សែលកាតសហការជាមួយអង្គការ Caring for Cambodia ធ្វើយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោក ដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប​



សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។

 

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។

លោក អ៊ុង សាវី អគ្គនាយកនៃសាលានិងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានមានប្រសាសន៍ថា ជម្ងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ដែលសិស្សរបស់ពួកគេកំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ។

 

លោក សាវី បានមានប្រសាសន៍បន្តថា៖ “យើងមិនអាចរង់ចាំទាល់តែជម្ងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សាទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថាពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ”។

 

“ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា”។

 

“ពេលនេះគឺជាពេលវេលាដ៏សក្តិសមបំផុតក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណដើម្បីឱ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម”។

 

CFC គឺជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅប្រាក់ចំណេញនិងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន 21 នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន 7000នាក់។

 

យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 28 ឧសភា។

 

ថវិការដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូននូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។

 

កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជម្រុញឱ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងតាមអនឡាញ។

 

“នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ”។

 

“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប។

 

ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាងដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

 

យើងសូមអបអរសាទដល់អង្គការ CFC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរដល់សិល្បករសិល្បការនីល្បីៗទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។

 

បុគ្គលល្បីៗដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះរួមមាន អត្តពលិកអាជីពជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី ហើយលោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួមនៅក្នុងការប្រណាំងប្រជែងដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាដែលត្រូវការចាំបាច់ដើម្បីជួយគាំទ្រដល់កុមារទុគ៌តផងដែរ។

 

កញ្ញា សុវណ្ណារី បានថ្លែងឱ្យដឹងថា៖ “រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាមសម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ”។

“កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ”។

 

យុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល 28 ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។

 

ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ 180 ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយមចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។

 

រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។

 

លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy 

 

អំពីអង្គការ Caring for Cambodia

អង្គការ Caring for Cambodia (CFC) ផ្តល់ការអប់រំដល់កុមារកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់ប្រទេសកម្ពុជានាថ្ងៃអនាគត។ ទស្សនៈវិស័យរបស់អង្គការ CFC គឺមានតែការអប់រំប៉ុណ្ណោះ ដែលជួយឱ្យការផ្លាស់ប្តូរពិតប្រាកដ អាចកើតឡើងបាន។ តាមរយៈការផ្តល់នូវវិធីសាស្រ្តពហុជំនាញ CFC បានដកចេញនូវរបាំង និងផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សចំនួន 7000 នាក់ជារៀងរាល់ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំនួន 21 ដោយមានចាប់ពីសាលាមត្តេយ្យដល់ថ្នាក់ទី 12 នៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ទស្សនៈវិស័យនេះ អាចសម្រេចទៅបាន តាមរយៈកម្មវិធីប្រកបដោយភាពច្នៃប្រឌិតចំនួន 10 រួមមាន ការអប់រំសុខភាព ICT/STEM និងសមភាពយេនឌ័រ ដែលផ្តល់ជូនទៅកាន់សិស្សានុសិស្សទាំងអស់ដោយឥតគិតថ្លៃ។ អង្គការ CFC ប្តេជ្ញាអនុវត្តន៍តាមការដឹកនាំកម្ពុជា ដើម្បីធានាថាបេសកកម្មរបស់ខ្លួន នឹងអាចដំណើរការទៅប្រកបដោយនិរន្តរភាព។

 

អំពីសែលកាត

សែលកាត គឺជាក្រុមហ៊ុនដែលបម្រើសេវាកម្មយូរជាងគេបំផុត និងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តក្នុងស្រុកតែមួយគត់គ្រប់គ្រងដោយជនជាតិខ្មែរ 100% នៅក្នុងប្រទេសកម្ពុជា។ សែលកាត ក៏ជាបណ្តាញទូរស័ព្ទចល័តដែលទទួលបាននូវពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា ពោលគឺទទួលបានពានរង្វាន់ឧស្សាហកម្មជាង 30 សម្រាប់ឧត្តមភាពនៃបណ្តាញ។ សែលកាត គឺជាក្រុមហ៊ុនជាមោទនភាពរបស់ជាតិខ្មែរ ដែលតែងប្តេជ្ញាក្នុងការជួយលើកកម្ពស់យុវជនមានទេពកោសល្យ ក៏ដូចជាជួយលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន នៃការបម្រើវិស័យឌីជីថលជូនដល់ពលរដ្ឋគ្រប់រូបក្នុងពេលអនាគត៕

 

X
5s