នេះជាប្រព័ន្ធនៃការវាស់ស្ទង់អាជីវកម្មគ្រប់ទ្រង់ទ្រាយ (Metrics) ដែលម្ចាស់អាជីវកម្មគួររៀនប្រើ​



ប្រសិនបើ អ្នកចាប់ផ្តើមអាជីវកម្ជជាលើកដំបូង អ្នកប្រហែលជាព្រួយបារម្ភជាមួយនឹងចំណូលនិងប្រាក់ចំណេញជាងអ្វីៗទាំងអស់។ ប៉ុន្តែនៅពេលអាជីវកម្មរបស់អ្នករីកចម្រើនទៅមុខ អ្នកត្រូវក្រឡេកមើលឱ្យបានស៊ីជម្រៅលើការអនុវត្តនិងរង្វាស់ហិរញ្ញវត្ថុដើម្បីជួយអ្នកឱ្យមើលឃើញពីហានិភ័យដែលអាចកើតមានមុនពេលវាកើតឡើងចំពោះអាជីវកម្មរបស់អ្នក។ ដូចនេះអាជីវករគ្រប់រូបគួរតែមានប្រព័ន្ធក្នុងការវាស់ស្ទង់ដំណើរការអាជីវកម្មរបស់ខ្លួននៅពេលដែលអាជីវកម្មរបស់អ្នកវិវត្តរីកលូតលាស់ទៅមុខ។ 

ខាងក្រោមនេះ គឺជាប្រព័ន្ធនៃការវាស់ស្ទង់ដំណើរការអាជីវកម្មគ្រប់ទ្រង់ទ្រាយដែលអ្នកគួរដឹង៖

១. Customer Acquisition Cost

ការចំណាយលើការរកអតិថិជនបន្ថែម (Customer Acquisition Cost) គឺជាការចំណាយលើការរកអតិថិជនបន្ថែម។ ការគណនីចំពោះការចំណាយនេះគឺអ្នកត្រូវជ្រើសរើសយកពេលវេលាជាក់លាក់មួយដើម្បីយកការចំនួនទឹកប្រាក់ដែលចំណាយលើការធ្វើទីផ្សារទាក់ទាញអតិថិជនមកចែកនឹងចំនួនអតិថិជនថ្មីដែលអ្នកទទួលបាន។ ត្រូវចាំថាបើសិនជាតួរលេខដែលទទួលបានមានទំហំតូចគឺនេះបញ្ជាក់ថាការធ្វើទីផ្សាររបស់អ្នកមានប្រសិទ្ធភាព។ ប៉ុន្តែបើផ្ទុយពីនោះវិញគឺមានន័យថាការធ្វើទីផ្សាររបស់អ្នកមិនសូវមានប្រសិទ្ធភាពដែលនេះបញ្ជាក់ថាអ្នកចំណាយលុយច្រើនលើការទាញអតិថិជន។ នេះជាហានិភ័យដែលអាចនឹងទាញអាជីវកម្មរបស់អ្នកឱ្យធ្លាក់ចូលអន្លុងអន្ទាក់ខាតបង់បាន។

២. Retention Rate 

Retention Rate (Churn Rate) គឺជាការគណនារកអត្រានៃចំនួនភាគរយដែលអ្នកបានរក្សាទុកអតិថិជនអ្នកមិនឱ្យរត់ទៅរកគូប្រកួតប្រជែងរបស់អ្នកនិងចំនួនភាគរយនៃអតិថិជនអ្នកដែលឈប់ក្លាយជាអតិថិជនរបស់អ្នក។ ការគណនានេះគឺអ្នកត្រូវយកចំនួនអតិថិជនថ្មីមកដកពីចំនួនអតិថិជនសរុបចុងឆ្នាំហើយយកតួរលេខនេះមកចែកឱ្យនឹងចំនួនអតិថិជនដើមកាលអ្នកផ្ដើមអាជីវកម្មរបស់អ្នករួចហើយយកមកគុណនឹង ១០០ ភាគរយដើម្បីរកភាគរយនេះ។ អ្វីដែលអ្នកគួរតែយកចិត្តទុកដាក់នោះគឺត្រូវព្យាយាមរក្សាតួរលេខភាគរយ Retention Rate នេះឱ្យបានខ្ពស់រាងរៀងបំណាច់ឆ្នាំព្រោះតួរលេខខ្ពស់បញ្ជាក់ថាអាជីវកម្មរបស់អ្នកមានដំណើរការល្អនិងលក់ដាច់ជាហូរហែរជាមួយនឹងមានកំណើនអតិថិជនថ្មីឬមានចំនួនអតិថិជនតិចដែលបានផ្លាស់ចិត្តទៅរកគូប្រកួតប្រជែងអ្នក។

អត្ថបទពាក់ព័ន្ធ៖

៣. Customer Lifetime Revenue 

Customer Lifetime Revenue គឺជាការគណនានៃរយះពេលជាមធ្យមដែលអ្នកបន្តមានអតិថិជនចាស់ជាច្រើនខែច្រើនឆ្នាំ។ ជាធម្មតា ការគណនានេះមិនមានភាពស្មុគស្មាញទេព្រោះអ្នកគ្រាន់តែសង្កេតមើលពីមធ្យមភាគថាអតិថិជនមួយចំនួនធំរបស់អ្នកនៅជាមួយអ្នកបានយូរប៉ុណ្ណា។ ការគណនាមួយនេះអាចឱ្យអ្នកស្វែងយល់ពីគុណតម្លៃនៃអាជីវកម្មរបស់អ្នកដែលបានផ្ដល់ឱ្យអតិថិជនរបស់អ្នកមានកម្រិតល្អឬខ្យោយ៉ាងណា។ បើសិនរយះពេលដែលអ្នកគណនាបានមានរយះពេលយូរគឺអ្នកអាចវិភាគបានថាមានអតិថិជនជាច្រើនពេញចិត្តនឹងសេវាកម្មឬផលិតផលរបស់អ្នក។ បើផ្ទុយពីនេះវិញនោះគឺអាចបង្ហាញថាអ្នកគួរស្វែងពីមូលហេតុដែលធ្វើឱ្យអតិថិជនចាកចេញពីអ្នកឆាប់ៗម៉្លេះ។ អ្នកអាចធ្វើការវាយតម្លៃគុណតម្លៃនៃសេវាកម្មឬផលិតផលរបស់អ្នកម្ដងទៀតឱ្យជាក់ច្បាស់ថាវាជាកំហុសខាងអ្នកឬក៍អតិថិជនរបស់អ្នកមានហេតុផលអ្វីផ្សេងដែលសម្រេចចិត្តចាកចេញពីអ្នក។

៤. Return on Advertising Spending

Return on Advertising Spending គឺជាការគណនារកផលដែលអ្នកទទួលបានក្នុងការចំណាយលើការធ្វើទីផ្សារឬពាណិជ្ជកម្ម។ ការគណនានេះក៍មានភាពសមញ្ញដែរ ប៉ុន្តែវាក៍សំខាន់ក្នុងការដឹងពីដំណើរការអាជីវកម្មរបស់អ្នកដែរ។ ក្នុងការគណនានេះអ្នកត្រូវយកចំណូលសរុបមកចែកឱ្យនឹងការចំណាយលើការផ្សព្វផ្សាយឬការធ្វើទីផ្សារ។ បើចំនួនតួរលេខដែលអ្នកទទួលបានខ្ពស់គឺនោះមានន័យថាការធ្វើទីផ្សាររបស់អ្នកពិតជាមានប្រសិទ្ធភាពខ្ពស់ដែលបានទាញចំណូលបានច្រើននិងគ្មានការខាតបង់ឡើយ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s