Customer Engagement ជាយុទ្ធសាស្រ្តតែមួយគត់ដែលអាជីវកម្មពិសេស Startup ត្រូវធ្វើដើម្បីភាពរីកចម្រើនក្នុងសម័យ Covid-19 នេះ
រហូតមកទល់ពេលនេះ កូវីដ ១៩ នៅតែបន្តញាំញីសេដ្ឋកិច្ចអាជីវកម្មស្ទើរតែទាំងអស់នៅលើពិភពលោក ហើយអាជីវកម្មក៏មិនតិចដែរដែលបានបិទទ្វារ ប្រកាសក្ស័យធនដោយសារទ្រាំទ្រទៅនឹងភាពតានតឹងនេះមិនបាន។
មិនមែនជារឿងចៃដន្យទេចំពោះការដែលអាជីវកម្មមួយចំនួនអាចទ្រាំទ្រ និងបន្តដំណើរការអាជីវកម្មរបស់ខ្លួនឆ្លងកាត់ស្ថានភាពដ៏សែនលំបាកបែបនេះ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តមួយដែលអ្នកជំនាញ ក៏ដូចជាម្ចាស់អាជីវកម្មបានបង្ហើបពីគន្លឹះនៃភាពជោគជ័យរបស់ពួកគេនោះគឺ យុទ្ធសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន (Customer Engagement Strategy)។ យុទ្ធសាស្រ្តមួយនេះសំខាន់ព្រោះនៅពេលដែលអតិថិជនអាចភ្ជាប់ទំនាក់ទំនងជិតស្និតជាមួយអាជីវកម្មរបស់យើង គាត់ស្គាល់ច្បាស់ថាយើងជាអាជីវកម្មប្រភេទអ្វី យើងអាចជួយដោះស្រាយបញ្ហាអ្វីខ្លះជូនពួកគាត់បាន។ ជាមួយនឹងយុទ្ធសាស្រ្តមួយនេះ អាចជួយឲ្យម្ចាស់អាជីវកម្មសម្របខ្លួនទៅនឹងស្ថានការណ៍លំបាកនានា រួមជាមួយការផ្លាស់ប្តូរឥរិយាបថនៃអ្នកប្រើប្រាស់ ហើយអាជីវកម្មមានភាពបត់បែនខ្ពស់ដើម្បីទទួលបានផលចំណេញ។
ការរក្សាទំនាក់ទំនង និងភាពជិតស្និតជាមួយអតិថិជនអាចធ្វើឡើងបានយ៉ាងល្អប្រសើរតាមរយៈការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ព្រោះសម័យនៃបច្ចេកវិទ្យារួមជាមួយការរស់នៅក្នុងសម័យនៃការទន្ទា្រនពីវីរុសឆ្លងកូវីដ ១៩ បច្ចេកវិទ្យា និងបណ្ដាញសង្គមបានដើរតួនាទីយ៉ាងសំខាន់ជួយរក្សាលំនឹងអាជីវកម្មលោកអ្នក ក៏ដូចជាការធ្វើឲ្យជីវិតអាជីវកម្មអាចបន្តបាន។ យុទ្ធសាស្រ្តមួយនេះគឺប្រើក្នុងគោលបំណងទាក់ទាញឲ្យអតិថិជនមានការចាប់អារម្មណ៍លើផលិតផល ឬសេវាកម្មរបស់យើងតាមរយៈភាពសកម្មនៅលើបណ្ដាញសង្គម បង្ហាញពីការគិតគូរដល់ការដោះស្រាយជូនអតិថិជន។ ឧទាហរណ៍ក្នុងពេលបិទតំបន់ (Lockdown) ការចាកចេញពីផ្ទះត្រូវបានហាមឃាត់លើកលែងតែករណីចាំបាច់បំផុត ដូច្នេះអាជីវកម្មមួយចំនួនបានគិតពីបញ្ហានេះ និងព្យាយាមដោះសា្រយវាសម្រាប់តម្រូវការនៃអ្នកប្រើប្រាស់ ដូចជាការដឹកជញ្ជូនរាល់ការបញ្ជាទិញ បង្កលក្ខណៈងាយស្រួលលើការទូទាត់ អាចផ្តល់សេវាប្រឹក្សាយោបល់តាមប្រព័ន្ធអនឡាញជាដើម។
ម្ចាស់អាជីវកម្មគប្បីប្រើរូបមន្តខាងក្រោមនោះដើម្បីទាក់ទាញ និងរក្សាទំនាក់ទំនងដ៏ល្អជាមួយអតិថិជន៖
រូបមន្តនេះជាការផ្តល់ជូនអតិថិជននូវអ្វីដែលជាតម្រូវការរបស់អតិថិជន ការបំពេញចិត្តអ្នកប្រើប្រាស់ យល់ដឹងពីការផ្លាស់ឥរិយាបថរបស់អតិថិជន។ បន្ទាប់ពីអតិថិជនទទួលបានការផ្តល់ជូននូវសេវាកម្មដ៏ល្អ និងគួរឲ្យពេញចិត្តរួមមក ពួកគេនឹងបន្តការគាំទ្រផលិតផល ឬសេវាកម្មរបស់អាជីវកម្ម។ បន្ទាប់ពីទទួលបានចំណុចពីរខាងមុខ វាជាពេលដែលម្ចាស់អាជីវកម្មត្រូវរក្សាអតិថិជនក្នុងដៃឲ្យបានល្អ ហើយវាក៏ជាពេល និងយុទ្ធសាស្រ្តដែលជួយឲ្យអាជីវកម្មលោកអ្នកបន្តដំណើរបានយ៉ាងរលូនផងដែរ។
ដើម្បីរក្សាបានអតិថិជន អាជីវកម្មមួយចាំបាច់ត្រូវធ្វើការឆ្លើយតបជាមួយអតិថិជនឲ្យបានជាប់លាប់ និងព្យាយាមស្វែងយល់ពីតម្រូវការអតិថិជនឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ការចូលរួមរបស់អតិថិជនក្នុងដំណើរការអាជីវកម្ម វាជាកត្តាចាំបាច់បំផុតដែលអ្នកជាម្ចាស់អាជីវកម្មត្រូវការ និងមិនអាចខ្វះបាន ព្រោះអតិថិជនជាអ្នកកំណត់ភាពជោគជ័យ និងបរាជ័យរបស់អាជីវកម្ម៕
ដោយ៖ យ៉ាយ៉ា