មេរៀន​៣ ដែល​ភរិយា​លោក Obama ផ្កាំ​ផ្ញើ​ទៅកាន់​និស្សិត​បញ្ចប់​មហាវិទ្យាល័យ​



នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារតែ​ការ​វាយលុយ​ពី​ជំងឺ​កូវីដ ១៩ ភរិយា​លោក​អូប៉ាមា គឺ​លោកស្រី Michelle Obama ​បាន​លើកឡើង​នូវ​សារ​ចំនួន ៣ ​សម្រាប់​ផ្តាំ​ផ្ញើ​និស្សិត​​ដែល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។ សារ​របស់​លោកស្រី​ដែល​ធ្វើ​ឡើង​តាម​រយៈ​ខ្សែវីដេអូ​  បាន​បង្កប់​នូវ​ការ​លើកទឹកចិត្ត​ដ៏​សំខាន់​សម្រាប់​និស្សិត​គ្រប់រូប​ដើម្បី​យក​ឈ្នះ​ស្ថានភាព​ដ៏​តឹងតែង​នេះ។ ​

១.ឆាក​ជីវិត​​មនុស្ស​ម្នាក់ៗ វា​មិន​ទៀងទាត់​ទេ
មាន​ពេល​ខ្លះ​​អ្នក​មាន​អារម្មណ៍​​ថា ជីវិត​របស់​អ្នក​​​​ប្រែ​ជា​​ធ្លាក់​ចុះ​ដល់​បាត ហើយ​​អ្នក​នឹង​សង្ឃឹម​ថា វា​អាច​វិលត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ហើយ​នេះ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ជួប​នៅ​ក្នុង​ជីវិត​របស់​អ្នក។ នៅ​ក្នុង​​ទិដ្ឋភាព​​បែប​នេះ លោកស្រី Michelle Obama បាន​ជំរុញ​ឲ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​ប្រើ​ស្ថានភាព​នេះ​ទៅ​ជា​ឱកាស​មួយ​​មិន​ត្រឹមតែ​ដើម្បី​ផ្ដោត​ទៅ​លើ​ការ​កសាង​អាជីព​ការងារ​មួយ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្ដោត​ផង​ដែរ​ថា តើ​ពួកគេ​​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា? 

“អ្នក​មាន​ឱកាស​ដើម្បី​រៀន​សូត្រ​មេរៀន​ដ៏​មាន​តម្លៃ​ជា​ច្រើន​បាន​លឿន​ជាង​អ្នក​ជំនាន់​មុន។ ​អ្នក​អាច​រៀន​សូត្រ​​ពី​វា​ជា​មួយ​មនុស្ស​វ័យក្មេង​ឯទៀត​​ដែល​ចង់​កែប្រែ​ពិភពលោក​ទាំងមូល ទោះបី​ជា​ស្ថានភាព​ទាំង​នោះ​វា​​មាន​ភាព​ច្របូកច្របល់​យ៉ាងណា​ក៏ដោយ” ។ លោកស្រី Michelle Obama បញ្ជាក់។

២.ឲ្យ​តម្លៃ និង​គោរព​សិទ្ធិ​​អ្នកដទៃ
ភាព​ស្មោះត្រង់  សុចរិត​ភាព  ការ​យល់ចិត្ត​ថ្លើម​គ្នា និង​ការ​អាណិតអាសូរ​គឺ​ជា​គុណសម្បត្តិ​​ដ៏​ពិសេស​ដើម្បី​​​បង្ហាញ​ការ​ឲ្យ​តម្លៃ និង​ការ​គោរព​សិទ្ធិ​របស់​អ្នកដទៃ​នៅ​ពេល​ជួប​គ្រា​លំបាក។

លោកស្រី Michelle  បាន​លើកឡើង​ដូច្នេះ​ថា៖“ ការ​គោរព​ឲ្យ​តម្លៃ​អ្នកដទៃ មិន​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ឡើយ។ អ្នក​មិន​គួរ​និយាយ​ថា មនុស្ស​ដែល​បរាជ័យ​មិន​គួរ​​ត្រូវ​បាន​គោរព​ឲ្យ​តម្លៃ​នោះ​ឡើយ។ អ្នក​ត្រូវ​គិត​ថា នេះ​គឺ​ជា​ផ្លូវ​ជីវិត​​ដ៏​លំបាក​មួយ​ដែល​កើត​ចេញ​ពី​ជម្រើស​របស់​ពួកគេ​​។ មនុស្ស​ដែល​និយាយ​កុហក បន្ទោស​អ្នកដទៃ និង​មិន​ខ្វល់ខ្វាយ​ពី​សិទ្ធិ និង​ប្រយោជន៍​របស់​អ្នកដទៃ មានន័យ​ថា ពួកគេ​​​កំពុង​មើល​រំលង​កិច្ចការ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​”

​អតីត​ប្រធានាធិបតី​ទី ៤៤ រូប​នេះ​បាន​បន្ត​ទៀត​ថា មនុស្ស​​ម្នាក់ៗ​ត្រូវ​សម្រេចចិត្ត​ប្រើ​​សិទ្ធិ​ និង​​សំឡេង​របស់​ខ្លួន​​ដើម្បី​ធ្វើ​ការងារ​ដែល​​ចាំបាច់​ក្នុង​ជីវិត​​ ហើយ​បន្សល់​​ទុក​នូវ​​ស្នាដៃ​មួយ​​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ពី​មុន​មក។ ​

៣.ចែក​សារ​សំឡេង​របស់​អ្នក​ទៅ​កាន់​ពិភពលោក
ទោះបី​ជា​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា មើល​មិន​ឃើញ ហើយ​ត្រូវ​បាន​គេ​មើល​រំលង​នៅ​ពេល​នេះ​ក៏ដោយ ​ពួកគេ​គួរតែ​ចែករំលែក​នូវ​សារ​សំឡេង​របស់​ពួកគេ​ទៅ​កាន់​ពិភពលោក​​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។ គ្មាន​អ្វី​​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ​ប្រសិន​បើ​មនុស្ស​ម្នាក់ៗ មិន​បាន​បង្កើត​ប្រវត្តិសាស្ត្រ គំនិត និង​បទពិសោធន៍​របស់​ខ្លួន។ ​ 

“វា​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​ដើម្បី​និយាយ​ប្រឆាំង​​ទៅ​នឹង​ភាព​ឃោរឃៅ​  ភាព​មិន​ស្មោះត្រង់ អំពើ​អាក្រក់ និង​ទង្វើ​គ្មាន​សីលធម៌​ផ្សេងៗ​ទៀត។ វា​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​ដើម្បី​ពួតដៃគ្នា​​ជា​ធ្លុង​មួយ​ប្រកបដោយ​​ដោយ​សន្តិភាព សេចក្ដី​ថ្លៃថ្នូរ និង​ការ​គោរព​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទាមទារ​រក​​ភាព​យុត្តិធម៌” ។ លោកស្រី Michelle Obama បញ្ជាក់បន្ថែម។ 

លោកស្រី  Michelle  ក្រើនរំលឹក​ថា ដើម្បី​សម្រេច​បាន​ការងារ​ទាំង​នេះ អ្នក​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​គម្រោង និង​មធ្យោបាយ​​ជា​ច្រើន​ដើម្បី​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ការ​ផ្លាស់ប្ដូរ​នោះ​ចាប់​ផ្តើម​ចេញ​ពី​ផ្ទះ​របស់​មនុស្ស​ម្នាក់ៗ។ នេះ​ជា​របៀប​ដែល​អ្នក​​ត្រូវ​បំពេញ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​​ដោយ​ក្តី​សង្ឃឹម និង​ដោយ​បើកចំហ​ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ៕

អត្ថបទទាក់ទង៖
ដំបូន្មានអប់រំមួយរបស់លោក Obama ទៅកាន់កូនស្រីទាំងពីរ​

ដោយ៖ ខេវិន
ប្រភព៖ Weforum

X
5s