លោក ហេង ឆវ័ន្ត ស្ថាបនិក៖ B Seven Architectural ផ្តល់កិត្តិយស បណ្ដុះបណ្ដាលបុគ្គលិកក្រុមហ៊ុន BizKhmer Digital Media & HH Land Development​



នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ លោក ហេង ឆវ័ន្ត ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន B Seven Architectural បានផ្ដល់កិត្តយសបណ្ដុះបណ្ដាលអំពីប្រធានបទ «បុគ្គលិកឆ្នើម» ដល់បុគ្គលិកក្រុមហ៊ុន BizKhmer Digital Media និងក្រុមហ៊ុន HH Land Development ដោយយោងតាមបទពិសោធន៍ក្នុងពិភពការងារ និងជំនួញជាង ១៧ឆ្នាំរបស់លោក។

កម្មវិធីនេះ រៀបចំឡើងនៅការិយាល័យក្រុមហ៊ុន HH Land Development ដែលមានទីតាំងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី និងប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង ប្រកបដោយបរិយាកាសរីករាយ ភាពស្និតស្នាល និងលទ្ធផលជាទីគាប់ចិត្ត។

កម្មវិធីបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងស្នូលធនធានមនុស្សរបស់ក្រុមហ៊ុនទាំងពីរឲ្យក្លាយជាបុគ្គលិកឆ្នើម ជាកម្លាំងដ៏មុតស្រួច  ដើម្បីវឌ្ឍនភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុនរយៈពេលវែង។  

លោក ហេង ឆវ័ន្ត បានលើកឡើងថា៖ « បុគ្គលិកឆ្នើមជាម្នាក់ដែលជំនួសដៃជើងថៅកែ ឬថ្នាក់ដឹកនាំ ហើយបង្កើតលទ្ធផលល្អសម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនចង់បាននិងត្រូវការបុគ្គលិកដែលមានចរឹតនិងឥរិយាបថជា «ថៅកែ»»។

លោកបានបន្តទៀតថា៖ «គន្លឹះសំខាន់បំផុតក្នុងការក្លាយជាបុគ្គលិកឆ្នើម គឺផ្តើមចេញពីការគិតវិជ្ជមាន អង់អាចខ្លាហាន ប្រកាន់ខ្ជប់វិន័យមុឹងមាត់ ការប្តេជ្ញាចិត្តខ្ពស់ មិនចេះខ្ជិល គ្មានលេស និងចេះចាប់យកឱកាសក្នុងការអភិវឌ្ឍខ្លួន។ ជាមួយគ្នានេះផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួនទៅរកភាពរីកចម្រើនបាន លុះត្រាបុគ្គលិក ឬបុគ្គលម្នាក់ៗមានចេតនាក្នុងការផ្លាស់ប្តូរខ្លួនឯង ជម្រុះចោលនូវទម្លាប់អាក្រក់ទាំងឡាយណាដែលបង្កបង្អាក់ ឬប៉ះពាល់ដល់ផលិតភាពការងាររបស់ខ្លួន ជំនួសមកវិញនូវការដុះខាត់ សម្រួចសមត្ថភាព សម្លឹងមើលពីឱកាសចាប់ភាពរីកចម្រើន»។

 

ក្នុងឱកាសនោះ លោក យ៉ន សុភារិទ្ធ ស្ថាបនិកនិងជានាយកក្រុមហ៊ុន BizKhmer Digital Media ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហេង ឆវ័ន្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងកម្មវិធីបណ្ដុះបណ្ដាលបុគ្គលិកប្រកបដោយផ្លែផ្កាមួយនេះ។ 

លោក សុភារិទ្ធ មានប្រសាសន៍បន្ថែមថា៖ «ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាចំណុចសំខាន់ធំបំផុតមួយរបស់ក្រុមហ៊ុន BizKhmer Digital Media ដើម្បីពង្រឹង និងបង្កើតធនធានមនុស្សដ៏រឹងមាំ ទាំងក្នុងអង្គភាពនិងទំនាក់ទំនងក្រៅអង្គភាពសម្រាប់បេសកកម្មឆ្នាំ២០២១នេះ។

លោកបន្តថា ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស គឺជាយុទ្ធសាស្ត្រស្នូល និងជាផែនការផ្តល់សេវាកម្មយ៉ាងល្អប្រសើរទៅកាន់អតិថិជនរបស់ BizKhmer Media ទាំងអស់គ្នាក្នុងនាមជាអាជីវកម្មបង្កើតថ្មី (Startup) ក្នុងវិស័យបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយតាមឌីជីថល។ នេះជាការបណ្ដុះបណ្ដាលខាងក្រៅ (External Train) លើកទីមួយក្នុងឆ្នាំ ២០២១ តែក៏នៅមានកម្មវិធីបណ្ដុះបណ្ដាលជាច្រើនផ្សេងបន្តបន្ទាប់ទៀតដែលអាចធានាបានថា បុគ្គលិករបស់ក្រុមហ៊ុន BizKhmer Digital Media ពិតជាធនធានដែលពោរពេញដោយសមត្ថភាព ផ្តល់ជូន និងឆ្លើយតបនូវអ្វីដែលជាតម្រូវការអតិថិជន។

លោក ហ៊ុំ ហាក់ ស្ថាបនិកក្រុមហ៊ុន HH Land Development ក៏បានបញ្ជាក់ផងដែរ អំពីការគាំទ្រលើការផ្ដល់ការិយាល័យសម្រាប់រៀបចំកម្មវិធីបណ្ដុះបណ្ដាល ក៏ដូចជាអត្ថប្រយោជន៍បុគ្គលិករបស់ក្រុមហ៊ុនលោកលើវិថីនៃវិស័យអចលនទ្រព្យ។ លោកបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះនៅដើមឆ្នាំនេះ ហើយនឹងមានច្រើនបន្ថែមទៀតដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនរបស់លោក និងដៃគូសំខាន់ក្នុងនោះមានក្រុមហ៊ុន BizKhmer Digital Media និងក្រុមហ៊ុន B Seven Architectural។ 

តាងនាមឱ្យបុគ្គលិកក្រុមហ៊ុន BizKhmer Digital Media កញ្ញា យ៉ាយ៉ា កាន់ផ្នែកសរសេរអត្ថបទ បានមានមតិលើកម្មវិធីបណ្ដុះបណ្ដាលនេះថា វាពិតជាកម្មវិធីបណ្ដុះបណ្ដាលមួយដ៏ល្អក្នុងការអភិវឌ្ឍសមត្ថភាពរបស់ក្រុមការងារ ព្រោះគ្រូបណ្ដុះបណ្ដាលជាអ្នកដែលមានជំនាញ បទពិសោធន៍ និងអាចដាស់ការគិតរបស់គាត់ឱ្យមានការផ្តោតទៅលើការធ្វើផែនការ ពង្រឹងសកម្មភាព និងបង្កើតនូវប្រសិទ្ធភាព និងប្រសិទ្ធផលដល់ក្រុមហ៊ុន។ 

កញ្ញាបន្តថា ៖« យើងពេញចិត្តនឹងវគ្គបណ្ដុះបណ្ដាលមួយនេះ ហើយក៏ចង់ឲ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតទាំងផ្នែកទន់ (Soft Skill) និងជំនាញបច្ចេកទេសសម្រាប់ក្រុមនីមួយៗក្នុងក្រុមហ៊ុន ដើម្បីឲ្យពួកយើងមានសមត្ថភាព និងចំណេះដឹងកាន់តែខ្លាំងក្នុងការបំពេញការងារ ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុនយើងទាំងមូលផងដែរ»។

គួរបញ្ជាក់ផងដែរថា លោក ហេង ឆវ័ន្ត ជាគ្រូបណ្ដុះបណ្ដាល និងជាអ្នកជំនាញមានបទពិសោធន៍ជាង ១៧ឆ្នាំ លើផ្នែកធនធានមនុស្ស៕

 

X
5s