សញ្ញាណ ៧ បញ្ជាក់ថា មនុស្សគ្រប់គ្នាកំពុងផ្តល់ភាពជឿជាក់ និងចង់ឲ្យអ្នកជោគជ័យ
ដើម្បីកំណត់បានថា នរណាម្នាក់ស្រលាញ់ ស្អប់ ជឿជាក់ និងរីករាយនឹងភាពជោគជ័យរបស់អ្នក ហាក់បីដូចជាមិនពិបាកយល់នោះទេ។ តាមរយៈសកម្មភាព ទង្វើ និងពាក្យសម្តីរបស់ពួកគេ ក៏អាចមើលដឹងថា អ្នកជាមនុស្សគួរឲ្យស្អប់ ឬគួរឲ្យស្រលាញ់របស់ពួកគេទៅហើយ។
នៅក្នុងអត្ថបទនេះ ថ្ងៃនេះអ្នកនឹងអាចមើលដឹងពីសញ្ញាណចំនួន ៧ ថា នរណាខ្លះកំពុងផ្តល់ភាពជឿជាក់ និងចង់ឲ្យអ្នកជោគជ័យ៖
១.អ្នកទាំងនោះរីករាយនឹងធ្វើការជាមួយអ្នក ហើយយកស្ទីលធ្វើការរបស់អ្នកជាជាងស្ទីលរបស់ពួកគេ
ជាទូទៅមនុស្សម្នាក់ៗមានរបៀបធ្វើការរៀងៗខ្លួនដោយសារតែពួកគេចង់បង្កើតសមិទ្ធិផលណាមួយជារបស់ខ្លួន។ ក៏ប៉ុន្តែមនុស្សដែលចូលចិត្តធ្វើការជាមួយអ្នក ហើយចម្លងស្ទីលការងារតាមអ្នក មានន័យថា ពួកគេផ្តល់ភាពជឿជាក់លើអ្នកហើយ។
២.ពួកគេពិភាក្សាលើប្រធានបទក្នុងនាមជាអាទិភាព ចំណាប់អារម្មណ៍ និងផលប្រយោជន៍របស់អ្នក
ពួកគេធ្វើឲ្យអ្នកក្លាយជាប្រធានបទចំណាប់អារម្មណ៍របស់ពួកគេ ព្រោះពួកគេមើលឃើញថា អ្នកជាអ្នកដើរតួសំខាន់ជំនួសពួកគេ។ ការឆ្លើយតបប្រកបដោយវិជ្ជាជីវៈ គឺផ្តល់គុណតម្លៃដូចគ្នានេះ និងបង្ហាញការប្តេជ្ញាចិត្តដូចគ្នាទៅកាន់ពួកគេវិញ។
៣.ពួកគេស្វែងរកមធ្យោបាយដើម្បីពង្រីកទំនាក់ទំនងជាមួយអ្នក
ពួកគេបានស្វែងរកផលប្រយោជន៍រួមបន្ថែមទៀត ហើយបានរាប់បញ្ចូលអ្នកចូលទៅក្នុងរឿងសំខាន់ៗជាច្រើនដែលពួកគេធ្វើទោះបីវាមិនមែនជាអ្វីដែលអ្នកអាចធ្វើបាននៅកម្រិតមួយស្មើនឹងពួកគេក៏ដោយ។ ពួកគេនឹងរកវិធីទាញយកជំនាញរបស់អ្នក។ ពួកគេនឹងផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងអាជីពរបស់ពួកគេ ដោយនាំអ្នកឲ្យចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។
៤.ពួកគេចូលរួមជាមួយអ្នកនៅក្នុងគម្រោងដ៏លំបាកទោះបីជាពួកគេមិនចង់ក៏ដោយ
ការដាក់គម្រោងលំបាកៗនៅលើតុ គឺអាចបញ្ជាក់បានថា នរណាខ្លះដែលស្មោះស្ម័គ្រនៅតែចូលរួមដំណើរជាមួយអ្នក។ ប្រសិនបើអ្នកយល់ឃើញថា អ្នកជាមនុស្សម្នាក់ដែលធ្វើឲ្យពួកគេនៅតែប្តេជ្ញាចិត្តចូលរួមដោយមិនស្ទាក់ស្ទើរ វាបញ្ជាក់បានថា អ្នកកំពុងដើរតួនាទីសំខាន់ផ្តល់ភាពជឿជាក់ឲ្យពួកគេ។
៥.ពេញចិត្តធ្វើការងាររបស់ពួកគេដើម្បីផ្គាប់ចិត្តរបស់អ្នក
ទោះបីជាពួកគេមានការងារដែលត្រូវធ្វើដើម្បីភាពចាំបាច់របស់ពួកគេហើយក៏ដោយ ប្រសិនបើពួកគេគិតថា ការខិតខំប្រឹងប្រែងទាំងនោះដើម្បីផ្គាប់ចិត្តរបស់អ្នក នោះជាសញ្ញាណល្អដែលការគោរព ភាពជឿជាក់ និងទំនុកចិត្តរបស់អ្នកគឺជារឿងអាទិភាពរបស់ពួកគេ។
៦.ពួកគេបង្ហាញអារម្មណ៍រំភើបចិត្តចំពោះសមិទ្ធិផលរបស់អ្នក
នេះអាចចាត់ទុកថា ជារឿងធម្មតាដោយសារពួកគេមើលឃើញថា ភាពជោគជ័យរបស់អ្នក គឺជាភាពជោគជ័យរបស់ពួកគេដែរ។ ទន្ទឹមនឹងនេះ វាក៏ទង្វើមួយដែលបង្ហាញក្តីស្រលាញ់ ការឲ្យតម្លៃ និងភាពជឿជាក់ប្រកបដោយភាពសប្បុរសរបស់ពួកគេមកលើអ្នកផងដែរ។
៧.ប្រាប់រឿងរ៉ាវសម្ងាត់ដល់អ្នកជាជាងទៅឲ្យអ្នកផ្សេងដឹង
នេះជាចំណុចសំខាន់ណាស់។ នៅពេលនរណាម្នាក់ ហ៊ាននិយាយការសម្ងាត់ឲ្យអ្នកដឹងទាំងមិនស្ទាក់ស្ទើរ នោះក៏ដោយសារតែពួកគេយល់ថា អ្នកជាមនុស្សសំខាន់ និងដ៏គួរឲ្យទុកចិត្តបំផុតដល់ពួកគេ៕
ប្រភព៖ Inc