ការព្រួយបារម្ភចំនួន ៣ ដែលសហគ្រិនគ្រប់រូបយកចិត្តទុកដាក់នៅពេលនេះ
ក្រៅពីកិច្ចការជំនួញប្រចាំថ្ងៃរបស់អ្នក តើអ្នកបានយកចិត្តទុកដាក់បញ្ហាផ្សេងៗដែលកំពុងកើតមាននៅលើពិភពលោកដែរឬទេ? សហគ្រិនមួយចំនួនបានមើលរំលងបញ្ហាទាំងនេះ ប្រហែលដោយសារតែពួកគេគិតថា វានឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជំនួញរបស់ពួកគេនោះទេ។ ក៏ប៉ុន្តែបើអ្នកយល់ឃើញបែបនេះ គឺជារឿងខុសស្រឡះត្បិតអី មិនយូរមិនឆាប់ តិចឬច្រើន អាជីវកម្មរបស់អ្នកនឹងទទួលរងឥទ្ធិពលជាមិនខាន។ សូមកុំមើលស្រាលស្ថានការណ៍ទាំងនេះ។ ជាអ្នកជំនួញអ្នកត្រូវតែតាមដានដើម្បីរកគន្លឹះ និងមធ្យោបាយផ្សេងៗដែលធ្វើឲ្យជំនួញរបស់អ្នកមានស្ថេរភាព។
១.បញ្ហានយោបាយ
សូមកុំគិតថា អ្នកជាអ្នករកស៊ីមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយ។ គ្រប់សកម្មភាពរបស់អ្នក និងអាជីវកម្មរបស់អ្នកសុទ្ធតែមានទំនាក់ទំនងផ្ទាល់ និងប្រយោលពីចរន្តនយោបាយក្នុងស្រុក និងអន្តរជាតិ។ នៅពេលដែលស្ថានភាពនយោបាយមិនអំណោយផល អាជីវកម្មរបស់អ្នកនឹងប្រឈមមុខទៅនឹងហានិភ័យត្បិតអីបញ្ហាសេដ្ឋកិច្ចក៏កើតឡើងទន្ទឹមនឹងគ្នានេះដែលវាអាស្រ័យទៅនឹងចរន្តបញ្ហានយោបាយមានទំហំកម្រិតណា។
សង្គ្រាមពាណិជ្ជកម្មរវាងចិនអាមេរិក បញ្ហានៅតំបន់មជ្ឈឹមបូព៌ាជាដើម ជម្លោះនយោបាយក្នុងតំបន់ គឺអ្នកមិនអាចព្យាករណ៍បានទាំងស្រុងជាមុននោះឡើយ។ ការយកចិត្តទុកដាក់របស់អ្នកតាមដានវិភាគទៅនឹងស្ថានភាពសង្គម និងពិភពលោក នឹងធ្វើឲ្យអ្នកត្រៀមខ្លួនបានល្អដើម្បី ទប់ទល់ទៅនឹងផលប៉ះពាល់ពីស្ថានការណ៍នយោបាយទាំងនោះទៅលើអាជីវកម្មរបស់អ្នក។
២. បញ្ហាបម្រែបម្រួលអាកាសធាតុ
បញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលីដែលបានសម្លាប់សត្វរាប់ម៉ឺនក្បាល និងបំផ្លាញព្រៃឈើរាប់ម៉ឺនហិចតា ប្រហែលជាហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់អ្នកហើយមើលទៅនៅពេលនេះ។ នេះនៅមិនរាប់បញ្ចូលគ្រោះមហន្តរាយជាច្រើនទៀតដូចជា ការកើនឡើងកម្តៅផែនដី គ្រោះទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ជាដើម ដែលកំពុងយាយីពិភពលោកមិនចេះស្រាកស្រាន្ត។
តើនេះ មានន័យយ៉ាងដូចម្តេចចំពោះអាជីវកម្មរបស់អ្នក? នេះជាសារមួយដើម្បីក្រើនរំលឹកដល់អ្នកឲ្យមានការប្រុងប្រយ័ត្នទៅនឹងបញ្ហាបរិស្ថាន ជាពិសេសនៅពេលដែលអាជីវកម្មរបស់អ្នកមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការទាញយកពីធនធានធម្មជាតិ។ អ្នកត្រូវដឹងថា ចាប់ពីសតវត្សនេះតទៅ ការធ្វើអាជីវកម្មនៅជុំវិញពិភពលោក ទាំងការផលិតផលិតផល ឬសេវាកម្ម ត្រូវយកចិត្តទុកដាក់ដល់ការគិតគួរបញ្ហាផល់បះពាល់ដល់បរិស្ថានជាសំខាន់ផងដែរ។ ឧទាហរណ៍នៅពេលបច្ចុប្បន្នក្រុមហ៊ុនរថយន្តពិភពលោកកំពុងប្រកួតប្រជែងប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗដែលអាចរួមចំណែកការពារបរិស្ថាន មិនបញ្ចេញជាតិពុល និងប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
៣.ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងភាពបត់បែនតាមស្ថានការណ៍
នេះជាបញ្ហាមួយដែលអ្នកអាចរៀនអង្កេតមើលដោយខ្លួនឯងបាន។ នៅក្នុងបរិបទជំនួញ យុទ្ធសាស្រ្តទីផ្សាររបស់អ្នកកាលពី ១០ ឆ្នាំមុន គឺមិនដូចយុទ្ធសាស្រ្តទីផ្សារក្នុងឆ្នាំ ២០២០ នេះទេ។ អ្នកអាចត្រូវការប្រាក់ច្រើនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ ឬវិទ្យុ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អ្នកអាចផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពជាងមុនដោយចំណាយធនធានតិច និងកាត់បន្ថយពេលវេលាបានច្រើនជាងមុន ដោយគ្រាន់តែផ្សព្វផ្សាយតាមបណ្តាញសង្គមដូចជា Facebook។
នេះមានន័យថា ពិភពលោកប្រែប្រួលហើយ ហើយប្រែប្រួលយ៉ាងឆាប់រហ័សទៀតផង។ ប្រសិនបើអ្នកមិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ហើយមិនព្យាយាមបត់បែនឲ្យលឿនស្របតាមស្ថានការណ៍ចរន្តសាកលភាវូបនីយកម្មទេនោះ អាជីវកម្មរបស់អ្នកនឹងស្លាប់ជាមិនខាន។ ចំណេះដឹងបច្ចេកវិទ្យាសម្រាប់យកមកអនុវត្តនៅក្នុងអាជីវកម្ម គឺជាអ្វីដែលអ្នកចាំបាច់យកចិត្តទុកដាក់រៀនសូត្របំផុត៕
ប្រភព៖ Inc