លម៉ើមានអត្ថប្រយោជន៍ច្រើន ទីផ្សារក៏ល្អ តើអ្នកបានដឹងអ្វីខ្លះពីដំណាំនេះ?​



លម៉ើជាប្រភេទដំណាំហូបផ្លែវ័យចំណាស់បំផុតមួយ។ តើមានប្រវត្តិយ៉ាងណា? ហើយប្រទេសណាផលិតច្រើនជាងគេនាពេលបច្ចុប្បន្ន?

នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំលម៉ើ ចាប់ផ្ដើមមានប្រជាប្រិយភាពនៅកម្ពុជា ខណៈអ្នកជំនាញលើកឡើងថា វាជាប្រភេទដំណាំមានគុណប្រយោជន៍ច្រើនដល់សុខភាព។ 

ដំណាំប្រភេទនេះ មានប្រវត្តិយូរលង់ណាស់មកហើយ ក្នុងប្រវត្តិសាស្ត្រសកលលោក។ មែនទែនទៅ បើយោងតាមការវិភាគផូសីល ឱ្យដឹងថា លម៉ើ មានកំណើតនៅលើផែនដីប្រហែល ៥០លានឆ្នាំមកហើយ។ លម៉ើ មិនមែនជាផ្លែឈើតាមរដូវកាលនោះទេ ប៉ុន្តែជាអាហារដ៏ចាំបាច់បំផុតសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា និងប្រជាជននៅតាមតំបន់ទន្លេអ៊ីនឌុស (ហូរកាត់ចិន ឥណ្ឌា និងប៉ាគីស្ថាន) រាប់ពាន់ឆ្នាំមកហើយ។

បើតាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញ សន្និដ្ឋានថា លម៉ើមនដើមកំណើត នៅតំបន់ចន្លោះ Mesopotamia និងប្រទេសអេហ្សីប ឬគេហៅម្យ៉ាងទៀតថា តំបន់ Fertile Crescent (តំបន់បុរាណមានរាងដូចព្រះចន្ទ បច្ចុប្បន្នស្ថិតនៅប្រទេស អ៊ីរ៉ាក់ អ៊ីស្រាអែល លីបង់ ប៉ាឡេស្ទីន អេហ្សីប ហ្សកដានី ភាគខាងលិចឆៀងខាងត្បូងទួរគី និងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់)។ មានភស្តុតាងជាច្រើន ដែលបង្ហាញពីការប្រមូលផលដំណាំលម៉ើ នៅតំបន់អារ៉ាប់ កាលពីស.វ ទី ៦ មុនគ.ស។ 

ងាកមកទីផ្សារប្រទេសកម្ពុជាវិញ យើងមិនដឹងថា ដំណាំលម៉ើ ត្រូវបាននាំមកដាំនៅកម្ពុជាឱ្យប្រាកដនៅឆ្នាំណានោះទេ ប៉ុន្តែយើងបានឃើញការចុះផ្សាយនៅលើសារព័ត៌មានអំពី ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនខ្មែរ ថៃ និងអ៊ីស្រាអែល លក្ខណៈជាប្រវត្តិសាស្ត្រ កាលពីឆ្នាំ២០១៦ នោះគឺរវាងក្រុមហ៊ុន Thailand Daily Green Co., Ltd, ក្រុមហ៊ុន Israel A.T.C Supply (1993) Co., Ltd និងក្រុមហ៊ុនកម្ពុជាមួយ។ 

មកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ដំណាំប្រភេទនេះ ចាប់ផ្ដើមមានការពេញនិយម និងមានទីផ្សារបណ្ដើរៗ ហើយត្រូវបានដាំដុះនៅតាមតំបន់មួយចំនួនតួយ៉ាងដូចជានៅភូមិ ក្រាំងស្គាខាងត្បូង ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែដាំដុះ និងបានហុចផលបានបណ្តើរៗហើយដែរ ខណៈអ្នកជំនាញបានបង្ហើបថា ដំណាំនេះមានទីផ្សារខ្ពស់មិនថានៅកម្ពុជា ឬសម្រាប់ទីផ្សារនាំចេញនោះទេ។ 

បច្ចុប្បន្ននេះ ប្រទេសដែលផលិតផលិតផលលម៉ើបានច្រើនជាងគេគឺប្រទេសអេស៊ីប ដែលឈានមុខគេលេខមួយក្នុងពិភពលោកដែលមានចំនួនជាង ១,៥ លានតោន ក្នុងឆ្នាំ ២០១៨។ ក្រៅពីនេះ ប្រទេសអារ៉ាប៊ីសាអូឌីត ជាប់លេខ២ មានចំនួនជាង ១,៣ លានតោន។

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលផលិត លម៉ើបានច្រើនជាងគេ យោងតាមទិន្នន័យរបស់ Statista ក្នុងឆ្នាំ ២០១៨៖

១) ប្រទេសអេហ្សីប ផលិតបាន ១ ៥៦២ ០០០,១៧ តោន

២) ប្រទេសអារ៉ាប៊ីសាអូឌីត ផលិតបាន ១ ៣០២ ០០០,៨៦ តោន

៣) ប្រទេសអ៊ីរ៉ង់ ផលិតបាន ១ ២០៤ ០០០,១៦ តោន

៤) ប្រទេសអាល់ហ្សេរី ផលិតបាន ១ ០៩៤ ០០០,៧ តោន

៥) ប្រទេសអ៊ីរ៉ាក់ ផលិតបាន ៦១៤ ០០០,៦៨ តោន

៦) ប្រទេសប៉ាគីស្ថាន ផលិតបាន ៤៧១ ០០០,៦៧ តោន

៧) ប្រទេសស៊ូដង់ ផលិតបាន ៤៤០ ០០០,៨៧ តោន

៨) ប្រទេសអូម៉ង់ ផលិតបាន ៣៦៨ ០០០,៨១ តោន

៩) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ផលិតបាន ៣៤៥ ០០០,១២ តោន

១០) ប្រទេសទុយនីស៊ី ផលិតបាន ២៤១ ០០០,៣៣ តោន។

ឥណ្ឌាជាប្រទេសនាំចូលផ្លែលម្មើច្រើនជាងគេក្នុងពិភពលោក។ ក្នុងឆ្នាំ ២០១៦ ប្រទេសអាស៊ីនេះនាំចូលសរុបជាទឹកប្រាក់ ២១១ លានដុល្លារ ខណៈប្រទេសអេមីរ៉ាតអារ៉ាប់រួមជាប់ចំណាត់ថ្នាក់លេខ២ នាំចូលលម្មើក្នុងទំហំទឹកប្រាក់ ១១៩ លានដុល្លារអាមេរិក៕

សហការណ៍​ដោយ៖ We Strong Realty

Powered by: BizKhmer Media

Supported by: BizKhmer

X
5s