មេរៀនអាជីវកម្ម៖ កុំរៀនតែទ្រឹស្តីសហគ្រិនច្រើនពេក គួររៀនអនុវត្តឲ្យបានច្រើន!
មានការពន្យល់ដ៏សាមញ្ញមួយថា ហេតុអ្វីបានជាអាជីវកម្មខ្លះមើលឃើញសក្ដានុពលយ៉ាងឆាប់រហ័ស? មានហេតុផលដែលសហគ្រិនជោគជ័យជាច្រើនយល់ថា ការពន្យល់ បង្រៀនឬការបកស្រាយរបស់វាគ្មិនមួយចំនួនទៅកាន់មនុស្សគ្រប់គ្នាថា វាហាក់ដូចជាមិនអាចគួរឲ្យទុកចិត្តបាន ហើយវាជាហេតុផលដែលការពន្យល់របស់ពួកគេ វាគ្រាន់តែជាទ្រឹស្ដីដែលត្រូវបានស្តាប់ និងអាននៅក្នុងបណ្ដាញព័ត៌មានតែប៉ុណ្ណោះ។
នៅពេលបច្ចុប្បន្ននេះ អ្នកកំពុងរស់នៅក្នុងពិភពលោកមួយដែលព័ត៌មាន និងការទទួលបានព័ត៌មាន គឺអាចរកបានយ៉ាងងាយស្រួលបំផុត។ ប្រសិនបើអ្នកមានស្មាតហ្វូននៅក្នុងដៃ អ្នកអាចទាញយកវគ្គសិក្សាល្អៗជាច្រើនដែលនិយាយពីភាពជាសហគ្រិនជោគជ័យនៅលើបណ្ដាញអ៊ីនធឺណិត។ នេះពិតជាអស្ចារ្យណាស់ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់សហគ្រិននៅពេលសព្វថ្ងៃនេះដែរ។
ចុចអាន៖ មានមហិច្ឆតាធំ ជឿន ចននី ប្រើពេលជាច្រើនឆ្នាំបង្កើតក្រុមគំនិតច្នៃប្រឌិតយន្តហោះបញ្ជាខ្នាតធំនៅកម្ពុជា
អ្នកត្រូវទទួលស្គាល់ថា មានព័ត៌មានច្រើននៅក្នុងដៃគឺជារឿងក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ប៉ុន្តែព័ត៌មានច្រើនលើសលប់ពេក វានឹងធ្វើឲ្យអ្នកមិនដឹងថា អ្នកគួរធ្វើអ្វីឲ្យពិតប្រាកដ។ លើសពីនេះទៅទៀត ភាគច្រើននៃព័ត៌មានទាំងនោះ គឺដើរបញ្ច្រាសគ្នា ពិបាកជឿមួយណាទុកមួយណា ពីព្រោះអ្នកចែករំលែកព័ត៌មានទាំងនោះ កំពុងជំរុញនូវអ្វីដែលពួកគេយល់ឃើញ និងអ្វីដែលពួកគេកំពុងគិតទុកធ្វើជាមធ្យោបាយដ៏ល្អមួយធ្វើឲ្យមុខជំនួញ ឬជីវិតរបស់អ្នកជោគជ័យ។
អត្ថបទនេះ នឹងពន្យល់អ្នកថា តើការអនុវត្តគំនិតរបស់អ្នកឲ្យចេញជាផ្លែផ្កាវាសំខាន់យ៉ាងណាដែលធ្វើឲ្យអ្នកដទៃដើរតាមអ្នក និងហ៊ានធ្វើជំនួញជាមួយអ្នកជាងរៀនតែទ្រឹស្ដីសហគ្រិន?
ចុចអាន៖ ចង់ធ្វើជាចៅហ្វាយខ្លួនឯង អ្នកគួរឆ្លើយសំនួរ៦នេះជាមុនសិនទៅ!
១.តាមពិតអ្នកមានចំណេះដឹងដែលអ្នកត្រូវការរួចស្រេចទៅហើយ
ការពិតគឺថា នៅពេលមនុស្សម្នាក់ ឬមនុស្សមួយក្រុមបានត្រៀមខ្លួនបើកអាជីវកម្មមួយ ពួកគេភាគច្រើនបានដឹងច្រើនជាងអ្វីដែលពួកគេចេះទៅទៀត។ អ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ ប្រសិនបើអ្នកមិនបានដឹង ឬទទួលព័ត៌មានច្រើនគ្រប់គ្រាន់អ្នកនឹងអាចមិនធ្វើការសម្រេចចិត្តនោះចាប់យកអាជីវកម្មមួយនោះទេ។ អ្នករៀនសូត្រ ហើយអ្នកស្រាវជ្រាវ អ្នកក្លាយជាមនុស្សដែលទទួលបានចំណេះដឹងយ៉ាងច្រើនតាមរយៈព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិត។ អ្នកក៏មានចំណេះដឹង ហើយអ្នកផ្សេងទៀតក៏មានដូចអ្នកដែរ។
ចុចអាន៖ មេរៀនភាពជាសហគ្រិនចំនួន ៥ ដែលអ្នកអាចរៀនពីលោក Elon Musk
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកជោគជ័យខុសពីមនុស្សទាំងនោះគឺថា តើអ្នកចេះយកចំណេះដឹងនោះទៅអនុវត្តដែរឬទេ? ចំណេះដឹងរបស់អ្នកនឹងគ្មានប្រយោជន៍ ប្រសិនបើអ្នកមិនចេះយកវាទៅប្រើនៅលើទីផ្សារការងារ ហើយមិនយកវាទៅអនុវត្ត។ សូមចាំថា កត្តាដែលធ្វើឲ្យមានភាពជោគជ័យក្នុងអាជីវកម្មគឺថា តើអ្នកបានអនុវត្តវាបានលឿនប្រកបដោយគុណភាពប៉ុណ្ណា?
២.ចំណេះដឹងនឹងគ្មានប្រយោជន៍ ប្រសិនបើគ្មានអនុវត្ត
បរាជ័យ គឺជាឧបសគ្គ។ បរាជ័យធ្វើឲ្យអ្នកអស់សង្ឃឹម ខកចិត្ត និងដូចត្រូវបានគេវាយមួយដៃចំកណ្ដាលមុខ។ ប៉ុន្តែបរាជ័យ គឺជាសញ្ញាណមួយបង្ហាញថា ការអនុវត្តរបស់អ្នកនៅមានភាពខ្វះចន្លោះ។ ប្រសិនបើអ្នកគ្មានបទពិសោធន៍បរាជ័យទេ មានន័យថា អ្នកមិនទាន់បានធ្វើសកម្មភាពអ្វីមួយម្យ៉ាងដែលអ្នកត្រូវការដើម្បីសម្រេចបានភាពជោគជ័យនោះទេ។ អ្នកអាចមានសញ្ញាប័ត្រ និងរង្វាន់ជាច្រើននៅក្នុងដៃដែលបញ្ជាក់ពីកម្រិតសិក្សារបស់អ្នក ប៉ុន្តែអ្នកនឹងគ្មានផ្លូវជោគជ័យឡើយប្រសិនបើ អ្នកមិនបានប្រើចំណេះដឹងទាំងនោះឲ្យមានប្រយោជន៍ និងអនុវត្តវាទេនោះ។
ចុចអាន៖ ធីប ៨ ចំណុចសម្រាប់អ្នក ដើម្បីក្លាយជាអ្នកដឹកនាំ Startup ដ៏ត្រឹមត្រូវ
ចូរស្វែងរកទីផ្សាររបស់អ្នក អតិថិជន និងចំណុចតស៊ូដែលមានសារៈសំខាន់។ ការរៀបចំគម្រោង និងផែនការ អាចនាំអ្នកទៅរកភាពជោគជ័យ ប៉ុន្តែអ្នកនឹងមិនអាចស្គាល់រសជាតិវានោះទេ ប្រសិនបើអ្នកមិនសាកល្បងវាទេនោះ។ ការសាកល្បងគឺជាវិធីដ៏ត្រឹមត្រូវបំផុតមួយដើម្បីដឹងថា អ្វីខ្លះដំណើរការ និងអ្វីខ្លះមិនដំណើរការ។ សូមចាំថា អាជីវកម្មនីមួយៗមានគោលដៅខុសគ្នាៗ ដូច្នេះ ការប្រើវិធីដូចគ្នា វាមិនអាចទៅរួចនោះឡើយ។
៣.ភាពខុសគ្នារវាងមនុស្សពីរប្រភេទ គឺមនុស្សបានត្រឹមតែនិយាយ និងមនុស្សធ្វើ
នៅពេលអ្នកគិតពីសហគ្រិនដែលជោគជ័យបំផុតនៅលើពិភពលោក អ្នកនឹងបានដឹងនូវសកម្មភាពដែលបុគ្គលទាំងនោះបានធ្វើទោះបីជាពួកគេមានផលវិបាកខ្លាំងប៉ុណ្ណាក៏ដោយ។ មហាសេដ្ឋី Elon Musk អាចដើរចេញពីក្រុមហ៊ុន SpaceX នៅពេលគ្រាប់រ៉ុកកែតផ្ទុះ ហើយអ្វីៗមិនដំណើរការដូចការគ្រោងទុក។
Steve Jobs អាចរស់នៅក្នុងឆាកជីវិតតែលតោល នៅពេលលោកត្រូវបានបណ្តេញចេញពីក្រុមហ៊ុនលោកបង្កើតឡើង។ ផ្ទុយទៅវិញ លោកបានបន្តក្តីសុបិនរបស់លោក ហើយទីបំផុតលោកអាចវិលត្រឡប់ទៅក្រុមហ៊ុន Apple វិញបាន។ លោកបានជោគជ័យនៅក្រុមហ៊ុននេះរហូតដល់មរណភាព មិនមែនពីព្រោះតែដើម្បីចំណេះដឹងដែលលោកមានពីមុនមកនោះទេ ។ ក៏ប៉ុន្តែដើម្បីធ្វើអ្វីមួយដែលលោកចង់ធ្វើ។
ចុចអាន៖ យុវជនជំនាន់ក្រោយគួរអានអត្ថបទនេះ មុនផ្ញើខ្លួនលើដងវិថីជំនួញ!
មានមនុស្សជាច្រើននិយាយឥតឈប់ឈរអំពីគំនិតដ៏អស្ចារ្យទាំងអស់ដែលពួកគេនឹងធ្វើនៅទីបំផុត ហើយមានតែអ្នកឈប់និយាយ ហើយធ្វើវាប៉ុណ្ណោះដែលដឹងថា គំនិតអស្ចារ្យទាំងនោះ ពិតជាអស្ចារ្យដូចគេថា ឬអត់។ ការនិយាយតែមួយមុខ វាគ្មានតម្លៃទេ។ មានតែសកម្មភាពប៉ុណ្ណោះដែលឆ្លុះបញ្ចាំងពីតម្លៃនៃចំណេះដឹង និងគំនិតរបស់អ្នក។ សកម្មភាពជំរុញឲ្យមនុស្សជុំវិញអ្នកហ៊ានដើរតាមអ្នក និងហ៊ានធ្វើជំនួញជាមួយ អ្នក៕
ដោយ៖ ខេវិន
ប្រភព៖ Entrepreneur