និងមិនអាចទស្សន៍ទាយបាន។ ជីវិតមានតម្លៃណាស់ ហេតុនេះបើទោះជាអ្នកបានជួបនូវរឿងលំបាកៗច្រើនយ៉ាងណាក្ដី សូមរក្សាការគិតវិជ្ជមាននិងភាពរីករាយនៅក្នុងចិត្ត។ មហាសេដ្ឋីពិភពលោក លោក Andrew carnegie បានរកឃើញថា «ទីណាដែលមានសំណើចនៃភាពរីករាយតិច ទីនោះក៏មានភាពជោគជ័យរីកចម្រើនតិចដូចគ្នាដែរ (There is little success where there is little laughter)»។
(រូបភាព៖ Theqoute)
ជាការពិត បើកាលណាមនុស្សមានភាពរីករាយ ខួរក្បាលក៏ភ្លឺថ្លា គិតរឿងអ្វីក៏រហ័សរហួននិងធ្វើរឿងអ្វីភាគច្រើនតែងតែបានសម្រេចសមបំណង។ ប៉ុន្តែ តើធ្វើដូចម្ដេចទើបអាចឲ្យខ្លួនឯងរក្សាបាននៅភាពរីករាយគ្រប់កាលៈទេសៈបាន? លោកគ្រូ ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ និងជាអ្នកចងក្រងសៀវភៅ «ភាពជាអ្នកមានកំពូល» ធ្លាប់បានលើកឡើងថា កាលណាដែលយើងរក្សាបាននៅភាពរីករាយ ខួរក្បាលរបស់យើងក៏ស្រស់ថ្លា រាងកាយក៏មាំមួនមានថាមពល។
លោកបន្តថា បើកាលណាយើងកើតទុក្ខ សោកសៅ ឈឺចាប់ នោះមានន័យថាយើងកំពុងតែបំផ្លាញ និងសម្លាប់នូវកោសិកាខួរក្បាលខ្លួនឯងហើយ។ ភាពរីករាយគឺពាក់ព័ន្ធជាមួយនឹង ភាពស្មោះត្រង់ មនុស្សបើកាលណាគ្មានភាពស្មោះត្រង់គឺមិនមានភាពរីករាយនោះទេ ហើយអ្នកដែលមិនរីករាយគឺប្រហែលជាមកពីមនុស្សនោះមិនមានភាពស្មោះត្រង់។ ដូច្នេះ ដើម្បីផ្ដល់ភាពរីករាយដល់ខ្លួនឯង សូមរក្សាការគិតវិជ្ជមាន និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ក្នុងជីវិតជានិច្ច។
ភាពរីករាយគឺជាឱសថសម្រាប់ជីវិត ជាងនេះទៅទៀតភាពរីករាយគឺជាផ្លូវនាំមនុស្សទៅកាន់ភាពជោគជ័យ ផ្ដល់ភាពរីករាយដល់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍ក្នុងជីវិត៕
ដោយ៖ ជួប ស្រីរ័ត្ន