ហេតុអ្វីអ្នកត្រូវជួលមនុស្សឆ្លាតជាងអ្នកមកធ្វើការ?
មហាសេដ្ឋីអង់គ្លេស លោក Richard Branson មហាសេដ្ឋីអាមេរិកលោក Bill Gates និងមហាសេដ្ឋី Mark Zuckerberg បុគ្គលទាំងអស់នេះសុទ្ធតែមានយុទ្ធសាស្ត្រ និងចិញ្ចឹមចិត្តក្នុងការស្វែងរកមនុស្សដែលឆ្លាតវៃមកធ្វើការ។ តើហេតុអ្វី? ពីព្រោះបុគ្គលទាំងនេះបានដឹងហើយថា ទោះបីជាខ្លួនជាអ្នកជំនួញលំដាប់ពិភពលោក ក៏ខ្លួននៅតែមិនអាចដឹងគ្រប់យ៉ាងដែរ។ ហេតុដូច្នេះ ទើបមហាសេដ្ឋីទាំងនេះជួលមនុស្សវ័យឆ្លាតជាងខ្លួនមកធ្វើការ ដើម្បីធ្វើឲ្យមុខជំនួញរបស់ពួកគេកាន់តែប្រសើរឡើង។
ត្រឡប់មកមើលទិដ្ឋភាពជាក់ស្តែងក្នុងអាជីវកម្មរបស់អ្នកវិញ អ្នកក៏គួរយកគំរូតាមឥស្សរជនទាំងអស់នេះដែរ ហើយអ្នកពិតជាអាចធ្វើបាន។ ប៉ុន្តែមុនដំបូងអ្វីដែលអ្នកត្រូវធ្វើគឺ៖
១.ពិនិត្យមើលពីភាពអាត្មានិយមរបស់អ្នក
មុនពេលអ្នកសម្រេចចិត្តជួលបុគ្គលណាម្នាក់ដែលមានជំនាញ សមត្ថភាព ឬឯកទេសពូកែជាងអ្នក អ្នកត្រូវពិនិត្យមើលខ្លួនអ្នកសិនថា តើអ្នកជាមនុស្សបើកចិត្តទូលាយ និងមានភាពអាត្មានិយមច្រើនឬអត់? វាជារឿងមួយងាយស្រួលក្នុងការធ្លាក់ចូលក្នុងអារម្មណ៍ដែលមានសម្ពាធនៅពេលអ្នកជាមនុស្សចិត្តចង្អៀតចង្អល់ ប្រសិនបើអ្នកបានមើលប្រវត្តិរូប (CV) នរណាម្នាក់មានគុណសម្បត្តិជាងអ្នក។
ប៉ុន្តែសូមចាំថា អ្នកនៅតែជាចៅហ្វាយរបស់ពួកគេ បើទោះបីជាពួកគេទាំងនោះពូកែ ឬខ្លាំងជាងអ្នកក៏ដោយ។ ដូច្នេះហើយនៅពេលអ្នកជួលពួកគេមកធ្វើការ អ្នកនឹងមានពេលសម្លឹងវែងឆ្ងាយ និងធំជាងនេះ ពោលគឺសម្លឹងមើលពីយុទ្ធសាស្ត្ររួមសម្រាប់ភាពរីកចម្រើនក្នុងមុខជំនួញរបស់អ្នក។ អ្នកត្រូវការបុគ្គលិកដែលមានទំនុកចិត្តសម្រាប់ដឹកនាំ ហើយអ្នកក៏ត្រូវការបុគ្គលិកដែលច្នៃប្រឌិតខ្ពស់ និងមានគំនិតល្អៗសម្រាប់ឱកាសអាជីវកម្មរបស់អ្នក។ នេះហើយជាមូលហេតុដែលអ្នកជួលមនុស្សដែលឆ្លាតជាងអ្នកមកធ្វើការ។
២.បុគ្គលិកដែលឆ្លាត និងមានទេពកោសល្យជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ
អ្នកមិនគួរវាស់ស្ទង់ភាពវៃឆ្លាតដោយការដាក់ពិន្ទុ IQ នោះឡើយ។ ផ្ទុយទៅវិញ វាគួរតែជាអ្វីដែលនិយាយអំពីបេក្ខជនដែលមានឆន្ទៈទទួលខុសត្រូវ និងធ្វើការសម្រេចចិត្តដែលនឹងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មរបស់វអ្នក។ អ្នកអាចជួលពួកគេដោយត្រឹមដឹងថា ពួកគេនឹងអាចបំពេញការងារទាំងនោះបានដែលអាចឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់ផ្តោតអារម្មណ៍ទៅលើចក្ខុវិស័យវែងឆ្ងាយសម្រាប់អាជីវកម្មរបស់អ្នក។
៣.បើអ្នកមិនជួលមនុស្សឆ្លាតជាងអ្នកមកធ្វើការទេ អ្នកផ្សេង ទៀតនឹងជួលពួកគេ
បេក្ខជនដែលមានគុណសម្បត្តិ និងសមត្ថភាពខ្លាំងពូកែ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ទីផ្សារការងារ។ ដូច្នេះប្រសិនបើអ្នកមើលរំលងពួកគេ ឱកាសរបស់អ្នកនឹងធ្លាក់ទៅលើគូប្រជែងរបស់អ្នក ហើយនៅទីបំផុតពួកគេនឹងអាចកសាងអាជីវកម្មមួយមកប្រកួតប្រជែងជាមួយអ្នក។ ប្រសិនបើអ្នកបបានរកឃើញបេក្ខជនដែលមានជំនាញពិសេសបែបណាមួយហើយនោះ សូមស្រវាចាប់យកពួកគេឲ្យបានលឿនបំផុតដើម្បីយកពួកគេមកអង្គុយធ្វើការជាមួយអ្នក។
៤.ស្វែងរកបុគ្គលិកឆ្លាតវៃជាងអ្នកសម្រាប់អាជីវកម្មរបស់អ្នក
នៅពេលពួកគេកាន់តែពួកគេ ជំនាញរបស់ពួកគេអាចបត់បែនបានទោះបីជានៅក្នុងវិស័យផ្សេងៗគ្នាក៏ដោយ ។ ដូច្នេះហើយទោះបីជាមាននរណាម្នាក់ធ្វើការក្នុងវិស័យណាមួយខុសពីអាជីវកម្មរបស់អ្នក ក៏ពួកគេអាចបន្ថែមគុណតម្លៃដល់មុខជំនួញរបស់អ្នកបានដែរ។ នៅពេលអ្នកកំពុងប្រឈមមុខជាមួយនឹងបេក្ខជនបែបនេះ សូមចាំថា អ្នកជួលពួកគេមកដើម្បីជួយឲ្យអ្នកសម្រេចបានជោគជ័យក្នុងអាជីវកម្មមួយដែលអ្នកចង់បាននៅពេលអនាគត មិនមែនអាជីវកម្មដែលមានស្រាប់នៅពេលនេះទេ៕
ដោយ៖ ណារិន
ប្រភព៖ peninsulagrouplimited