យុវជន​​ជំនាន់​ក្រោយ​គួរ​​​អាន​អត្ថបទ​នេះ មុន​ផ្ញើ​ខ្លួន​លើ​ដង​វិថីជំនួញ!​



តើ​យុវជន​សព្វថ្ងៃ​នេះ​មាន​ភាព​ជា​សហគ្រិន​ច្រើន​ជាង​​ជំនាន់​មុន​មែន​ដែរ​ឬ​ទេ? នៅ​អង់គ្លេស​គេ​រក​ឃើញ​ថា យុវជន​​ក្មេងៗ​​ដែល​ចាប់​ផ្តើម​ធ្វើ​​អាជីវកម្ម​បាន​កើន​ឡើង​ទ្វេដង​នៅ​ក្នុង​រយៈពេល​​១៥​​ឆ្នាំ​​ចុងក្រោយ​​នេះ​។ ក្រុមហ៊ុន  ComRes ​បាន​ស្រាវជ្រាវ​ទៅ​លើ​យុវជន​​ ១.៥០០ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៤-២៥ ឆ្នាំ​​ដែល​ជា​​ផ្នែក​មួយ​ដើម្បី​​​ស្រាវជ្រាវ​ពី​ការ​យល់​ឃើញ​​​របស់​ពួកគេ​ក្នុង​​វិស័យ​អាជីវកម្ម។

១.យុវជន​មាន​សុទិដ្ឋិនិយម​លើ​ការ​ធ្វើ​ជំនួញ 
ជា​រួម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញ​ថា ​យុវជន​​ក្មេងៗ​មាន​​សុទិដ្ឋិនិយម​ចំពោះ​ការ​ធ្វើ​ជា​សហគ្រិន។ ប៉ុន្តែ​ត្រឹមតែ​ជាង​ពាក់កណ្ដាល (៥១%) ប៉ុណ្ណោះ​ក្នុង​ចំណោម​យុវជន​ទាំង​នេះ​កំពុង​ពិចារណា​ចាប់​ផ្តើម ឬ​បាន​ចាប់​ផ្តើម​អាជីវកម្ម​រួចហើយ។ មួយ​ភាគ​បី​ទៀត​ (៣៥%) និយាយ​ថា ពួកគេ​មិន​បាន​គិត​អំពី​វា​នោះ​ទេ ប៉ុន្តែ​បើកចំហ​ចំពោះ​គំនិត​ធ្វើ​ជំនួញ​នេះ ខណៈ​ដែល ១៥% ទៀត​និយាយ​ថា ពួកគេ​មិន​បាន​គិត​អំពី​វា​ទេ ហើយ​​ក៏​មិន​គិត​ថា ពួកគេ​នឹង​ចាប់​ផ្តើម​​បើក​អាជីវកម្ម​ដែរ​។ 

២.អាយុ និង​ការ​អប់រំ​មាន​ឥទ្ធិពល​ដល់​ការ​ធ្វើ​ជំនួញ​
ការ​ស្រាវជ្រាវ​​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​អាយុ​  និង​ការ​អប់រំ​​មាន​ឥទ្ធិពល​​លើ​ភាព​ជា​​សហគ្រិន​ដោយ​យុវជន​មាន​ឆន្ទៈ​ក្នុង​ការ​​​ចាប់​ផ្តើម​​អាជីវកម្ម​​មាន​ការ​កើន​ឡើង​ទៅ​តាម​អាយុ។ ​យុវជន​ដែល​​មាន​អាយុ​ពី​ចន្លោះ​ ១៤-១៧ ឆ្នាំ​មាន​ត្រឹមតែ​ ៣៣% ប៉ុណ្ណោះ​​គិត​ថា ​មាន​ចំណាប់អារម្មណ៍​ចង់​ចាប់​​ផ្តើម ឬ​​បាន​ចាប់​ផ្តើម​អាជីវកម្ម ខណៈ​ដែល​តួលេខ​នេះ​បាន​កើន​ឡើង​ដល់​ ៦០% នៅ​ពេល​ពួកគេ​ឈាន​ដល់​អាយុ​ចន្លោះ​ពី​  ២២-២៥ ឆ្នាំ​។ 

ការអប់រំ​នៅ​សាកលវិទ្យាល័យ​ គឺ​ជា​​ការ​ព្យាករណ៍​មួយ​ដ៏​សំខាន់​នៃ​​ចេតនា​ចង់​ធ្វើ​ជំនួញ​របស់​យុវជន​។ យុវជន​ទំនង​ជា​ពិចារណា​ចាប់​ផ្តើម ឬ​​បាន​ចាប់​ផ្តើម​បង្កើត​​ក្រុមហ៊ុន ប្រសិនបើ​ពួកគេ​​​បាន​ឆ្លងកាត់​ជីវិត​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​​បាន​ប្រហែល​ (៦៥%) ឬ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ (៦៣%) បើ​ប្រៀបធៀប​ទៅ​នឹង​​យុវជន​​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៨-២៥ ឆ្នាំ​ដែល​មិន​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ (៥៣%)។

៣.​គម្លាត​រវាង​បុរស​ និង​ស្ត្រី​ក្នុង​ការ​ធ្វើ ជំនួញ​នៅ​តែ​មាន​គម្លាត​ខុសគ្នា​
​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ដដែល​​​បាន​រក​ឃើញ​ពី​គម្លាត​យេនឌ័រ​នៅ​ក្នុង​​វិស័យ​អាជីវកម្ម​នេះ។  ​យុវជន​ជា​បុរស ​​ផ្ដួចផ្ដើម​ធ្វើ​​ជំនួញ​ច្រើន​ជាង​២ដង​​បើ​ប្រៀបធៀប​ទៅ​នឹង​យុវជន​ជា​នារី​  ហើយ​អាជីវកម្ម​ដែល​មាន​ស្ត្រី​​ជា​ស្ថាបនិក ​មាន​ការ​កើន​ឡើង​ត្រឹមតែ ៨% ប៉ុណ្ណោះ។ ទោះ​យ៉ាងណា ​ការ​ស្ទង់មតិ​ គំនិត​ពិចារណា​​ចង់​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​របស់​បុរស និង​ស្ត្រី គឺ​ស្ថិត​នៅ​ក្នុង​អត្រា​ប្រហាក់ប្រហែល​គ្នា​ (៤៥% ទល់​នឹង ៤១%)។

៤.មាន​កត្តា​ពីរ​ដែល​បង្ហាញ​ពី​គម្លាត​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​វិស័យ​អាជីវកម្ម
ដំបូង​នៅ​ពេល​គេ​ស្នើ​ឲ្យ​យុវជន​ទាំង​នោះ​​ប្រាប់​ឈ្មោះ​ពី​អ្នក​ជំនួញ​ល្បី​ឈ្មោះ​​ណាមួយ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ចង់​ធ្វើ​ជំនួញ​។ ​ជិត​ពាក់​កណ្តាល (៤៩%) នៃ​យុវជន​ក្មេងៗ​​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៤-២៥ ឆ្នាំ បាន​លើកឡើង​ពី​ឈ្មោះ​បុគ្គល​នោះ​ ខណៈ​ដែល​​នារី​វ័យក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​១៤-២៥​​មាន​ត្រឹមតែ​១ភាគី៣​ប៉ុណ្ណោះ​ឬ ​ស្មើ​នឹង​៣៥% នៃ​ស្ត្រី​ទាំង​នោះ​។  

ចំណែក​ការ​ដាក់​​ឈ្មោះ​ក្រុមហ៊ុន​វិញ យុវជន​​ស្ទើរតែ​ទាំងអស់ (៨៥%) ដាក់​ឈ្មោះ​ដោយ​ខ្លួនឯង ខណៈ​ដែល​​នារី​វ័យក្មេង​មាន​តែ ១៥% ប៉ុណ្ណោះ។ ​ក្នុង​ចំណោម​អ្នក​​ទាំង​នេះ​ អ្នក​ដែល​មាន​សមាជិក​គ្រួសារ ​សាច់ញាតិ ឬ​មិត្ត ភក្តិ​ដែល​ជា​ម្ចាស់​អាជីវកម្ម  យុវជន ៧៤% ទល់នឹង​នារី​វ័យក្មេង ៦៤% ទំនង​ជា​​ពិចារណា​ចាប់​ផ្ដើម​​ធ្វើ​អាជីវកម្ម ។ 

​​កត្តា​ទី២ នារី​វ័យក្មេង​​៧១% ទល់​នឹង​យុវជន ៦៣% បាន​លើក​ឡើង​ថា   ​ភាព​​ភ័យខ្លាច​ទៅ​នឹង​ការ​បរាជ័យ​គឺ​ជា​ឧបសគ្គ​​មួយ​ក្នុង​ការ​ចាប់​ផ្តើម​​ធ្វើ​អាជីវកម្ម។ នេះ​អាច​​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​​បញ្ហា​​កង្វះ​នរណា​ម្នាក់​មក​ធ្វើ​ជា​អ្នកដឹកនាំ និង​ជា​​គំរូ​របស់​ពួកគេ។ ​​ការ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​​ជា​គោលការណ៍ ​នឹង​មាន​ការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​នៅ​ពេល​ដែល​អ្នក ខ្វះ​​ការ​ណែនាំ​ពី​នរណា​ម្នាក់​ដូច​ជា គ្រូ​បណ្ដុះបណ្ដាល ឬ គ្រូ​បង្វឹក​​ដើម្បី​​មក​បង្ហាញ​ផ្លូវ​ដល់​អ្នក។ 

៥.ឧបសគ្គ​ក្នុង​ការ​​ចាប់​ផ្តើម​ធ្វើ​ជំនួញ​
បើ​ក្រឡេក​មើល​ឲ្យ​​វែង​ឆ្ងាយ​ជាង​នេះ​  ឧបសគ្គ​​ធំៗ​ទាំង​បី​ដែល​រនាំង​រារាំង​យុវជន​ពី​ការ​ចាប់​ផ្តើម​​ចេញ​រកស៊ី​នោះ​រួមមាន មាន​​៧០%​ មិន​ដឹង​ថា ត្រូវ​ចាប់​ផ្ដើម​​រក​ស៊ី​ពី​កន្លែងណា ៦៨% ខ្លាច​បរាជ័យ ​និង​ ៦៧% ​និយាយ​ថា ពួកគេ​អសមត្ថភាព​ក្នុង​ការ​រក​មនុស្ស​​ឲ្យ​ត្រូវ។  

៦.មូលហេតុ​​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​យុវជន​​ក្មេងៗ​ចង់​បង្កើត​មុខ​ជំនួញ​
​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ខាងលើ​​ក៏​បាន​ស្រាវជ្រាវ​ពី​អ្វី​ដែល​ជំរុញ​ឲ្យ​យុវជន​​​ចាប់​ផ្តើម​មុខ​ជំនួញ​ផង​ដែរ​។ ការ​ស្រាវជ្រាវ​នេះ​រក​ឃើញ​ថា ​យុវជន​ទាំងអស់​​​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​​ធ្វើ​ជំនួញ​ច្រើន​ជាង​​ដើម្បី​តែ​ប្រាក់​​​។ បំណង​ប្រាថ្នា​របស់​ពួក​គឺ ៨៦% ចង់​ធ្វើ​​ជា​ថៅកែ​ខ្លួនឯង និង​ ៨៤%  ​ចង់​មាន​សេរីភាព​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ដែល​ទាំងពីរ​នេះ​គឺ​ជា​ហេតុ​ផល​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​យុវជន​ក្មេងៗ​ទាំង​នេះ​ចង់​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ ឬ​កំពុង​ធ្វើ​ជំនួញ​នៅ​ក្នុង​ដៃ​។ ហេតុផល​សំខាន់​ទី៣​គឺ​ ៨៣%​ ដោយសារតែ​ពួកគេ​មាន​មហិច្ឆតា​ស្រលាញ់​​​​គំនិត​ចង់​បង្កើត​មុខ​ជំនួញ​របស់​ពួកគេ និង​ទី៤ មាន ៧៦% ចង់​ចូលរួម​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង៕

អត្ថបទ​ដែល​ទាក់ទង៖

ប្រែសម្រួល៖ ខេវិន
ប្រភព៖ elitebusinessmagazine

 

X
5s