មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ពិភាក្សាភាគទី៣៖ “មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន”​



សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានបន្តកិច្ចពិភាក្សាភាគទី៣នៃកម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ក្រោមប្រធានបទ៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ពីម៉ោង១:៣០រសៀល ដល់ម៉ោង៤:៣០ល្ងាច តាមប្រព័ន្ធហ្សូម ដោយមានអ្នកចូលរួមចំនួន៧៥នាក់ និងអ្នកទស្សនាចំនួន២៦៤នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម។ 

 

កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេង នៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធ ដូចខាងក្រោម៖

 

១. ឧកញ៉ា សុខ ពិសិដ្ឋ Advisory Council of YEAC and Co-Founder & CEO GGear Group Cambodia

២. ឧកញ៉ា ប៉ិច បូឡែន CEO of Westline Education Group and President of Federation of Education Services in Cambodia and Executive Vice President of YEAC 

៣. លោកជំទាវ គង់ សូរីតា Chairwoman, Bluebird International School

៤. អ្នកស្រី ទេព កូឡាប Rector of Phnom Penh International University 

៥. លោកបណ្ឌិត ឃឹម លាង Director Cambodia-Japan Cooperation Center

៦. កញ្ញា ថូង ធីតា BOD of YEAC and Managing Director of THAUNG Enterprise

ឆ្លៀតឱកាសនៃកិច្ចពិភាក្សានោះ ក៏នឹងមានពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (តំណាងដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគម)  និងសហព័ន្ធសេវាអប់រំនៅកម្ពុជា (តំណាងដោយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធ)។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការអបរំ និងផ្សព្វផ្សាយអំពីតម្លៃ និងនិយមន័យសហគ្រិនភាពដល់ស្រទាប់សិស្សានុសិស្ស នៅតាមកម្រិតមធ្យមសិក្សា  ក៏ដូចជាកម្មវិធីបណ្តុះ បណ្តាលធនធានមនុស្សផ្នែកធុរកិច្ចដល់យុវជនកម្ពុជាជាដើម។

ការរីករាលដាលជាសាកលរបស់កូវីដ-១៩ បានជះឥទ្ធិពលលើវិស័យអប់រំ និងសុខុមាលភាពគ្រួសារ រយៈពេលវែង។ តាមការស្ទង់មតិនៃភ្នាក់ងារអភិវឌ្ឍនានា បានបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលគ្រួសារចន្លោះពី ៣០ ទៅ៦០% កំឡុងត្រីមាសទី២ និងទី៣ ឆ្នាំ២០២០ ដែលបណ្តាលមកពីការកាត់បន្ថយប្រាក់ឈ្នួល និងការធ្លាក់ចុះនៃចំណូលរបស់សហគ្រាសខ្នាតមីក្រូជាដើម។ សាលារៀន និងសាកលវិទ្យាល័យបានផ្អាកដំណើរការចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីបន្ថយការឆ្លងមេរោគកូវីដ-១៩។ 

បណ្តាក្រុមហ៊ុន និងមូលនិធិ បានឆ្លើយតបដោយប្រើប្រាស់មធ្យោបាយផ្តោតលើប្រព័ន្ធសិក្សាពីចម្ងាយ ប្រព័ន្ធសិក្សាតាមបច្ចេកវិទ្យាទូរសព្ទចល័ត មេរៀនអនឡាញ ការផ្សាយផ្ទាល់ និងឧបករណ៍នានាដែលអាចអោយគ្រូបង្រៀនបង្កើតខ្លឹមសារបាន។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាគច្រើនឥតគិតថ្លៃទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាផ្នែកនៃយុទ្ធសាស្ត្រ។ ក៏ប៉ុន្តែទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំនេះ វាក៏មានក្តីបារម្មណ៍ពីការលូកដៃចូលរបស់ផលិតផលពាណិជ្ជកម្មក្នុងវិស័យអប់រំសាធារណៈតាមបណ្តាប្រទេសមួយចំនួនដោយគ្មានការត្រួតពិនិត្យគុណភាព និងនីតិវិធីលទ្ធកម្មសាធារណៈ។ 

ស្របនឹងដំណោះស្រាយដ៏មានលក្ខណៈនវានុវត្ត និងឆ្លើយតបខាងលើនេះ តថភាពជាក់ស្តែងគឺថាសាលា និងតំបន់ខ្លះ មានទីតាំងអំណោយផលខុសៗគ្នា ក្នុងការទទួលយកសារៈប្រយោជន៍នៃធនធាន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទីផ្សារវិស័យអប់រំបែបបច្ចេកវិទ្យា។ ការផ្តោតលើប្រព័ន្ធអប់រំពីចម្ងាយនេះ អាចជាកត្តាជម្រុញលើវិសមភាពនៃការអប់រំដែលមានស្រាប់ ដោយអាស្រ័យតាមបរិបទអភិវឌ្ឍ គម្លាតភូមិសាស្ត្រសហគមន៍ទៅនឹងការទទួលបានបច្ចេកវិទ្យា និងសេវាអ៊ីនធឺណេតមានកំណត់។ ដើម្បីរក្សាគុណភាពអប់រំកម្ពុជា និងធនធានមនុស្សក្នុងវិស័យធុរកិច្ចនៅថ្ងៃអនាគត វាតម្រូវអោយមានការពិភាក្សាលើវិធីសាស្ត្រដែលអាចអោយវិស័យអប់រំឯកជន ឆ្លងផុតពីវិបត្តិកូវីដ-១៩ និងកសាងមគ្គុទេសក៏ទៅរកវឌ្ឍនៈភាព។   

ជំងឺរាតត្បាត កូវីដ-១៩ បានវិវត្តយ៉ាងឆាប់រហ័សពីវិបត្តិសង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុ។ ជាស្វ័យប្រវត្ត តម្រូវការនៃការបរិភោគ និងសេវាកម្មជុំវិញវិស័យនានាដូចជាការកំសាន្ត បដិសណ្ឋារកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូន កិច្ចប្រជុំ និងសន្និសីទ ត្រូវបានស្រុតចុះ។ ក្រុមហ៊ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់អន្តរជាតិ ដូចជា រថយន្ត អគ្គីសនី កសិពាណិជ្ជកម្ម រោងចក្រកាត់ដេរ ជួបប្រទះនឹងភាពរអាក់រអួលនៃដំណើរប្រតិបត្តិការរបស់ ខ្លួន។ ដោយឡែកវិស័យហិរញ្ញវត្ថុ និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ រងនូវវិបត្តិសាច់ប្រាក់ និងព្យាករណ៍ពីកំណើននៃកម្ចីអសកម្ម។ ក្រុមហ៊ុននៅក្នុងវិស័យផលិតកម្ម និងសំណង់បានធ្លាក់ចុះ និងជួបប្រទះប្រតិបត្តិការដែលថមថយ។ បច្ចុប្បន្នសេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងបរិបទនៃការកាត់បន្ថយការងារ និងការប៉ះប៉ូវតបស្នងឡើងវិញ។     

ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs ) ជារឿយៗរងផលប៉ះពាល់ ជាងក្រុមហ៊ុនធំៗពី វិបត្តិកូវីដ-១៩ នេះ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ពួកគេ។ MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះ មានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។

កម្មវិធី "មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖

កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន

កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន

កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ

កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ

កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន

កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម

កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល

កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច

កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

X
5s