បណ្តាញធុរកិច្ចជាន់ខ្ពស់ CEO PREMIUM GROUP បានដាក់ដំណើរជាផ្លូវការហើយ​



(ភ្នំពេញ)៖ សហគ្រិនឆ្នើមក្នុងស្រុក៤រូប បានដាក់អោយដំណើរការជាផ្លូវការ បណ្តាញធុរកិច្ចជាន់ខ្ពស់ CEO Premium ដើម្បីជួយដល់សហគ្រិនដទៃទៀត ជាពិសេសសហគ្រិន ដែលទើបចាប់ផ្ដើមអាជីវកម្មឱ្យចូលមកក្នុងបណ្តាញធុរកិច្ចនេះ CEO Premium ដើម្បីរួមគ្នាដោះស្រាយបញ្ហានានានៃអាជីវកម្មរបស់ខ្លួន។

ថ្លែងនៅក្នុងពិធីជួបជុំសហគ្រិនថ្មីៗមួយចំនួន កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី ពេជ្រ ស្រីមុំ អគ្គនាយិកានៃ CEO Premium បានថ្លែងថា ការងារអ្វីក៏ដោយបើធ្វើ ម្នាក់ឯងវាមិនងាយជោគជ័យនោះទេ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារជាក្រុម ជាពិសេសសហគ្រិនទើបបង្កើតអាជីវកម្មដំបូង ដែលមិនទាន់មានបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម។

លោក Bun Park នាយកប្រតិបត្តិក្រុមហ៊ុនខេម៉ាហ៊្សូន (Camazoon) ដែលជាសហស្ថាបនិកនិងជាអគ្គរាជទូតសុច្ឆនៈ CEO PREMIUM GROUP បានលើកឡើងថា បណ្តាញធុរកិច្ចជាន់ខ្ពស់នេះ បង្កើតឡើងក្នុងគោលបំណងគៀងគរអ្នកដែលមានអាជីវកម្មហើយ តែចង់ពង្រីកបណ្តាញរបស់ខ្លួនអោយកាន់តែធំ និងមានសក្តានុពលជាងមុន ជាងនេះទៅទៀតសមាជិកក៏នឹងអាចទទួលបានការជួយជ្រោមជ្រែងពីសមាជិកផ្សេងទៀតដូចជាធនធាន និងប្រាក់វិនិយោគជាដើម។ លោកបន្ថែមថា សមាជិកត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនផងដែរដូចជា ទំហំអាជីវកម្ម បណ្តាញធុរកិច្ច និងទំនាក់ទំនង។

លោក សូ តារារ័ត្ន សមាជិកនៃ CEO Premium និងជាអគ្គនាយករងនៃក្រុមហ៊ុន សូ ងួន គ្រុប បានឱ្យដឹងផងដែរថា កត្តាដែលជំរុញឱ្យលោកចូលរួមក្នុង CEO Premium នេះព្រោះមើលថាវានឹងផ្ដល់ប្រយោជន៍ដល់សហគ្រិនក្មេងៗជំនាន់ក្រោយៗ ដែលនឹងអាចជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេ មានការរីកលូតលាស់ទៅមុខថែមទៀត។

នៅពេលចាប់ផ្ដើមចូលជាសមាជិករបស់ CEO Premium នេះ លោកបានដាក់ផែនការមួយចំនួនរួចហើយដើម្បីអនុវត្តន៍ ហើយនៅក្នុងផែនការទាំងនោះនឹងអាចជួយ សមាជិកថ្មីៗដែលនឹងចូលរួមជាមួយពួកលោក ព្រមទាំងអាចជួយគ្នាទៅវិញទៅមក ព្រោះថាមនុស្សច្រើនគំនិតច្រើន ហើយបន្ទាប់មកទៀតនឹងអាចបង្កើតជាអាជីវកម្ម ជាមួយគ្នាទៀតផងនៅពេលខាងមុខនេះ។

លោកស្រី អគ្គនាយិកា CEO Premium បានបញ្ជាក់ដែរថា ស្ថិតនៅក្នុងសេដ្ឋកិច្ចកំពុងមានបញ្ហានេះ វាជាឱកាសមួយសម្រាប់អ្នកជំនួញ ក្នុងការចាប់យកជំនួញថ្មីៗ អាចទទួលបានផលចំណេញច្រើន ជាក់ស្ដែងនៅពេលប្រជាជនភ័យខ្លាចពីកូវីដ១៩ ហើយមិនសូវមានអ្នកចេញក្រៅផ្ទះនោះទេ ដូច្នេះ វេទិការលក់អនឡាញ សេវាដឹកជញ្ជូនជូនអតិថិជនជាដើម គឺជាអាជីវកម្មមួយដែលត្រូវប៉ាន់ និងអាចរកចំណូលបានច្រើនសម្រាប់ម្ចាស់អាជីវកម្ម ដែលជំរុញឱ្យសហគ្រិនចាប់ផ្ដើមអាជីវកម្មមួយនេះ៕

X
5s