ម្ចាស់អាជីវកម្ម Startup ថ្មីថ្មោងអស់កង្វល់ជាមួយកម្មវិធី iKnow iKnow ពីក្រុមហ៊ុន Cellcard
យើងបានដឹងហើយថា ក្រុមហ៊ុនសែលកាត បានដាក់ចេញកម្មវិធី app អប់រំមួយឈ្មោះថា iKnow iKnow ដើម្បីបង្កើនចំណេះដឹងដល់សិស្សានុសិស្សដែលកំពុងសិក្សាចាប់ពីកម្រិតនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិតាមរយៈការឆ្លើយសំណួរបង្កើនចំណេះ រួមទាំងទទួលបានរង្វាន់យ៉ាងច្រើនពីកម្មវិធី។
លោក ផុន ណាវុឌ្ឍ នាយករង ការិយាល័យ P&I របស់ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថាជាមួយនឹងកម្មវិធី iKnow iKnow នេះក្រុមហ៊ុនសែលកាតនឹងរៀបចំជាកម្មវិធីសំណួរចម្លើយថ្មីមួយសម្រាប់ម្ចាស់អាជីវកម្មថ្មី Startup ដើម្បីទទួលបានក្បួន និងរបៀបរបបមួយចំនួនពីការចាប់ដំណើរការអាជីវកម្ម ព្រោះក្នុងនាមជាក្រុមហ៊ុនរៀមច្បងប្រឡូកក្នុងជីវិតអាជីវកម្មយូរឆ្នាំ យើងដឹងពីរបៀបនៃការចាប់ផ្តើមអាជីវកម្មយ៉ាងណាទាំងអាជីវកម្ម online និង offline។
លោកមានប្រសាសន៍បន្តថា៖ «សម្រាប់កម្មវិធីសំណួរចម្លើយនេះនឹងរៀបចំឡើងជា tip ពិសេសៗដល់អ្នកដែលមានបំណងចង់បង្កើត Startup ឧទាហរណ៍ដូចជា អ្នកលក់អនឡាញគាត់គួរធ្វើអ្វីដើម្បីឲ្យលក់ដាច់ ឬអ្នកដែលចង់លក់អនឡាញដំបូងតើគាត់គួរធ្វើយ៉ាងណាខ្លះ មានការរៀបចំអ្វីខ្លះមុននឹងសម្រេចចិត្តលក់ ឬ ធ្វើយ៉ាងណាដើម្បីបង្កើតគណនេយ្យលក់អនឡាញជាដើម»។
លោកក៏បានបញ្ជាក់បន្ថែមទៀតដែរថា កម្មវិធីថ្មីទាក់ទងនឹងការអប់រំដែលនឹងដាក់ចេញសម្រាប់ iKnow iKnow នេះក៏នឹងមានជាការរៀបចំពិសេសសម្រាប់និសិ្សតសិក្សានៅសកលវិទ្យាល័យដើម្បីអាចបង្កើនចំណេះដឹងបន្ថែមតាមរយៈសំណួរចម្លើយនេះ។
លើសពីនេះសម្រាប់និសិ្សត iKnow iKnow ក៏នៅមានគម្រោងបង្កើតជា Chatroom មួយអាចឲ្យនិសិ្សតទាំងអស់ចូលទៅធ្វើការពិភាក្សាគ្នា (Cross University) ដែលពួកគាត់អាចប្រើវាដើម្បីចែករំលែកចំណេះដឹង និងធ្វើកិច្ចការសាលា ឬពិភាក្សាលើការងារស្រាវជ្រាវ ពោល chatroom នេះអាចឲ្យនិសិ្សតជជែកពិភាក្សាគ្នាជាមួយអ្នករៀនផ្សេងទៀតមកពីសាលាដទៃក្រៅពីសមាជិកក្នុងក្រុមនៅថ្នាក់រៀន ឬសាកលវិទ្យាល័យរបស់ខ្លួនរួមជាមួយអ្នកណែនាំម្នាក់ (mentor) តាមជំនាញនីមួយៗ ។
លោក ណាវុឌ្ឍ បញ្ជាក់បន្ថែមថា៖ «គម្រោងមួយនេះក៏នឹងគ្រោងដាក់ដំណើរការក្នុងឆ្នាំ ២០២០ នេះផងដែរ ដោយរងចាំឲ្យអ្វីៗដំណើរការបានរួចរាល់អស់យើងនឹងដាក់វាជាផ្លូវការហើយ តែនៅមិនទាន់ច្បាស់ថាតើគម្រោងសម្រាប់អាជីវកម្ម ឬគម្រោងសម្រាប់និសិ្សតមួយណាដាក់ដំណើរការមុនទេសំខាន់មួយណារួចរាល់មុនគឺចេញមួយនោះ»។
លោកណាវុឌ្ឍ ក៏បានលើកឡើងដែរថា៖ "សម្រាប់កម្មវិធី iKnow iKnow ដែលបង្កើតឡើងរយៈពេល ៣-៤ ឆ្នាំមកនេះគឺទទួលបានជោគជ័យក្នុងកម្រិតល្អមួយ ព្រោះវាបានជួយបង្កើតចំណេះដឹងបានច្រើនដល់សិស្សានុសិស្សព្រោះរាល់រាល់សំណួរចម្លើយដែលបានដាក់ចេញ សុទ្ធសឹងយកចេញពីក្រសួងអប់រំយុវជន និងកីឡាទាំងអស់។ ជាមួយនឹងលទ្ធផលល្អនៃកម្មវិធី iKnow iKnow ដែលបានដំណើរការប៉ុន្មានឆ្នាំមកនេះ គិតមកទល់ពេលនេះ iKnow iKnow App មានអ្នកទាញយកប្រើប្រាស់ (download) ជាង ៥០,០០០នាក់ហើយ ហើយអ្នកដែលសកម្មក្នុងការចូលលេងជាប្រចាំមានប្រមាណ ១០,០០០នាក់ក្នុងមួយថ្ងៃ។ ចំពោះ app មួយនេះដែរគឺអតិថិជនអាចចូលទៅទាញយកដោយសេរីនៅក្នុង Play Store ឬ App Store ហើយចូលរួមធ្វើការឆ្លើយសំណួរយករង្វាន់ពីកម្មវិធីដែលចំណាយក្នុងមួយថ្ងៃតែ ២០សេនតែប៉ុណ្ណោះ (មិនកំណត់ចំនួនចូលលេង ដឹងតែថាការលេងក្នុងមួយថ្ងៃត្រូវចំណាយអស់ ២០សេន)"។
គួរបញ្ជាក់ផងដែរថា កម្មវិធី iKnow iKnow សម្រាប់សិស្សានុសិស្សកម្រិតបឋមភូមិ និងទុតិយភូមិក៏បានដាក់ចេញជាកម្មវិធីលើកទឹកពិសេសមួយ អ្នកដែលឈ្នះពីការឆ្លើយសំណួរ ត្រូវតាមលក្ខខណ្ឌនឹងទទួលបានអាហារូបករណ៍រយៈពេលមួយឆ្នាំពីសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យបីគឺ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)៕
ដោយ៖ យ៉ាយ៉ា